តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កិច្ចការរបស់យន្តការអន្តរជាតិសម្រាប់តុលាការឧក្រិដ្ឋកម្មបន្តជំរុញការទទួលខុសត្រូវខ្ពស់ដល់ភាពឃោរឃៅដែលបានប្រព្រឹត្តក្នុងប្រទេសរវ៉ាន់ដា និងអតីតប្រទេសយូហ្គោស្លាវី។
ទីប្រឹក្សាខាងច្បាប់ស.រ.អ.នៅអ.ស.ប.លោក Mark Simonoff បានកត់សម្គាល់ថា
យន្តការនេះបានសម្រេចហេតុការណ៍សំខាន់មួយដោយការចាប់ខ្លួនឈ្មោះ Fulgence Kayishema។
លោក Mark Simonoff បាននិយាយថា «ឈ្មោះ Kayishema ត្រូវបានចោទប្រកាន់កាលពីជាង២០ឆ្នាំមុននេះ ពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដោយសារមុខនាទីរបស់លោកក្នុងការសម្លាប់ដោយគ្មានមេត្តានូវបុរស ស្ត្រី និងកុមារអំបូរ Tutsi ជាង២.០០០នាក់នៅក្នុងព្រះវិហារគ្រឹស្តសាសនា Nyange Parish Church។ ការចាប់ខ្លួនជននេះមិនអាចធ្វើឱ្យមានឡើងវិញនូវអ្វីដែលបានបាត់បង់កាលពីខែមេសា ឆ្នាំ១៩៩៤ នៅតំបន់ Kivumu ទេ តែយើងសង្ឃឹមថា វានឹងផ្តល់ឱ្យពួកជនរងគ្រោះនូវការជួយសម្រាលទុក្ខខ្លះថា ការប្រយុទ្ធដើម្បីយុត្តិធម៌សម្រាប់ក្រុមជនជាទីស្រឡាញ់របស់ពួកគេនឹងមានបន្ត ហើយការពិតជាក់ស្តែងជុំវិញការស្លាប់របស់ពួកគេនឹងត្រូវរកមកបង្ហាញឱ្យឃើញដោយពេញលេញ»។
ស.រ.អ.បន្តផ្តល់រង្វាន់រហូតដល់៥លានដុល្លារសម្រាប់ការចាប់ខ្លួនអ្នករត់គេចខ្លួនរវ៉ាន់ដាបីនាក់នៅសេសសល់ត្រូវស្វះស្វែងរកដោយយន្តការនេះ។
លោក Simonoff ក៏បានទទួលស្គាល់សារៈសំខាន់នៃការកាត់ក្តីកាលពីពេលថ្មីៗនេះក្នុងករណីឈ្មោះ Jovica Stanisic និងឈ្មោះ Franko Simatovic។ ការកាត់ក្តីដែលត្រូវបានរង់ចាំយូរមកហើយនេះបញ្ជាក់អំពីការទទួលខុសត្រូវរបស់ពួកគេជាអ្នកចូលរួមក្នុងឧក្រិដ្ឋកម្មរួមគ្នាមួយដើម្បីបំបាត់ក្រុមជនស៊ីវិលដោយបង្ខំតាមរយៈឧក្រិដ្ឋកម្មនៃការធ្វើទុក្ខបុកម្នេញ ការសម្លាប់ ការបណ្តេញចេញ និងសកម្មភាពអមនុស្សធម៌ក្នុងប្រទេសបូស្នីនិងហឺហ្ស៊ីហ្គូវីណានិងប្រទេសក្រូអាស៊ី។ វាជាករណីចុងក្រោយបំផុតទាក់ទិនជាមួយឧក្រិដ្ឋកម្មឃោរឃៅត្រូវប្រព្រឹត្តក្នុងអតីតប្រទេសយូហ្គោស្លាវី។
នៅមានសល់ករណីតែមួយគត់ទាក់ទិនជាមួយឧក្រិដ្ឋកម្មស្នូលនៅចំពោះមុខតុលាការ គឺករណីឈ្មោះ Felicien Kabuga ត្រូវចោទប្រកាន់ពីបទបម្រើការជាអ្នកផ្តល់ប្រាក់កាសដល់ក្រុមជីវពលនិងពួកនយោបាយដែលបានធ្វើការប្រល័យពូជសាសន៍ក្នុងប្រទេសរវ៉ាន់ដា។
លោក Simonoff បានថ្លែងថា ជោគជ័យនៃយន្តការនេះអាស្រ័យលើកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីរដ្ឋទាំងអស់។ ស.រ.អ.ពេញចិត្តដោយកត់សម្គាល់ថា កំណើនសហការរវាងប្រទេសបូស្នីនិងហឺហ្ស៊ីហ្គូវីណា ម៉ុងតេណេហ្គ្រោ និងប្រទេសស៊ែប៊ីអំពីករណីឧក្រិដ្ឋកម្មសង្គ្រាម ព្រមទាំងរបាយការណ៍ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្រូអាស៊ីបានផ្ទេរការសុំជំនួយដល់អាជ្ញាធរតុលាការសម្រាប់បំពេញសកម្មភាព។
លោក Simonoff បានថ្លែងថា៖ «យើងសង្ឃឹមថា តំបន់នេះអាចបន្តធ្វើឱ្យមានការជឿនលឿនអំពីកិច្ចសហប្រតិបត្តិការ ពីព្រោះក្រុមជនរងគ្រោះបានរង់ចាំយូរណាស់មកហើយសម្រាប់ឱ្យមានយុត្តិធម៌។ ជាពិសេស យើងបន្តសុំដល់ប្រទេសស៊ែប៊ីឱ្យធ្វើសកម្មភាពតាមដីកាចាប់ខ្លួនឈ្មោះ Jojic និងឈ្មោះ Radeta»។
ស.រ.អ.នឹងបន្តជំរុញឱ្យមានយុត្តិធម៌ ការទុកចិត្តគ្នាទៅវិញទៅមក និងការផ្សះផ្សាគ្នាជាមូលដ្ឋានដើម្បិឱ្យមានសន្តិភាពនិងស្ថិរភាព៕