តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មនុស្សរាប់លាននាក់ក្នុងប្រទេសអេត្យូពីបន្តប្រឈមនឹងបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរ និងការស្រេកឃ្លានខ្លាំងដែលជាលទ្ធផលដោយផ្ទាល់នៃសង្គ្រាម។ ទោះជាក្នុងពេលមានសន្តិភាពក៏ដោយ ក៏មនុស្សក្នុងតំបន់រងគ្រោះខ្លាំងនេះ នៅតែត្រូវការជំនួយស្បៀងដោយសារតែមានភាពរាំងស្ងួតបីឆ្នាំ និងការច្រូតកាត់បានផលមិនគ្រប់គ្រាន់នោះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ការប្រយុទ្ធគ្នារវាងកងកម្លាំងសហព័ន្ធ និងកងកម្លាំងតំបន់និងរណសិរ្សរំដោះប្រជាជន Tigray ឬ TPLF បានធ្វើឱ្យស្ថានភាពដែលអាក្រក់ស្រេចទៅហើយនោះ ក្លាយជាមហន្តរាយមនុស្សធម៌មួយ។ បើតាមអ.ស.ប.បានឱ្យដឹងថា ប្រជាជនចំនួនជាង៩០ភាគរយនៃចំនួន៥លាន ៥សែននាក់ក្នុងតំបន់ Tigray កំពុងត្រូវការជំនួយស្បៀងអាហារជាបន្ទាន់។
ដោយហេតុនេះហើយបានជាស.រ.អ. លើកទឹកចិត្តឱ្យរដ្ឋាភិបាលអេត្យូពីនិងអាជ្ញាធរក្នុងតំបន់ Tigray និង Afar ចាត់វិធានការកាលពីពេលថ្មីៗនេះ ដើម្បីដាក់ចេញនូវមូលដ្ឋានគ្រឹះមួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាម និងផ្តល់លទ្ធភាពឱ្យមានការដឹកជញ្ជូនជំនួយស្បៀងអាហារទៅដល់សហគមន៍ដែលរងប៉ះពាល់ដោយសារសង្គ្រាម និងត្រូវការជំនួយយ៉ាងខ្លាំងនោះ។
ជាឧទាហរណ៍ នាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed បានលុបចោលការដាក់ប្រទេសក្នុងគ្រាអាសន្ន ដោះលែងអ្នកទោសនយោបាយ និងជនជាប់ឃុំឃាំងមួយចំនួន ហើយស្របពេលជាមួយគ្នានេះផងដែរ អាជ្ញាធរក្នុងតំបន់ Tigray ក៏បានប្រកាសបញ្ឈប់អរិភាពផ្សេងៗ។ នៅពេលជាមួយគ្នានេះ កងកម្លាំង Tigray បានដកកងកម្លាំងខ្លួនភាគច្រើនចេញពីតំបន់ Afar ហើយបានបញ្ជាក់ជាថ្មីទៀតអំពីការប្តេជ្ញារបស់ពួកគេចំពោះដំណោះស្រាយដោយសន្តិវិធីនៃសង្គ្រាមនេះ។
បើទោះបីជាយ៉ាងនេះក្តី ក៏រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken បានសុំដល់ភាគីទាំងអស់ឱ្យបង្កើន អនុវត្ត និងពង្រីកការប្រឹងប្រែងទាំងនេះ ស្របទៅតាមអ្វីដែលលោកប្រធានាធិបតីអាមេរិក Biden បានមានប្រសាសន៍អំពីការអនុញ្ញាតឱ្យជំនួយមនុស្សធម៌ ចូលទៅដល់ទីកន្លែងដែលពលរដ្ឋអេត្យូពីត្រូវការជាបន្ទាន់ ដោយគ្មានការបង្អាក់ ដោយសារជម្លោះនោះ»។ លោកបានបន្ថែមទៀតថា «នៅពេលនេះយើងសុំដល់ភាគីទាំងអស់...ឱ្យក្តាប់យកឱកាស ដើម្បីជំរុញការចរចាឱ្យមានបទឈប់បាញ់គ្នាមួយ ដោយមានរួមបញ្ចូលការចាត់ចែងខាងសន្តិសុខជាចាំបាច់ និងអំពាវនាវឱ្យបង្កើតឡើងវិញនូវសេវាសំខាន់ផ្សេងៗនៅក្នុងតំបន់ Tigray ឱ្យបានឆាប់រហ័ស»។
ស.រ.អ.ប្រុងប្រៀបរួចជាស្រេច ដើម្បីបន្តជួយក្នុងកិច្ចប្រឹងប្រែងសង្គ្រោះជីវិត ហើយនៅតែមានការតាំងចិត្តជួយដល់ប្រទេសអេត្យូពីឱ្យធ្វើការរួបរួមគ្នា មានភាពសំបូររុងរឿង និងមានអធិបតេយ្យភាព ក៏ដូចជាការគាំទ្រដល់ដំណើរការនយោបាយដែលមានការចូលរួមពីគ្រប់ភាគីចម្រុះ ដើម្បីផ្សះផ្សាការបែកបាក់គ្នារបស់ប្រទេសនេះ និងផ្តល់សន្តិភាព និងសន្តិសុខដល់ប្រជាជនអេត្យូពីគ្រប់ៗគ្នាផងដែរ៕