តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ជាមួយការទម្លាក់របបគ្រប់គ្រងរបស់ប្រធានាធិបតី Omar al-Bashir នៃប្រទេសស៊ូដង់ កាលពីខែមេសាឆ្នាំ២០១៩ មានសេចក្ដីសង្ឃឹមអំពីយុត្តិធម៌ដែលត្រូវបានពន្យារពេលយូរមកហើយសម្រាប់ប្រជាជនក្នុងតំបន់ Darfur នាប៉ែកខាងលិចនៃប្រទេសស៊ូដង់។ ការបះបោរមួយកាលពីឆ្នាំ២០០៣បានទទួលរងភាពឃោរឃៅខ្លាំងពីពួកជីវពល Janjaweed ដែលលម្អៀងទៅខាងរដ្ឋាភិបាល។ ក្រុមទាហាននិងប៉ូលិសស៊ូដង់ក៏មានពាក់ព័ន្ធនឹងអំពើឃោរឃៅទាំងនោះដែរ។ ជាលទ្ធផល មនុស្សប្រមាណ៣សែននាក់បានស្លាប់ហើយ២លាន៧សែននាក់ទៀតត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
កាលពីពីរឆ្នាំមុននេះ រដ្ឋាភិបាលថ្មីបានសន្យាថាស៊ូដង់នឹងធ្វើតាមការសន្យារបស់ខ្លួនថានឹងផ្តល់យុត្តិធម៌ឱ្យក្រុមជនរងគ្រោះនៅ Darfur ដែលជាការសន្យាមួយត្រូវពន្យារពេលដោយការចូលក្តាប់អំណាចរដ្ឋាភិបាលដោយពួកយោធាកាលពីខែតុលាមុន។
ទោះជាយ៉ាងណាក៏ដោយ ក៏កាលពីខែមេសា តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅក្រុងឡាអេបានកាត់ទោសអតីតមេបញ្ជាការជាន់ខ្ពស់នៃក្រុម Janjaweed ឈ្មោះ Ali Abd-al Rahman ហៅ Ali Kushayb។ គាត់ប្រឈមនឹងបទចោទប្រកាន់អំពីឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិចំនួន៣១បទល្មើស។ ការកាត់ក្តីនេះចាប់ដំណើរការឡើងក្រោយរយៈពេលដ៏យូរ ហើយក្រុមជនរងគ្រោះដោយពួកជីវពល Janjaweed កំពុងនិយាយពីរឿងរ៉ាវរបស់ពួកគេហើយកំពុងរង់ចាំយុត្តិធម៌។
អ្នកតំណាងរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Richard Mills បាននិយាយថា៖ «ភ័ស្តុតាងសំខាន់នៅក្នុងក្តីប្រឆាំងនឹងឈ្មោះ Ali Abd-al Rahman គឺការឆ្លើយជាកសិណសាក្សីនៃពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់រាប់សិបនាក់ ដែលច្រើននាក់ក្នុងបណ្តាពួកជនទាំងនេះនៅរស់នៅក្នុងតំបន់ Darfur នៅឡើយ»។
លោក Mills បាននិយាយថា៖ «ក្នុងរយៈពេលបីបួនសប្ដាហ៍មុននេះ ជនរងគ្រោះច្រើននាក់ ដែលជាច្រើននាក់ក្នុងចំណោមជនទាំងនេះជាអ្នកនៅរស់រានពីអំពើហិង្សា បានធ្វើដំណើររាប់ពាន់ម៉ៃល៍ មកកាន់ក្រុងឡាអេ ដើម្បីនិយាយអំពីរឿងពួកគេផ្ទាល់»។
អតីតប្រធានាធិបតី Omar al-Bashir នៃប្រទេសស៊ូដង់និងពួកជនឯទៀតៗដែលមានទាក់ទិននឹងអំពើឃោរឃៅបំផុតនេះក្នុងតំបន់ Darfur ក៏ត្រូវបានចោទប្រកាន់ដែរ ហើយកំពុងរង់ចាំការកាត់ទោស។ លោកឯកអគ្គរដ្ឋទូត Mills បានថ្លែងថា៖ «អាជ្ញាធរស៊ូដង់បានសម្រួលទស្សនកិច្ចដោយរដ្ឋអាជ្ញានិងក្រុមបុគ្គលិកលោក ហើយបានចាត់វិធានការឯទៀតៗកាលពីពេលថ្មីៗនេះសម្រាប់ផ្តល់ជំនួយដល់ការស៊ើបអង្កេតរបស់ពួកគេនៅ Darfur ដែលជាព័ត៌មានគួរជាទីស្វាគមន៍ណាស់។ យើងសុំដល់អាជ្ញាធរឱ្យបន្តធ្វើតាមកាតព្វកិច្ចខាងផ្លូវច្បាប់របស់ពួកគេនៅក្នុងប្រទេសនិងអន្តរជាតិ... ហើយសហការជាមួយតុលាការ ICC ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាជន Darfur»។
លោក Mills បានពោលថា៖ «អាជ្ញាធរស៊ូដង់ត្រូវបន្តអនុញ្ញាតឱ្យក្រុមអ្នកធ្វើការរបស់តុលាការ ICC ធ្វើដំណើរនៅខាងក្នុងប្រទេសស៊ូដង់និងធ្វើកិច្ចសហប្រតិបត្តិការជាមួយការសុំភ័ស្តុតាងនិងព័ត៌មានឯទៀតៗនិងជំនួយ មានរួមតាមរយៈការជួបដោយគ្មានការបង្អាក់នូវពួកសាក្សីសំខាន់ៗនិងសម្រួលវត្តមាននៅនឹងកន្លែងនៃពួកអ្នកធ្វើការរបស់តុលាការ ICC ផងដែរ»។
លោកឯកអគ្គរដ្ឋទូត Mills បានមានប្រសាសន៍ថា៖ «ពួកជនទាំងឡាយណាដែលមានដីកាចាប់ខ្លួនដោយតុលាការ ICC ត្រូវតែប្រឈមនឹងយុត្តិធម៌ ហើយត្រូវតែបញ្ជូនខ្លួនទៅកាត់ទោស។ សហរដ្ឋអាមេរិកនឹងបន្តឈរជាមួយប្រជាជនស៊ូដង់ក្នុងការគាំទ្រការប្រឹងប្រែងរបស់តុលាការ ICC ដើម្បីជំរុញការទទួលខុសត្រូវខ្ពស់»៕