តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទ្វីបអាហ្វ្រិកកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយសម្រាប់តំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក (sub-Sahara) ដែលទទួលស្គាល់ប្រជាជាតិ និងប្រជាជនអាហ្វ្រិកជាដៃគូក្នុងការធ្វើឱ្យកិច្ចការដែលជាអាទិភាពរួមគ្នាជឿនលឿនទៅមុខ។
គោលដៅដូចគ្នាទាំងនោះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទំនាក់ទំនងរវាងប្រទេសរវ៉ាន់ដា និងសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីការបរទេស Blinken បានមានប្រសាសន៍ថា «អ្នកបានងើបចេញពីផេះនៃអំពើប្រល័យពូជសាសន៍ដើម្បីក្លាយជាគោលដៅសកលសម្រាប់ការច្នៃប្រឌិត ការវិនិយោគ និងទេសចរណ៍»។
សហរដ្ឋអាមេរិក និងប្រទេសរវ៉ាន់ដាបានធ្វើការរួមគ្នាដើម្បីកែលម្អគុណភាពនៃប្រព័ន្ធថែទាំសុខភាពរវ៉ាន់ដា ពង្រឹងផលិតកម្មកសិកម្មនិងសន្តិសុខស្បៀង ពង្រីកឱកាសសេដ្ឋកិច្ចនិងពង្រឹងប្រព័ន្ធអប់រំដើម្បីឱ្យយុវជនរវ៉ាន់ដាទទួលបានអំណាចសម្រាប់ភាពជោគជ័យផ្នែកសេដ្ឋកិច្ច។
ក្នុងភាពជាដៃគូជាមួយកម្មវិធី COVAX សហរដ្ឋអាមេរិកបានបរិច្ចាគវ៉ាក់សាំងសម្រាប់ទប់ទល់នឹងជំងឺកូវីដ១៩ ជាង៥លាន ៥សែនដូសដល់ប្រទេសរវ៉ាន់ដាដែលបានជួយប្រទេសនេះ ចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនបានជិត៧០ ភាគរយ។
ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានជួយប្រជាជន រវ៉ាន់ដាចំនួនជាង២លាន ៨សែននាក់ឱ្យទទួលបានអគ្គិសនីប្រើប្រាស់ជាលើកដំបូង។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីរវ៉ាន់ដាលោក Paul Kagame លោករដ្ឋមន្ត្រី Blinken ក៏បានលើកឡើងពីបញ្ហាដែលគួរឱ្យព្រួយបារម្ភដែល មានរួមទាំងរបាយការណ៍គួរឱ្យទុកចិត្តបានដែលបង្ហាញពីការគាំទ្ររបស់ប្រទេសរវ៉ាន់ដាចំពោះក្រុមឧទ្ទាម M23 និងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរវ៉ាន់ដានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬ DRC នោះផងដែរ។ លោក Blinken បានព្រមានថា៖ «សាររបស់ខ្ញុំទៅកាន់លោកប្រធានាធិបតី [Felix] Tshisekedi និងលោកប្រធានាធិបតី Kagame គឺថា ការគាំទ្រ ឬកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រដាប់អាវុធណាមួយនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬ DRC នោះ នឹងបង្កគ្រោះថ្នាក់ដល់សហគមន៍មូលដ្ឋាន និងស្ថិរភាពក្នុងតំបន់។ ហើយគ្រប់ប្រទេសក្នុងតំបន់ត្រូវតែគោរពបូរណភាពទឹកដីរបស់ប្រទេសដទៃ»។
ប្រធានាធិបតីរវ៉ាន់ដា និងប្រធានាធិបតីកុងហ្គោបានយល់ព្រមបន្តកិច្ចចរចាជាមួយក្រុមប្រដាប់អាវុធក្នុងបរិបទនៃគម្រោង Nairobi Process (ដែលជាគម្រោងមានគោលបំណងជំរុញឱ្យមានការជជែកវែកញែកពាក់ព័ន្ធនឹងការផ្តល់ការគាំទ្រដល់អ្នកស្រាវជ្រាវនៅក្នុងការអប់រំឧត្តមសិក្សានៅអាហ្វ្រិក) ហើយប្រទេសទាំងពីរស្វាគមន៍ការបន្តការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលអាហ្វ្រិកនាំមុខ។
បញ្ហាមួយទៀតដែលគួរឱ្យព្រួយបារម្ភសម្រាប់សហរដ្ឋអាមេរិកគឺការជំរុញឱ្យមានការការពារសិទ្ធិមនុស្ស និងការគាំទ្រដល់សង្គមស៊ីវិលនៅក្នុងប្រទេសរវ៉ាន់ដា។ លោក Blinken បានប្រកាសថា៖ «យើងជឿថា ប្រជាជននៅគ្រប់ប្រទេសគួរតែអាចបញ្ចេញទស្សនៈរបស់ពួកគេដោយមិនភ័យខ្លាចការបំភិតបំភ័យ ការចាប់ដាក់គុក អំពើហិង្សា ឬទម្រង់នៃការគាបសង្កត់ណាមួយឡើយ។ ការណ៍នេះ គឺមិនថាពួកគេជាអ្នកប្រឆាំងនយោបាយ អ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត ឬពលរដ្ឋសាមញ្ញនោះទេ»។ លោក Blinken ក៏បានលើកឡើងទៅកាន់មន្ត្រីរវ៉ាន់ដាផងដែរអំពីការបន្តឃុំខ្លួនដោយអយុត្តិធម៌ចំពោះលោក Paul Rusesabagina ដែលមានសិទ្ធិរស់នៅស្របច្បាប់ជាអចិន្ត្រៃយ៍នៅក្នុងសហរដ្ឋអាមេរិក។
លោក Blinken បាននិយាយទៀតថា៖ «យើងមានការកោតសរសើរយ៉ាងខ្លាំងបំផុតដល់ប្រជាជនរវ៉ាន់ដា ភាពក្លាហានរបស់ពួកគេ ភាពធន់របស់ពួកគេ អ្វីគ្រប់យ៉ាងដែលពួកគេបានសាងសង់ឡើង។ ហើយយើងសង្ឃឹមថា ការសន្ទនារបស់យើងក្នុងពេលកន្លងមក នឹងជួយឱ្យភាពជាដៃគូរបស់យើងកាន់តែរឹងមាំថែមទៀត»៕