តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ស.រ.អ. នៅតែខ្វល់ខ្វាយខ្លាំងអំពីសង្គ្រាមសព្វថ្ងៃក្នុងប៉ែកខាងជើងនៃប្រទេសអេត្យូពី។ របាយការណ៍អំពីការវាយប្រហារតាមយន្តហោះលើរដ្ឋធានី Mekele នៃតំបន់ Tigray និងការរំលោភលើសិទ្ធិមនុស្ស និងអំពើឃោរឃៅដោយកងកម្លាំងការពារជាតិអេត្យូពី កងកម្លាំងការពារអេរីត្រេ កងកម្លាំងជីវពលតំបន់ និងកងកម្លាំងផ្សេងទៀតនៃតំបន់ Amhara រណសិរ្សរំដោះប្រជារាស្ត្រ Tigray និងក្រុមប្រដាប់អាវុធឯទៀតៗនាំឱ្យមានការរំខានយ៉ាងខ្លាំង។
លោក Ned Price អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អ. បាននិយាយថា៖ «យើងថ្កោលទោសយ៉ាងខ្លាំងក្លាដល់ការរំលោភប្រឆាំងនឹងជនស៊ីវិលហើយអំពាវនាវដល់ភាគីទាំងអស់ក្នុងជម្លោះនេះឱ្យគោរពសិទ្ធិមនុស្ស និងធ្វើតាមកាតព្វកិច្ចខ្លួនដល់ច្បាប់មនុស្សធម៌អន្តរជាតិ»។
លោកបានបន្ថែមថា៖ «យើងយល់ស្របជាមួយលោកអគ្គលេខាធិការអ.ស.ប. និងពួកមេដឹកនាំសហភាពអាហ្វ្រិកដែលថា គ្មានដំណោះស្រាយយោធាដល់ជម្លោះក្នុងប៉ែកខាងជើងនៃប្រទេសអេត្យូពីទេ ហើយគេត្រូវរកដំណោះស្រាយនយោបាយឋិតថេរមួយ។ យើងសុំដល់រដ្ឋាភិបាលអេត្យូពីនិងរណសិរ្សរំដោះប្រជារាស្ត្រ Tigray ឱ្យធ្វើការចរចាគ្នាជាបន្ទាន់ដោយគ្មានលក្ខខ័ណ្ឌដំបូងឆ្ពោះទៅកាន់ការឈប់បាញ់គ្នាជាប់លាប់»។
របាយការណ៍ជាច្រើនអំពីការរំលោភលើសិទ្ធិមនុស្ស គូសបញ្ជាក់សេចក្តីត្រូវការជាបន្ទាន់ឱ្យមានការស៊ើបអង្កេតអន្តរជាតិឯករាជ្យ មានតម្លាភាព និងជឿទុកចិត្តបាន។ ជាការសំខាន់ណាស់ដែលភាគីទាំងអស់ក្នុងជម្លោះនេះអនុញ្ញាត និងសម្រួលឱ្យមានការទាក់ទងជាមួយអង្គការទាំងអស់របស់រដ្ឋាភិបាល។
អ្នកនាំពាក្យ Price បានថ្លែងថា៖ «យើងរង់ចាំការធ្វើបច្ចុប្បន្នភាពពីឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប.អំពីស្ថានភាពសិទ្ធិមនុស្សក្នុងតំបន់ Tigray និងការចេញផ្សាយរបាយការណ៍នៃការស៊ើបអង្កេតរួមរបស់គណៈកម្មការសិទ្ធិមនុស្សអេត្យូពីនិងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប.។ យើងក៏សុំឱ្យមានកិច្ចសហប្រតិបត្តិការពេញលេញជាមួយគណៈកម្មការស៊ើបអង្កេតនៃគណៈកម្មការសិទ្ធិមនុស្សនិងសិទ្ធិប្រជារាស្ត្ររបស់សហភាពអាហ្វ្រិកដែរ»។
ការបង្កើតយន្តការមានតម្លាភាពនិងឯករាជ្យដើម្បីធ្វើឱ្យពួកជនរំលោភសិទ្ធិមនុស្ស មានការទទួលខុសត្រូវមានសារៈសំខាន់សម្រាប់ការផ្សះផ្សា និងសន្តិភាពក្នុងប្រទេសអេត្យូពី៕