តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ឆ្នាំនេះ គឺជាខួបទី១០នៃច្បាប់ Senator Paul Simon Water សម្រាប់ពិភពលោក ដែលច្បាប់នេះត្រូវបានគេដាក់ឈ្មោះតាមអ្នកនយោបាយអាមេរិកាំងមួយរូបដែលបានមើលឃើញវិបត្តិទឹកជាសាកល និងយល់ពីភាពស្មុគស្មាញនៃវិបត្តិនេះ។ លោកបានដឹកនាំការជំរុញមួយនៅក្នុងសភាសហរដ្ឋអាមេរិក ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកនិងការមានអនាម័យសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុតនៅជុំវិញពិភពលោក។
ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អ្នកស្រី Samantha Power បាននិយាយថា៖ ដោយរំឭកដល់ដំណើរទស្សនកិច្ចដែលលោកបានធ្វើទៅកាន់សមុទ្រ Aral ដែលនឹងរីងហួតទឹកអស់លោកសមាជិកព្រឹទ្ធសភា Simon មានការភ័យខ្លាចចំពោះការមកដល់នៃ«ព្យុះដែលគ្មានទឹក»រួមជាមួយនឹងការកើនឡើងនៃជំងឺនិងការផ្លាស់ទីលំនៅ អស្ថិរភាពដែលកំពុងកើនឡើងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ទោះបីជាលោកសមាជិកព្រឹទ្ធសភា Simon មិនបាននៅរស់ដើម្បីមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់លោកទទួលបានផ្លែផ្កាក៏ដោយ ក៏នៅឆ្នាំ២០០៥ សេចក្តីព្រាងច្បាប់ Paul Simon Water for the Poor Act ត្រូវបានអនុម័តជាច្បាប់។ គោលបំណងរបស់ច្បាប់នេះគឺដើម្បី«ធ្វើឱ្យមានលទ្ធភាពទទួលបានទឹកស្អាត និងការមានអនាម័យសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលវាជាគោលបំណងនៃគោលនយោបាយជាក់លាក់នៃកម្មវិធីជំនួយបរទេសរបស់សហរដ្ឋអាមេរិក»។
ប្រាំបួនឆ្នាំក្រោយមក តាមរយៈការអនុម័តច្បាប់ទឹកសម្រាប់ពិភពលោកនេះ ច្បាប់នេះ ត្រូវបានធ្វើបច្ចុប្បន្នភាពដោយរួមបញ្ចូលកម្មវិធីទឹក ការមានអនាម័យ និងការរក្សាអនាម័យដែលកំពុងមានការវិវត្តជាសាកល។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ឬ USAID ត្រូវបានប្រគល់ភារកិច្ចជាអ្នកអនុវត្តកម្មវិធីនេះ។
អ្នកស្រី Samantha Power បាននិយាយថា៖ «អ្វីៗគ្រប់យ៉ាងត្រូវបានប្រាប់ចាប់តាំងពីសេចក្តីព្រាងច្បាប់ទឹកសម្រាប់ពិភពលោកដ៏ល្អនេះបានក្លាយជាច្បាប់។ ទីភ្នាក់ងារ USAID បានជួយមនុស្សចំនួន ៤២ លាននាក់ឱ្យទទួលបានទឹកស្អាត ហើយមនុស្សចំនួន ៣៨ លាននាក់ទទួលបានសេវាកម្មផ្នែកអនាម័យ»។
តែទោះជាយ៉ាងនេះក៏ដោយ សព្វថ្ងៃនេះ ការខ្វះទឹកបានបង្កឱ្យមានវិបត្តិដែលមិនធ្លាប់មាននៅទូទាំងពិភពលោក។ អ្នកស្រី Power បាននិយាយថា៖ «ចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ទឹកគឺជាមូលហេតុនៃជម្លោះជិត៣០០ នៅទូទាំងពិភពលោក»។ ហើយនោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា កង្វះខាតទឹកនឹងនាំឱ្យមានការផ្លាស់ទីលំនៅ និងការធ្វើចំណាកស្រុករបស់មនុស្សជិត ៧០០ លាននាក់នៅដំណាច់ទសវត្សរ៍នេះ។
ជាផ្នែកមួយនៃជំនួយរបស់សហរដ្ឋអាមេរិកលើផ្នែកទឹក និងអនាម័យ ចាប់តាំងពីឆ្នាំ ២០០៨ ទីភ្នាក់ងារ USAID បានជួយមនុស្ស ៧០ លាននាក់ឱ្យទទួលបានសេវាកម្មទឹកស្អាត បានជួយផ្តល់ឱ្យមនុស្សជិត៥៥ លាននាក់នូវការមានអនាម័យប្រកបដោយចិរភាព ហើយចាប់តាំងពីឆ្នាំ២០១៨ មក ទីភ្នាក់ងារ USAID បានប្រមូលថវិកាបានចំនួន៥៩០ លានដុល្លារសម្រាប់ជួយដល់វិស័យអនាម័យ និងទឹក។
អ្នកស្រី Power បាននិយាយទៀតថា៖ «ក៏ប៉ុន្តែពេលនេះមិនមែនជាពេលឈប់សម្រាកទេ។ កង្វះទឹក ... គឺជាបញ្ហាប្រឈមធំជាងមុន ដោយសារអាកាសធាតុអាក្រក់ និងកំដៅខ្លាំងប៉ះពាល់ដល់សហគមន៍ជាច្រើន ដែលបើប្រៀបធៀបទៅនឹងអតីតកាល វាជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ យើងត្រូវបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សន្តិសុខទឹកជាសាកល ដោយជួយមនុស្សគ្រប់រូបឱ្យយល់ដឹងអំពីសិទ្ធិជាសកលក្នុងការទទួលបានទឹកស្អាត ការមានអនាម័យ និងការរក្សាអនាម័យ»៕