Accessibility links

Breaking News

បទ​វិចារណកថា៖ កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅក្នុង​ការ​លាក់​បាំង​សច្ចភាព​ពី​ពលរដ្ឋ


រូប​ឯកសារ៖ លោក Dmitry Muratov (ខាង​មុខ) សហស្ថាបនិក​នៃ​កាសែត Novaya Gazeta និង​លោក Alexei Venediktov (រូប​ខាងក្រោយ) និពន្ធនាយក​នៃ​វិទ្យុ Ekho Moskvy។
រូប​ឯកសារ៖ លោក Dmitry Muratov (ខាង​មុខ) សហស្ថាបនិក​នៃ​កាសែត Novaya Gazeta និង​លោក Alexei Venediktov (រូប​ខាងក្រោយ) និពន្ធនាយក​នៃ​វិទ្យុ Ekho Moskvy។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ឧបករណ៍​ឃោសនា​របស់​រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​រារាំង​ប្រជាពលរដ្ឋ​រុស្ស៊ី​មិន​ឱ្យ​យល់​ដឹង​អំពី​ស្ថានភាព​ពិត​និង​ទំហំ​នៃ​ការ​ឈ្លានពាន​ដែល​ខ្វះ​ការ​ពិចារណា​និង​គ្មាន​ហេតុផល​ត្រឹមត្រូវ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin លើ​ប្រទេស​អ៊ុយក្រែន។

នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​និង​ប៉ុន្មាន​សប្ដាហ៍​មុន​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កើតឡើង ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី បណ្ដាញ​សង្គម​អនឡាញ និង​ទីភ្នាក់ងារ​ព័ត៌មាន​នានា​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី បាន​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ប្រឌិត​ហួសហេតុ​ជ្រុល ផ្សព្វផ្សាយ​ការ​អះអាង​មិន​ពិត​ក្នុង​គោល​បំណង​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​រុស្ស៊ី​ថា កងកម្លាំង​យោធា​របស់​រុស្ស៊ី​ចាំបាច់​ត្រូវ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ដើម្បី​ធ្វើ​ឱ្យ​អ៊ុយក្រែន «គ្មាន​កង​កម្លាំង​យោធា​និង​មិន​រង​ឥទ្ធិពល​ណាហ្ស៊ី» ដែល​នេះ​គឺជា​ការ​កុហក​ដោយ​ឥត​អៀនខ្មាស់។

ចាប់​តាំងពី​ការ​ចាប់ផ្ដើម​ដំបូង​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក រដ្ឋាភិបាល​រុស្ស៊ី​បាន​បង្វែរ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ទៅរក​ការ​រារាំង​ពលរដ្ឋ​រុស្ស៊ី​មិន​ឱ្យ​យល់​ដឹង​អំពី​អ្វី​ដែល​កំពុង​កើតឡើង​ពិត​ប្រាកដ​នៅក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ហាមឃាត់​ការ​ប្រើប្រាស់​ពាក្យ «សង្គ្រាម» នៅក្នុង​បរិបទ​នេះ​ផងដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ថា៖ «រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ប្រឡូក​នៅក្នុង​ការ​បំពាន​ពេញ​ទំហឹង​លើ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សច្ចភាព។ កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅក្នុង​ការ​ធ្វើ​ឱ្យ​យល់​ខុស​និង​បំបិទ​ចោល​នូវ​សច្ចភាព​នៃ​ការ​ឈ្លានពាន​ដ៏​ឃោរឃៅ​របស់​ខ្លួន​លើ​អ៊ុយក្រែន​គឺ​កាន់តែ​ខ្លាំងឡើង»។

កាលពី​ថ្ងៃ​ទី ១ ខែ​មីនា អគ្គ​រដ្ឋអាជ្ញា​របស់​ប្រទេស​រុស្ស៊ី​បាន​បញ្ជា​ទីភ្នាក់ងារ RosKomNadzor ដែល​ជា​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​ឱ្យ​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍​នានា ឱ្យ​ដាក់​កំហិត​លើ​លទ្ធភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បំផុត​ផ្សេងៗ​ដូចជា​វិទ្យុ Ekho Moskvy និង​ទូរទស្សន៍ Dozhd ជាដើម និង​បិទ​វេបសាយ​ក៏​ដូចជា​បង្អាក់​លទ្ធភាព​របស់​ស្ថាប័ន​ទាំងនេះ​នៅក្នុង​ការ​ផ្សព្វផ្សាយ។

ចាប់​តាំងពី​ពេល​នោះ​មក ព្រឹទ្ធសភា​របស់​ប្រទេស​រុស្ស៊ី​បាន​អនុម័ត​ច្បាប់​មួយ ដែល​នឹង​ដាក់​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ១៥ ឆ្នាំ សម្រាប់​ការ​ចែកចាយ​ព័ត៌មាន «មិន​ពិត» អំពី​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី។

លោក Price បាន​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​រុស្ស៊ី​ក៏​កំពុង​បង្អាក់​ផងដែរ​ដល់​បណ្ដាញ​ទំនាក់ទំនង Twitter, Facebook និង Instagram ដែល​ពលរដ្ឋ​រុស្ស៊ី​រាប់​សិប​លាន​នាក់​កំពុង​ប្រើ​ដើម្បី​ទទួល​បាន​ព័ត៌មាន​និង​ការ​បញ្ចេញ​មតិ​ឯករាជ្យ​នានា និង​ដើម្បី​ទាក់ទង​គ្នា​ទៅវិញ​ទៅមក​និង​ទាក់ទង​ទៅ​បរទេស»។

លោក Price បាន​បន្ត​ថា នេះ​គឺជា​វិធី​មួយ​ទៀត​ដែល​រដ្ឋាភិបាល​រុស្ស៊ី៖ «ដាក់​កំហិត​លើ​ទីតាំង​និង​មធ្យោបាយ​ដែល​ពលរដ្ឋ​រុស្ស៊ី​អាច​មើល​ឃើញ​និង​ចែកចាយ​ភស្តុតាង​នៃ​សច្ចភាព​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន»។

លោក Price បាន​លើកឡើង​ទៀត​ថា៖ «ប្រជាពលរដ្ឋ​រុស្ស៊ី​មិន​បាន​ជ្រើសរើស​សង្គ្រាម​នេះទេ។ លោក Putin គឺ​ជា​អ្នក​ជ្រើសរើស។ ប្រជាពលរដ្ឋ​រុស្ស៊ី​មាន​សិទ្ធិ​ដឹង​អំពី​ការ​ស្លាប់ ការ​ឈឺចាប់ និង​ការ​បំផ្លិចបំផ្លាញ​ដែល​រដ្ឋាភិបាល​របស់​ពួកគេ​បាន​ប្រព្រឹត្តិ​លើ​ប្រជាពលរដ្ឋ​អ៊ុយក្រែន»។

លោក​បាន​បន្ថែម​ថា៖ «ប្រជាពលរដ្ឋ​រុស្ស៊ី​ក៏​មាន​សិទ្ធិ​ផងដែរ​នៅក្នុង​ការ​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ដែល​គ្មាន​ន័យ​នេះ​លើ​ទាហាន​រុស្ស៊ី។ យើង​អំពាវនាវ​ដល់​លោក Putin និង​រដ្ឋាភិបាល​របស់​លោក​ឱ្យ​គោរព​តាម​កាតព្វកិច្ច​និង​ការ​ប្ដេជ្ញាចិត្ត​ជា​អន្តរជាតិ​របស់​ប្រទេស​រុស្ស៊ី បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បង្ហូរ​ឈាម​នេះ ដក​កងទ័ព​ចេញ​ពី​ទឹកដី​របស់​ប្រទេស​អ៊ុយក្រែន និង​គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​រុស្ស៊ី»៕

XS
SM
MD
LG