តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
តំបន់ Tigray នៃប្រទេសអេត្យូពី តំបន់ Afar និង Amhara ដែលនៅជិតខាង កំពុងមានមហន្តរាយមនុស្សធម៌ដែលជាលទ្ធផលនៃការប្រយុទ្ធគ្នាជាង១០ខែមកហើយរវាងក្រុមជនសកម្មប្រយុទ្ធគាំទ្ររណសិរ្សរំដោះប្រជារាស្ត្រ Tigray និងកងកម្លាំងកាពារជាតិអេត្យូពី។
សព្វថ្ងៃនេះ មនុស្សប្រមាណ ៤សែននាក់ កំពុងប្រឈមនឹងទុរភិក្ស ចំណែកឯមនុស្សជាង ៤លាននាក់ទៀត កំពុងជួបប្រទះអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។ តែនៅពេលជាមួយគ្នានេះ រដ្ឋាភិបាលអេត្យូពីបង្កើតឱ្យមានឧបសគ្គដល់ការផ្តល់ជំនួយស្រោចស្រង់ជីវិតមនុស្ស។ អង្គការសហប្រជាជាតិឲ្យដឹងថា រដ្ឋាភិបាលអេត្យូពីអនុញ្ញាតឱ្យមានការចែកចាយស្បៀងដែលត្រូវការសម្រាប់ឱ្យប្រជារាស្ត្រអេត្យូពីរស់រានមានជីវិតបានត្រឹមតែប្រមាណ១០ភាគរយប៉ុណ្ណោះ។
រដ្ឋាភិបាលអេត្យូពីធ្វើឱ្យបញ្ហាទាំងនេះកាន់តែធ្ងន់ធ្ងរថែមទៀត ដោយបានបណ្តេញមន្ត្រីអង្គការសហប្រជាជាតិ៧នាក់ចេញពីប្រទេសដោយចោទប្រកាន់ពួកគេថា បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសអេត្យូពី។ មន្ត្រីទាំងនេះមានរួមបញ្ចូលបណ្តាប្រធាននៃទីភ្នាក់ងារអង្គការសហប្រជាជាតិដែលកំពុងចែកចាយជំនួយស្រោចស្រង់ជីវិតក្នុងប្រទេសអេត្យូពី និងកំពុងធ្វើឱ្យគេដឹងឮអំពីវិបត្តិមនុស្សធម៌ជាបន្ទាន់ ព្រមទាំងមន្ត្រីជាន់ខ្ពស់ម្នាក់នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុករឿងសិទ្ធិមនុស្សដែលបានបង្ហាញកង្វល់អំពីស្ថានភាពសិទ្ធិមនុស្ស។
អ្នកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានបាននិយាយថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក ថ្កោលទោសខ្លាំងបំផុតដល់សកម្មភាពមិនធ្លាប់មានពីមុនរបស់រដ្ឋាភិបាលអេត្យូពីក្នុងការបណ្តេញមេដឹកនាំនៃអង្គការទាំងអស់របស់អង្គការសហប្រជាជាតិដែលទាក់ទិននឹងកិច្ចប្រតិបត្តិការមនុស្សធម៌ដែលកំពុងបន្តដំណើរ។ យើងយល់ស្របជាមួយបណ្តាមេដឹកនាំអង្គការសហប្រជាជាតិដែលថា នេះ ជាការសៅហ្មងមួយនៅក្នុងសតិសម្បជញ្ញៈរួមរបស់យើង ហើយត្រូវតែបញ្ឈប់»។
អ្នកស្រី Jen Psaki បាននិយាយថា៖ «សកម្មភាពនេះ មានឡើងក្រោយការចេញផ្សាយរបាយការណ៍ព្រមានថា មនុស្សរាប់សែននាក់កំពុងជួបប្រទះទុរភិក្សរហូតដល់ស្លាប់ក្នុងផ្នែកខាងជើងប្រទេសអេត្យូពី។ យើងខ្វល់ខ្វាយយ៉ាងខ្លាំងថា សកម្មភាពនេះ ជាការបន្តការរារាំងដោយរដ្ឋាភិបាលអេត្យូពី ចំពោះការផ្តល់ស្បៀងអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់ជួយជីវិតមនុស្សឯទៀតដល់ក្រុមជនដែលមានសេចក្តីត្រូវការខ្លាំង»។
អ្នកនាំពាក្យ អ្នកស្រី Psaki បានថ្លែងថា «កាលពីដើមខែនេះ លោកប្រធានាធិបតី Biden បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើក្រុមជនទាំងឡាយណាដែលបន្តជម្លោះក្នុងប៉ែកខាងជើងនៃប្រទេសអេត្យូពី»។
អ្នកស្រី Psaki បានពោលថា៖ «យើងនឹងមិនរារែកទេក្នុងការប្រើវិធីនេះ ឬវិធីឯទៀតដែលយើងមានដើម្បីឆ្លើយតបយ៉ាងរហ័សនិងដាច់ណាត់លើជនទាំងឡាយណាដែលបង្អាក់ជំនួយមនុស្សធម៌សម្រាប់ប្រជារាស្ត្រអេត្យូពី»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា៖ «យើងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យប្រើវិធីសមស្របដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអេត្យូពី និងពួកតួអង្គឯទៀតៗដែលបង្អាក់ការផ្តល់ជំនួយមនុស្សធម៌»។
លោក Blinken បានមានប្រសាសន៍ទៀតថា៖ «យើងសុំដល់រដ្ឋាភិបាលអេត្យូពីឱ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិទាំងឡាយដើម្បីអនុញ្ញាតនិងសម្រួលដល់ការផ្តល់ដោយសុវត្ថិភាព និងគ្មានបង្អាក់នូវជំនួយមនុស្សធម៌ដល់ជនទាំងអស់ដែលត្រូវការជំនួយទាំងនេះ»៕