តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ក្នុងអំឡុងសង្គ្រាមបូស្ន៊ីពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៥ ជនជាតិស៊ែបដើមកំណើតបូស្ន៊ី ដែលជាក្រុមជាតិសាសន៍ដ៏ធំមួយដែលធ្លាប់បានរស់នៅលើទឹកដីអតីតប្រទេសយូហ្គោស្លាវី បានព្យាយាមស្វះស្វែងបង្កើតមាតុភូមិមួយដែលមានជាតិសាសន៍តែមួយ ដែលនោះគឺ Republika Srpska។
ក្រុង Srebrenica ជាក្រុងដែលស្ថិតនៅចំណុចកណ្ដាលនៃដែនដី Republika Srpska នេះ។ ក្រុងនេះពីមុនមកគឺជាទីលំនៅរបស់ប្រជាជនបូស្ន៊ីកាន់សាសនាឥស្លាមភាគច្រើន។
សម្រាប់រយៈពេល ៣ ឆ្នាំ អ្នកជាតិនិយមស៊ែបដើមកំណើតបូស្ន៊ីបានតាមធ្វើបាបនិងបង្កការភ័យខ្លាចដល់ជាតិសាសន៍ Bosniak កាន់សាសនាឥស្លាមនៃក្រុង Srebrenica។ នៅទីបំផុត នៅពេលសង្គ្រាមជិតបញ្ចប់ កងយោធាស៊ែបដើមកំណើតបូស្ន៊ីនៃដែនដី Republika Srpska នៅក្រោមការបញ្ជារបស់លោកនាយឧត្តមសេនីយ៍ Ratko Mladic បានសម្រុកចូលឆ្ពោះទៅកាន់បរិវេណក្រុង Srebrenica ដែលត្រូវបានឡោមព័ទ្ធ។ ក្រុងនេះគឺជា «តំបន់សុវត្ថិភាព» ស្ថិតក្រោមការការពាររបស់អង្គការសហប្រជាជាតិ។
ទាហានស៊ែបបានឡោមព័ទ្ធប្រជាជននៃក្រុង Srebrenica នេះ ដែលក្នុងនោះរួមមានទាំងជនភៀសខ្លួនរាប់រយនាក់មកពីភូមិជុំវិញនោះផងដែរ។ ពួកគេបានបំបែកស្ត្រីនិងកុមារក្មេងៗឱ្យនៅដាច់ដោយឡែកពីគេ ហើយបន្ទាប់មកបានសម្លាប់ជាប្រព័ន្ធនូវបុរសទាំងអស់ដែលមានអាយុលើសពី ១៥ ឆ្នាំ។ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ១៩៩៥ ពួកគេបានសម្លាប់រង្គាលបុរសនិងក្មេងប្រុសជំទង់ដែលគ្មានអាវុធការពារខ្លួនពី ៧.០០០ ទៅ ៨.០០០ នាក់។
អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៤៨ ស្ដីពីអំពើប្រល័យពូជសាសន៍បានកំណត់និយមន័យអំពើប្រល័យពូជសាសន៍ថាជា «ទង្វើដែលប្រព្រឹត្តិឡើងដោយមានបំណងបំផ្លាញទាំងស្រុង ឬមួយផ្នែកនូវក្រុមជនជាតិ ក្រុមជាតិពន្ធុ ក្រុមជាតិសាសន៍ ឬក្រុមសាសនាណាមួយ»។
ហើយនេះហើយគឺជាអ្វីដែលបានកើតឡើងនៅក្រុង Srebrenica។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយនៅក្នុងឆ្នាំ ២០០៤ ដោយគណៈកម្មការសម្រាប់ការស៊ើបអង្កេតលើព្រឹត្តិការណ៍នៅក្នុងនិងជំុវិញក្រុង Srebrenica។ នៅពេលនោះ រដ្ឋាភិបាលដែនដី Republika Srpska ដែលឥឡូវនេះជាតំបន់ស្វយ័តមួយនៅក្នុងប្រទេសបូស្ន៊ី បានធ្វើការសុំអភ័យទោសជាផ្លូវការ។
ប៉ុន្តែ ១៤ ឆ្នាំក្រោយមក សភាជាតិនៃដែនដី Republika Srpska បានច្រានចោលរបាយការណ៍នេះ ដោយអះអាងថា ជនរងគ្រោះជាច្រើននៅរស់រានមានជីវិតនៅឡើយ។ មកទល់នឹងសព្វថ្ងៃនេះ ការបដិសេធនូវអំពើប្រល័យពូជសាសន៍ក្រុង Srebrenica និងការលើកតម្កើងអ្នកដែលបានប្រព្រឹត្តិទង្វើទាំងនេះគឺជារឿងធម្មតានៅក្នុងតំបន់។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសបូស្ន៊ីលោក Michael Murphy បានបញ្ជាក់ក្នុងសុន្ទរកថាថ្លែងនៅក្នុងពិធីរំឭកខួបទី ២៨ ឆ្នាំនៃការសម្លាប់រង្គាលក្រុង Srebrenica ថា ប្រជាជនអាមេរិកាំងរួមសាមគ្គីគ្នាជាមួយនឹងជនរងគ្រោះ អ្នករស់រានមានជីវិត និងក្រុមគ្រួសារដែលមានទុក្ខសោកចំពោះមនុស្សជាទីស្រឡាញ់របស់ខ្លួន។
លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ការពិតអំពីអំពើប្រល័យពូជ សាសន៍នៅក្រុង Srebrenica នេះគឺជារឿងពិតប្រាកដ»។
លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិកអំពាវនាវឱ្យថ្នាក់ដឹកនាំនយោបាយនៃប្រទេសបូស្ន៊ីបង្ហាញការគោរពសម្រាប់សច្ចភាព សម្រាប់ការចងចាំជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ក្រុង Srebrenica និងសម្រាប់អនាគតប្រទេសបូស្ន៊ី ដែលពឹងផ្អែកលើលទ្ធ ភាពរបស់ខ្លួននៅក្នុងការទទួលស្គាល់ថា អំពើប្រល័យពូជសាសន៍បានកើតឡើងនៅក្នុងក្រុង Srebrenica និងនៅក្នុងការចាត់វិធានការចាំបាច់ដើម្បីធ្វើរឿងត្រឹមត្រូវសម្រាប់រឿងនេះ និងសម្រាប់ទង្វើខុសឆ្គងផ្សេងទៀតនៅក្នុងសង្គ្រាមពីឆ្នាំ ១៩៩២ ដល់ឆ្នាំ
១៩៩៥»៕