តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីខែវិច្ឆិកាឆ្នាំមុន ភាគីទាំងពីរនៃសង្គ្រាមដ៏ឃោរឃៅនិងនាំឱ្យមានការហិនហោចច្រើនចំនួនពីរឆ្នាំគឺរណសិរ្សរំដោះប្រជារាស្ត្រ Tigray ហៅ TPLF និងរដ្ឋាភិបាលនៃប្រទេសអេត្យូពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍មួយ។
តាំងពីពេលនោះមក ភាគីហត្ថលេខីទាំងពីរនេះបានអនុវត្តកិច្ចព្រមព្រៀងនេះ ជាលំដាប់ដែលអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌និងសេវាចាំបាច់ដោយគ្មានការបង្អាក់ជាថ្មីឡើងវិញឱ្យតំបន់ Tigray និងការដកអាវុធពីរណសិរ្ស TPLF ព្រមទាំងការដកថយនៃកងកម្លាំងបរទេសទាំងអស់ និងកងកម្លាំងមិនមែនជារបស់សហព័ន្ធចេញពីតំបន់ Tigray។ កិច្ចព្រមព្រៀងនេះក៏បានអំពាវនាវឱ្យមានការបញ្ចូលដំណើរការយុត្តិធម៌អន្តរកាលទាំងស្រុង និងទូលំទូលាយផងដែរ។
ជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ រដ្ឋាភិបាលអេត្យូពីបានធ្វើឱ្យមានអគ្គិសនីនិងសេវាទូរសព្ទសម្រាប់ប្រើប្រាស់ក្នុងផ្នែកជាច្រើននៃតំបន់ Tigray។ ជំនួយមនុស្សធម៌បានចាប់ផ្តើមដឹកជញ្ជូនចូលក្នុងតំបន់នោះ។ នៅពាក់កណ្តាលខែមករា រណសិរ្ស TPLF បានប្រគល់អាវុធធុនធ្ងន់ជាច្រើនរបស់ខ្លួន មានរួមរថក្រោះនិងប្រដាប់បាញ់រ៉ុក្កែតឱ្យសហភាពអាហ្វ្រិក។ ជាថ្នូរកងកម្លាំងអេរីត្រេបានចាប់ផ្តើមដកថយពីក្រុងនិងទីតាំងដែលពួកគេបានកាន់កាប់ក្នុងតំបន់ Tigray ច្រើនខែមកហើយ ហើយបានដកថយកាត់ព្រំដែនទៅអេរីត្រេវិញ។
អ្នកនាំពាក្យក្រសួងការបរទេសស.រ.អ.លោក Ned Price បាននិយាយថា ស.រ.អ.គាំទ្រដំណើរការសន្តិភាពរបស់សហភាពអាហ្វ្រិកក្នុងប៉ែកខាងជើងនៃប្រទេសអេត្យូពី។
«យើងសាទរដល់ការជឿនលឿនជាបន្តឆ្ពោះទៅកាន់ការអនុវត្តន៍ខសំខាន់ៗនៃកិច្ចព្រមព្រៀងបញ្ឈប់អរិភាពដែលត្រូវបានសម្រេចកាលពីប៉ុន្មានខែមុននេះ និងមុខនាទីវិជ្ជមាននៃក្រុមពិនិត្យផ្ទៀងផ្ទាត់ និងធ្វើឱ្យមានការគោរពតាមកិច្ចព្រមព្រៀងរបស់សហភាពអាហ្វ្រិក»។
អ្នកនាំពាក្យ Price បានថ្លែងថា «យើងដឹងថា កងកម្លាំងអេរីត្រេចាប់ផ្តើមដកថយចេញពីអេត្យូពីហើយ។ យើងនិយាយជាថ្មីអំពីការអំពាវនាវដែលលេចចេញពីកិច្ចចរចាក្នុងប្រទេសអាហ្វ្រិកខាងត្បូងថាឱ្យមានការដកកងកម្លាំងបរទេសទាំងអស់»។
«ការដកថយនៃកងកម្លាំងអេរីត្រេនិងកងកម្លាំងឯទៀតៗមានសារៈសំខាន់...ដើម្បីឱ្យមានសន្តិភាពឋិតថេរ ធ្វើឱ្យមានការទទួលជំនួយមនុស្សធម៌ពេញលេញនិងធ្វើឱ្យប្រាកដប្រជាអំពីបូរណភាពដែនដីនៃប្រទេសអេត្យូពី»។
ស.រ.អ.និងបន្តទ្រទ្រង់ការអនុវត្តន៍កិច្ចព្រមព្រៀងថ្ងៃទី២ ខែវិច្ឆិកា និងកិច្ចប្រឹងប្រែងដើម្បីឱ្យសម្រេចសន្តិភាពឋិតថេរ។ ការណ៍នេះមានរួមការបើកឱ្យក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិក្នុងតំបន់មានសង្គ្រាមក្នុងផ្នែកខាងជើងនៃប្រទេសអេត្យូពី។ នៅមានការងារត្រូវធ្វើទៀត តែការជឿនលឿនអាចមានជោគជ័យ ហើយផ្តល់ឱ្យប្រជារាស្ត្រអេត្យូពីនូវហេតុផលនាំឱ្យមានការសង្ឃឹម៕