Accessibility links

Breaking News

បទវិចារណកថា៖ ប្រទេស​អេត្យូពី ត្រូវតែ​ព្យាយាម​ធ្វើការ​រួមរស់​ជាមួយគ្នា​ប្រកប​ដោយ​សន្តិភាព


រូបឯកសារ៖ មនុស្ស​ម្នា ឈរ​នៅ​ពី​មុខ​ផ្សែង​ខ្មៅ​ហុយ​ឡើង នៅ​ទីក្រុង Mekele នៃ​តំបន់ Tigray នៅ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី បន្ទាប់ពី​មាន​ការវាយ​ប្រហារ​តាម​អាកាស កាលពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ៖ មនុស្ស​ម្នា ឈរ​នៅ​ពី​មុខ​ផ្សែង​ខ្មៅ​ហុយ​ឡើង នៅ​ទីក្រុង Mekele នៃ​តំបន់ Tigray នៅ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី បន្ទាប់ពី​មាន​ការវាយ​ប្រហារ​តាម​អាកាស កាលពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​សុន្ទរកថាមួយដែល​លោក​បានថ្លែង​ទៅកាន់​វិទ្យាស្ថាន​សន្តិ​ភាព​សហរដ្ឋ​អាមេរិក លោក Jeffrey Feltman ប្រេសិតពិសេស​សហរដ្ឋអាមេរិកសម្រាប់​តំបន់ស្នែង​អាហ្វ្រិក​ហៅ Horn of Africa​ បាន​ព្រមាន​ថា សង្គ្រាម​ក្នុង​ប្រទេស​អេត្យូ​ពី​ «នឹង​មានផល​វិបាកជា​មហន្តរាយ​ដល់​ឯកភាព បូរណភាពដែនដី​និង​ស្ថិរភាព​នៃ​ប្រទេស​អេត្យូពី​ ដល់​ទំនាក់​ទំនង​របស់​អេត្យូពី​ជា​មួយ​ស.រ.អ. និង​សហគមន៍អន្តរជាតិផង​ដែរ» ប្រសិន​បើសង្គ្រាមនេះ​ មានត​ទៅ​ទៀត។

លោកឯកអគ្គរដ្ឋទូត Feltman បាន​និយាយថា​ ស.រ.អ. មានជំនឿ​ថា ភាគី​ទាំងអស់ក្នុង​សង្គ្រាម​នេះ បានរំលោភ​លើ​សិទ្ធិ​មនុស្ស​ និង​បានប្រព្រឹត្តអំពើ​ឃោរឃៅ​កាន់តែច្រើនឡើង។

លោក​បាននិយាយថា៖ «មាន​របាយការណ៍​គួរ​ឱ្យ​ជឿទុកចិត្ត​ និង​កត់ត្រាទុកជាច្រើន​ហូរហែពីប្រភពជា​ច្រើនស្តីអំពី​ការរំលោភបំពាន​ និង​អំពើឃោរឃៅ​ទាំង​នេះ។ មាន​សេចក្តី​រាយការណ៍​អំពីការ​លួច​ប្លន់ ការ​បង្ខំមនុស្សឱ្យ​ចេញពីផ្ទះសំបែង ​ការប្រហារ​ជីវិត​ ការរំលោភ​សេព​សន្ថវៈ និង​អំពើ​ឃោរឃៅ​ខាង​ភេទ ​ក្លាយ​ជា​ឧបករណ៍​មួយ​នៃ​សង្គ្រាមជាមួយកង​កម្លាំង​ការពារ​ជាតិ​អេត្យូពី​ហៅ​ ENDF កង​កម្លាំង​ការពារ​ Eritrea កង​កម្លាំង​ពិសេស Amhara និង​កងកម្លាំង TPLF ​តាមកម្រិត​ខ្លះ»។

ចាប់​ពី​ខែ​កក្កដាមក​ ​រណសិរ្ស​រំដោះ​ប្រជារាស្ត្រ​ Tigray ហៅ TPLF បានពង្រីកសង្គ្រាមនេះ​ ទៅ​ក្នុង​រដ្ឋជិតខាង​។​ ស.រ.អ. បន្ត​អំពាវនាវ​ឱ្យរណសិរ្ស TPLF ដក​ថយ​ចេញ​ពីតំបន់​ Afar និង​ Amhara។

លោក​ឯកអគ្គរដ្ឋទូត Feltman បាន​ថ្លែង​ថា ​នៅ​ពេល​ជា​មួយ​គ្នា​នេះ រដ្ឋាភិបាល​អេត្យូពី បានចាប់ផ្តើមរារាំង​មិន​ឱ្យ​មានការដឹកជញ្ជូន​ជំនួយម​នុស្សធម៌ និង​ការ​ដឹក​ទំនិញពាណិជ្ជកម្ម​ចូលក្នុង​តំបន់ Tigray ទេ ហើយការណ៍នោះ ​នាំ​ឱ្យតំបន់​នោះ​សឹងតែ​កើតទុរ្ភិក្ស។

លោក​បាន​ថ្លែង​ថា៖ «ដើម្បី​បំពេញ​សេចក្តី​ត្រូវការជា​មូល​ដ្ឋានរបស់​ប្រជារាស្ត្រ Tigray ៧លាន​នាក់ អ.ស.ប. បាននិយាយច្បាស់​លាស់​ថា ​គេ​ត្រូវ​ការ​ការ​ផ្គត់ផ្គង់​ស្បៀង​ជំនួយ​យ៉ាង​តិច​ណាស់២ពាន់​ឡានកាមីញ៉ុង ​ជារៀង​រាល់​ខែ។​ ចាប់ពី​ដើម​ខែ​កក្កដា​មក​ មាន​ឡាន កាមីញ៉ុង តែ​១ពាន់១រយគ្រឿងប៉ុណ្ណោះ​ បានដឹក​ជញ្ជូន​ជំនួយ​ទៅ​ក្នុង​តំបន់ Tigray»។

លោក​ឯកអគ្គរដ្ឋទូត Feltman បាន​ពោល​ថា​ មិនត្រូវមានរដ្ឋាភិបាល​ណា​មួយ​ចាត់​វិធានការ និងផ្ចុង​ផ្តើម​ការ​អនុវត្តដែល​នាំ​ឱ្យមានទុរ្ភិក្សដល់​ពលរដ្ឋ​ខ្លួនទេ។ ស.រ.អ. បន្ត​ផ្តល់​អាទិភាព​ដល់​ការ​ផ្តល់ជំនួយ​ជួយ​ជីវិតប្រជារាស្ត្រ ​អេត្យូពីទាំង​អស់ ហើយ​ស្នើសុំ​ដល់​ភាគីទាំង​អស់​ក្នុង​សង្គ្រាម​នេះ​អនុញ្ញាតឱ្យ​មានការដឹក​ជញ្ជូនជំនួយ​មនុស្សធម៌ពេញលេញ​ទៅ​ដល់​ក្រុម​ជន​ដែល​ត្រូវការ​វត្ថុនានា​មានរួម​បញ្ចូល​ប្រេង​ឥន្ធនៈ ប្រាក់​កាស ​និង​ស្បៀង​ផងដែរ។​ ស.រ.អ. ក៏​ប្រុង​ប្រៀប​ដែរ​ដើម្បី​ដាក់​ទណ្ឌកម្ម​ថែម​ទៀតតាម​រយៈ​បទ​បញ្ជា​ប្រតិបត្តិ​ដែល​លោក​ប្រធានាធិបតី​ Biden បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កញ្ញា​ប្រឆាំង​នឹង​ក្រុម​ជន​ទាំង​ឡាយ​ណាដែល​បានបង្កើន​វិបត្តិ​នេះ​ ​និង​រារាំងកិច្ច​ប្រតិបត្តិការ​មនុស្សធម៌។ ការដាក់​ទណ្ឌកម្ម​ដំបូងតាម​រយៈ​បទបញ្ជាប្រតិបត្តិ​នេះ ​ត្រូវ​បានប្រកាស​កាលពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​ប្រឆាំងនឹង​បុគ្គល៦រូប និង​អង្គភាព Eritrean មួយ​ចំនួន។ លោក​ឯកអគ្គរដ្ឋទូត Feltman បានព្រមាន​ថា «ហើយយើង​នឹង​ដាក់ទណ្ឌកម្ម​លើ​ភាគីពាក់ព័ន្ធទាំង​អស់ថែម​ទៀត»។

ស.រ.អ. ចង់ឃើញឱ្យ​មានស្ថិរភាព​និង​ភាព​សំបូរ​រុង​រឿង​ឡើង​វិញនៅ​ទូទាំង​ប្រទេស​នេះ ហើយ​ឱ្យ​ប្រទេស​អេត្យូពី​មាន​ឋានៈ​ឡើងវិញ​ជា​មេដឹកនាំមួយ​ក្នុង​តំបន់ និងសាកល។ ដើម្បី​ឱ្យ​មានលទ្ធផល​បែប​នេះ គឺតម្រូវ​ឱ្យ​ពួក​មេដឹកនាំអេត្យូពី ដាក់​អាវុធហើយស្វែងរករូបមន្ត​មួយ​សម្រាប់​រស់នៅ​ជា​មួយ​គ្នាដោយ​សន្តិភាព៕

XS
SM
MD
LG