Accessibility links

Breaking News

បទ​វិចារណកថា៖ មិន​អាច​មាន​សន្តិភាព​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដោយ​គ្មាន​​យុត្តិធម៌​ទេ


(រូប​ឯកសារ) ពិព័រណ៍​សិល្បៈ​មួយ​នៅ​ប្រទេស​ប៉ូឡូញ​ តំណាង​ឱ្យ​ឧក្រិដ្ឋកម្ម​រុស្ស៊ី​នៅ​អ៊ុយក្រែន។
(រូប​ឯកសារ) ពិព័រណ៍​សិល្បៈ​មួយ​នៅ​ប្រទេស​ប៉ូឡូញ​ តំណាង​ឱ្យ​ឧក្រិដ្ឋកម្ម​រុស្ស៊ី​នៅ​អ៊ុយក្រែន។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោកស្រី Beth Van Schaack ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​យុត្តិធម៌​សាកល​ប្រឆាំងនឹង​ឧក្រិដ្ឋកម្មបាន​ប្រកាស​នៅក្នុងសវនកម្ម​កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​សភា​សហរដ្ឋអាមេរិក​ថា​ត្រូវ​តែ​មាន​យុត្តិធម៌​សម្រាប់​ជនជាតិ​អ៊ុយក្រែន​រាប់​លាន​នាក់​ដែលជីវភាពពួក​គេត្រូវ​បានបង្អាក់​និង​បំផ្លាញដោយសារសង្គ្រាមឈ្លានពាន​បង្កដោយ​ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin។​

សហរដ្ឋ​អាមេរិក​កំពុង​រក​វិធី​ជា​ច្រើនសម្រាប់យក​ពួក​ជន​ទទួល​ខុសត្រូវ​ដល់​ការរំលោភ​បំពាន​ទាំង​នេះ​ទៅ​ឱ្យ​តុលាការ​កាត់​ទោស។​ លោកស្រី​ឯកអគ្គរដ្ឋទូត Schaack បាននិយាយថាវិធី​ទីមួយ​ទាក់ទិនជា​មួយ​តុលាការ​និង​ស្ថាប័នអន្តរជាតិ។

លោកស្រី Schaack បាននិយាយ​ថា៖ «ការ​ប្រឹងប្រែង​របស់យើង​នៅ​ទីនេះមានរួម​ការធ្វើការ​ដើម្បី​បង្កើត​ហើយបន្ទាប់មកបន្ត​អាណត្តិគណៈកម្មការស៊ើបអង្កេត​របស់​អ.ស.ប.​សម្រាប់​អ៊ុយក្រែន។​ មាន​ការនិយាយ​យោង​ច្រើន​ដង​ដល់​យន្តការ​មូស្គូ​នៃ​អង្គការសន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​នៅអឺរ៉ុប។ ​យើង​ក៏​ធ្វើ​អន្តរាគមន៍ក្នុងករណីរបស់អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ីតាមរយៈ​អនុសញ្ញា​ស្តី​ពី​ការ​ប្រល័យ​ពូជសាសន៍​នៅ​ចំពោះមុខ​តុលាការយុត្តិធម៌​អន្តរជាតិ។ ​ហើយ​ជា​ទី​បញ្ចប់...រដ្ឋអាជ្ញានៃ​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ...បានចេញ​ដីកាចាប់ខ្លួន​ពីរ​ដោយ​ជោគជ័យ»។​

លោក​ស្រីឯកអគ្គរដ្ឋទូត Van Schaack បាន​ពន្យល់​ថា វិធី​ទី​ពីរ​ដើម្បី​រក​យុត្តិធម៌​មាន​គោលដៅ​ពង្រឹង​និង​បង្កើន​សមត្ថភាព​ស្ថាប័ន​អ៊ុយក្រែន​ដើម្បី​ប្រមួលឯកសារ ​ស៊ើបអង្កេត​និងយក​ពួក​ជនឧក្រិដ្ឋ​មក​កាត់ទោស ក្នុង​តុលាការ​អ៊ុយក្រែន។

លោក​ស្រី​បាន​និយាយ​ថា៖ ​«មក​ទល់​នឹង​ពេល​នេះ​ ការិយាល័យអគ្គរដ្ឋអាជ្ញា​អ៊ុយក្រែន​បាន​កត់ត្រា​ឧក្រិដ្ឋកម្មជិត​៩ម៉ឺនដែល​អាច​យកអ្នកប្រព្រិត្ត​ទៅ​កាត់ទោស​ក្នុង​តុលាការ​បាន។ តាមរយៈក្រុមទីប្រិក្សា​ខាង​ឧក្រិដ្ឋកម្ម​ឃោរឃៅ.​..យើងផ្តល់ជំនួយ​និង​ការ​ណែនាំ​ខាងភាព​ជំនាញ ការ​កសាង​សមត្ថភាព ការ​ហ្វឹកហ្វឺនខាងភាព​ជំនាញអំពី​សេចក្តី​ត្រូវការ​ខាង​ការ​កាត់ទោស​ក្នុង​តុលាការ​និង​ខាងការ​ស៊ើប​អង្កេតរបស់​អគ្គរដ្ឋអាជ្ញា។ ការណ៍​នេះមានរួម​ការយក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​អំពើហិង្សា​ខាងភេទ​ទាក់ទិន​នឹង​សង្គ្រាម​នេះផងដែរ»។

លោកស្រី​ Schaack បាន​ពន្យល់​ថា៖ «វិធី​ទី​បីដើម្បីរក​យុត្តិធម៌គឺ​គាំទ្រដល់​ក្តីក្តាំ​យុទ្ធសាស្ត្រដែល​អាចកើតមាន​ក្នុងរដ្ឋ​ទីបី» មាន​រួម​ក្នុង​អឺរ៉ុបផង​ដែរ។

លោក​ស្រី​ឯកអគ្គរដ្ឋទូត Van Schaack បាន​ថ្លែង​ថា ​ការយក​ពួក​ជន​ប្រព្រឹត្ត​ល្មើស​ខាងឧក្រិដ្ឋកម្ម​ឈ្លានពាន​ទៅ​កាត់ទោស​ក៏​ជា​វិធី​មួយ​ទៀត​នៃ​ការ​ឱ្យ​មាន​យុត្តិធម៌​ដែរ។

លោក​ស្រី​បានពោល​ថា៖ «ការអនុញ្ញាត​ឱ្យមាននិទណ្ឌភាព​សម្រាប់​សង្គ្រាម​ឈ្លានខុសច្បាប់​របស់​រុស្ស៊ីនឹង​ធ្វើឱ្យ​តួអង្គ​ឯ​ទៀតៗ​ហ៊ានធ្វើការរំលោភ​ឥតលាក់លៀមស្រដៀង​គ្នា​នេះ​លើ​អធិបតេយ្យភាព បូរណភាព​ដែនដីនិង​ឯករាជ្យ​នយោបាយ​របស់​រដ្ឋឯទៀតៗ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាយើង​គាំទ្រឱ្យ​មាន​ការបង្កើតតុលាការ​ពិសេស​មួយសម្រាប់​យកពួក​ជន​មាន​ការ​ទទួល​ខុសត្រូវ​ច្រើន​បំផុតក្នុង​ឧក្រិដ្ឋកម្ម​នៃ​ការឈ្លានពានទៅ​ឱ្យ​តុលាការ​កាត់ទោស»។

លោកស្រីឯកអគ្គរដ្ឋទូត Van Schaack បានប្រកាសថា៖ «មិន​អាច​មាន​សន្តិភាព​ប្រកប​ដោយសន្តិសុខ​ឬ​ជាប់លាប់ទេ​ បើ​គ្មាន​យុត្តិធម៌។ ការ​ឱ្យ​រុស្ស៊ីទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្មសង្គ្រាម​របស់​ខ្លួន ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​និង​អំពើ​ឃោរឃៅ​ឯ​ទៀតៗនៅ​ក្នុងប្រទេស​អ៊ុយក្រែននិង​ប្រឆាំង​នឹង​ប្រជារាស្ត្រ​អ៊ុយក្រែន​មាន​សារៈសំខាន់​ក្នុង​ការ​ការពារ​គុណ​តម្លៃ​របស់​សហរដ្ឋ​អាមេរិក និង​ក្នុង​ការ​រក្សា​ឱ្យ​មាន​ពិភពលោក​មួយ​ដែល​មាន​សន្តិភាព យុត្តិធម៌​ និង​សន្តិសុខ»៕

XS
SM
MD
LG