តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានតាំងចិត្តឱ្យមានការកាត់បន្ថយការប្រើប្រាស់គ្រាប់មីននៅទូទាំងពិភពលោក។ ការផ្លាស់ប្ដូរគោលនយោបាយនេះឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿរបស់លោកប្រធានាធិបតីដែលថា គ្រាប់មីនទាំងនេះមានផលប៉ះពាល់ច្រើនលើជនស៊ីវិល ដែលក្នុងនោះរួមមានទាំងកុមារផងដែរ ក្នុងពេលយ៉ាងយូរបន្ទាប់ពីសង្គ្រាមបានបញ្ចប់ទៅ។
ការតាំងចិត្តថ្មីនេះនឹងធ្វើឱ្យគោលនយោបាយរបស់សហរដ្ឋអាមេរិកស្ដីពីគ្រាប់មីននៅក្រៅឧបទ្វីបកូរ៉េមានភាពស្របជាមួយនឹងលក្ខខណ្ឌសំខាន់ៗនៃអនុសញ្ញាក្រុង Ottawa ដែលជាសន្ធិសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងនឹងមនុស្ស។
ស្ថានការណ៍ជាក់លាក់តែមួយគត់នៅឧបទ្វីបកូរ៉េ និងការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារសាធារណរដ្ឋកូរ៉េបានធ្វើឱ្យសហរដ្ឋអាមេរិកមិនអាចផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនស្ដីពីគ្រាប់មីនប្រឆាំងនឹងមនុស្សនៅឧបទ្វីបកូរ៉េបាននៅពេលបច្ចុប្បន្ននេះ។
សហរដ្ឋអាមេរិកនឹងមិនអភិវឌ្ឍ ផលិត ឬក៏ទទួលយកគ្រាប់មីនប្រឆាំងនឹងមនុស្សនោះទេ។ ជាងនេះទៀត សហរដ្ឋអាមេរិកនឹងមិននាំចេញ ឬក៏ផ្ទេរគ្រាប់មីនប្រឆាំងនឹងមនុស្សនោះឡើយ លើកលែងតែនៅពេលណាដែលចាំបាច់សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការបំផ្លាញ ឬការបោសសម្អាតគ្រាប់មីន និងសម្រាប់គោលបំណងនៃការបំផ្លាញគ្រាប់មីនទាំងនោះតែប៉ុណ្ណោះ។
សហរដ្ឋអាមេរិកនឹងមិនប្រើគ្រាប់មីនប្រឆាំងនឹងមនុស្សនៅក្រៅឧបទ្វីបកូរ៉េឡើយ ហើយសហរដ្ឋអាមេរិកនឹងមិនជួយជ្រោមជ្រែង លើកទឹកចិត្ត ឬក៏បញ្ចុះបញ្ចូលនរណាម្នាក់នៅក្រៅបរិបទនៃឧបទ្វីបកូរ៉េឱ្យចូលពាក់ព័ន្ធនៅក្នុងសកម្មភាពណាមួយដែលហាមឃាត់ដោយអនុសញ្ញាក្រុង Ottawa ឡើយ។
សហរដ្ឋអាមេរិកនឹងស្វះស្វែងបំផ្លាញគ្រាប់មីនប្រឆាំងនឹងមនុស្ស និងឃ្លាំងស្តុកទុកគ្រាប់មីនទាំងឡាយណាដែលមិនតម្រូវសម្រាប់ការការពារឧបទ្វីបកូរ៉េ។
សហរដ្ឋអាមេរិកនឹងបន្តស្វែងរកដំណោះស្រាយដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកធ្វើតាមអនុសញ្ញាក្រុង Ottawa ហើយស្របពេលជាមួយគ្នានោះដែរធានាថា សហរដ្ឋអាមេរិកមានលទ្ធភាពនៅក្នុងការសម្រេចឱ្យបានតាមការតាំងចិត្តរបស់ខ្លួនចំពោះសម្ព័ន្ធមិត្ត។
លោក Stan Brown ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនយោបាយយោធា បាននិយាយថា៖ «វិធានការរបស់សហរដ្ឋអាមេរិកនេះគឺផ្ទុយស្រឡះពីវិធានការរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន»។
លោក Brown បានបន្ថែមថា នៅក្នុងប្រទេសអ៊ុយក្រែន «មានភ័ស្តុតាងជាក់ច្បាស់ថា កងទ័ពរុស្ស៊ីកំពុងប្រើគ្រឿងផ្ទុះផ្សេងៗ ដែលក្នុងនោះរួមមានទាំងគ្រាប់មីនផងដែរ ក្នុងវិធីមួយដែលមិនមានការទទួលខុសត្រូវ ដែលបង្កឱ្យមានការឈឺចាប់ធ្ងន់ធ្ងរដល់ជនស៊ីវិលនិងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗនៅទីនោះ»។
សហរដ្ឋអាមេរិកមានមោទនភាពនៅក្នុងការដឹកមុខពិភពលោកដើម្បីបំផ្លាញយុទ្ធភណ្ឌធម្មតាទាំងនេះ។
លោក Brown បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកបានវិនិយោគជាង ៤.២០០ លានដុល្លារនៅក្នុងប្រទេសជាង ១០០ តាំងពីឆ្នាំ ១៩៩៣ មក ដើម្បីលើកកម្ពស់សន្តិភាពនិងសន្តិសុខអន្តរជាតិតាមរយៈកម្មវិធីបំផ្លាញយុទ្ធភណ្ឌធម្មតារបស់ខ្លួន»។
លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិកនឹងបន្តកិច្ចការដ៏សំខាន់នេះ ហើយនឹងនៅតែរក្សាការតាំងចិត្តដើម្បីបន្តភាពជាដៃគូផ្សេងៗដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកមនុស្សធម៌នៃគ្រាប់មីនប្រឆាំងនឹងមនុស្សទាំងនេះ»៕