Accessibility links

Breaking News

បទវិចារណកថា៖ អាមេរិក​សរសើរ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC រឿង​ពង្រឹង​យុត្តិធម៌​ជុំវិញ​ពិភពលោក


តុលាការ​នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល (CAR) នៅក្នុង​សេចក្តី​សម្រេច​ជា​ប្រវត្តិសាស្ត្រ​មួយ​បាន​កាត់ទោស​សមាជិក​ក្រុម​ប្រដាប់​អាវុធ​បីនាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ២០ ឆ្នាំ​ដល់​មួយ​ជីវិត​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
តុលាការ​នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល (CAR) នៅក្នុង​សេចក្តី​សម្រេច​ជា​ប្រវត្តិសាស្ត្រ​មួយ​បាន​កាត់ទោស​សមាជិក​ក្រុម​ប្រដាប់​អាវុធ​បីនាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ២០ ឆ្នាំ​ដល់​មួយ​ជីវិត​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ឬ ICC ​គឺជា​តុលាការអចិន្ត្រៃយ៍​អន្តរជាតិ​តែមួយ​គត់​ដែល​មាន​យុត្តាធិការ​កាត់ទោស​ជន​ទាំង​ឡាយ​ណា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ឈ្លានពាន។ កាលពី​ចុងខែ​តុលា​កន្លង​ទៅ​ ប្រធាន​តុលាការ ICC ​បាន​បង្ហាញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​តុលាការ​នេះ​ជូន​ដល់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ ឆ្នាំនេះ​គឺ​ជា​ខួប​ទី២០​នៃ​ការ​បង្កើត​ស្ថាប័ន​តុលាការ​នេះ​ ហើយ​ជា​ឆ្នាំ​ដ៏​ពិសេស ​ដោយសារ​មាន​កំណត់ត្រា​សំណុំ​រឿង​ដល់ទៅ​ ៥​ ដែល​កំពុង​បន្ត​ជំនុំ​ជម្រះ។

តុលាការ ICC​ គឺ​ជា​ឧបករណ៍​សំខាន់​ចាំបាច់​ក្នុង​ការ​ធានា​យុត្តិធម៌​អន្តរជាតិ ​សម​ដូច​ប្រសាសន៍​របស់​ប្រតិភូ​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Andrew Weinstein ​ដែល​បាន​ថ្លែង​ថា៖ «តុលាការ ​ICC បាន​ផ្តល់​យុត្តិធម៌​ដ៏​សំខាន់​សម្រាប់​ជន​រងគ្រោះ​នៅ​ជុំវិញ​ពិភពលោក»។

«សកម្មភាព​តុលាការ ​ICC ​នៅ​ក្នុង​គ្រប់​ស្ថានភាព​ទាំងអស់​នៅ​ក្នុង​ពិភពលោក​ គូស​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​ឋាន:​ជា​ផ្នែក​ដ៏​សំខាន់​នៃ​និម្មាបនកម្ម​សកល​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​ជា​ការ​រំឭក​ឲ្យដឹង​ពី​ភាព​សំខាន់​ចាំបាច់​នៃ​យុត្តិធម៌ ​ទោះបី​ជា​វា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សម្រេច​ឲ្យបាន​យុត្តិធម៌​នោះ​ក្តី»។

ក្នុងចំណោម​សំណុំ​រឿង​សំខាន់ៗ​បំផុត​ដែល​តុលាការ ​ICC ​ជំនុំជម្រះ​នៅ​ឆ្នាំ​នេះ ​គឺ​ការ​កាត់ទោស ​មេបញ្ជាការ ​ក្រុម​សកម្ម​ប្រយុទ្ធ Janjaweed ឈ្មោះ Ali Mohammed Ali Abd-al Rahman ​ដែល​គេ​ស្គាល់​ជាទូទៅ​ឈ្មោះ Ali Kushayb។ នេះ​ជា​ការ​ជំនុំ​ជម្រះ​ក្តី​លើក​ដំបូង​ចំពោះ​មេដឹកនាំ​ជាន់ខ្ពស់​ទាំងឡាយ​ពី​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ដែល​បាន​ប្រព្រឹត្ត ​ដោយ​របប​គ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី​ស៊ូដង់​លោក Omar al-Bashir ​ទៅលើ​ពលរដ្ឋ​តំបន់​ Darfur។ ដូចគ្នា​នេះ​ដែរ ​តុលាការ ​ICC ​បាន​ធ្វើ​កិច្ចការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ​ដើម្បី​នាំ​ខ្លួន​លោក Alfred Yekatom លោក Patrice Ngaisonna ហើយនិង​លោក Mahamat Said Abdel Kani ​មក​កាត់ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ សំណុំ​រឿង​នេះ​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ភាព​គ្មាន​ទោស​ពៃរ៍​ឬ​និទណ្ឌភាព​ដ៏​មាន​សក្តានុពល​មួយ។

«ជន​ទាំង​ឡាយ​ដែល​អាច​នឹង​ត្រូវ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ ICC ចេញ​ដីកា​ចាប់ខ្លួន ​ត្រូវតែ​ប្រឈមមុខ​នឹង​យុត្តិធម៌​នៅ​ចំពោះ​មុខ​ដំណើរ​ការ​ច្បាប់​ដ៏​ត្រឹមត្រូវ ​ឯករាជ្យ ​និង​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បាន»។

លោក Weinstein ប្រតិភូ​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ មកដល់​ចំណុច​នេះ ​យើង​ត្រូវតែ​ដោះស្រាយ ​«បញ្ហា​សង្គ្រាម​ដ៏​ឃោរឃៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ទីនោះ​មាន​ពលរដ្ឋ​យ៉ាង​ច្រើន​ប្រឈមមុខ​នឹង​ការ​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​ដោយ​កងទ័ព​រុស្ស៊ី​ជា​រៀង​រាល់​ថ្ងៃ»។

«សហរដ្ឋ​អាមេរិក​គាំទ្រ​ដល់​ការ​ស៊ើប​អង្កេត​អន្តរជាតិ​ជា​បន្ត​បន្ទាប់​ទាក់ទិន​នឹង​អំពើ​ឃោរឃៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​រួម​មាន​ទាំង​សំណុំ​រឿង​ដែល​ស៊ើប​អង្កេត​ដោយ​តុលាការ​ ICC ដោយ​អង្គការ​សហប្រជាជាតិ ​និង​ដោយ​អង្គការ​សម្រាប់​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​សហភាព​អឺរ៉ុប​ផង​ដែរ។ យើង​នឹង​បន្ត​ឈរ​ជាមួយ​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ដ៏​ឃោរឃៅ​របស់​រុស្ស៉ី ​និង​ ស្វែងរក​យុត្តិធម៌ ​ហើយនិង​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»។

«យុត្តិធម៌​មិនមែន​ជា​រឿង​សំខាន់​ចាំបាច់​ផ្នែក​សីលធម៌​តែមួយ​មុខ​នោះ​ទេ​ តែ​វា​ជា​រឿង​ដ៏​សំខាន់​ចាំបាច់​ក្នុង​ការ​ថែរក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ។ សហរដ្ឋ​អាមេរិក​គឺជា​អ្នកគាំទ្រ​ពេញ​ទំហឹង ​ចំពោះ​ការ​ទទួល​ខុសត្រូវ ​និង​យុត្តិធម៌​ប្រកប​ដោយ​អត្ថន័យ​សម្រាប់​ជន​រងគ្រោះ​ពី​អំពើ​ឃោរឃៅ ​ទាំងឡាយ។ ទាំងនេះ​គឺជា​តម្លៃ​ស្នូល និង​ជា​ការ​ពង្រឹង​យុត្តិធម៌​ដ៏​ល្អ​បំផុត​ តាម​រយ:ការ​ប្តេជ្ញា​រួមគ្នា ​ហើយ​តុលាការ​ ICC​ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ប្តេជ្ញា​រួមគ្នា​ដើម្បី​យុត្តិធម៌»៕

XS
SM
MD
LG