តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ជើងទ្រក្រានីតពណ៌ខ្មៅនៅកន្លែងអនុស្សាវរីយ៍ហាយនភាពនៅទីក្រុង Baltimore មានចារភាសិតល្បីល្បាញបំផុតរបស់លោក George Santayana ថា៖ «ជនទាំងឡាយណាដែលមិនអាចចងចាំអតីតកាលបានត្រូវបានផ្តន្ទាទោសឱ្យធ្វើសកម្មភាពពីអតីតកាលទៀត»។ ព្រោះហេតុនេះហើយបានជាថ្ងៃទី២៧ ខែមករា ដែលជាថ្ងៃដែលជំរំប្រមូលផ្តុំនិងជំរំមរណៈ Auschwitz-Birkenau ត្រូវបានរំដោះកាលពីឆ្នាំ១៩៤៥ ត្រូវបានប្រារព្ធជាទិវារំឭកហាយនភាពអន្តរជាតិ។
ហាយនភាពជាលទ្ធផលនៃ«ដំណោះស្រាយចុងក្រោយបង្អស់»នៃប្រទេសអាល្លឺម៉ង់ណាហ្ស៊ីដល់អ្វីដែលពួកគេហៅថា «បញ្ហាក្រុមជនអំបូរជ្វីហ្វ»ដែលជាការប៉ុនប៉ងកម្ចាត់ក្រុមជនអំបូរជ្វីហ្វនៅអឺរ៉ុប។
ការណ៍នេះដាច់ដោយឡែកពីកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ពួកណាហ្ស៊ី។ ជាការពិត ជាញឹកញយ«ដំណោះស្រាយចុងក្រោយបង្អស់»បានគ្របដណ្តប់លើការប្រឹងប្រែងធ្វើសង្គ្រាម៖ ទោះជាមានសេចក្តីត្រូវការបុគ្គលិកនិងសម្ភារៈនៅខ្សែប្រយុទ្ធជួរមុខក៏ដោយ ក៏គ្មានធនធានអ្វីត្រូវបានបង្វែរពីការចាត់ចែងកិច្ចការនៅជំរំមរណៈទេ។ នៅទីបញ្ចប់«ដំណោះស្រាយចុងក្រោយបង្អស់»បាននាំឱ្យមានការសម្លាប់ក្រុមជនអំបូរជ្វីហ្វ ៦ លាននាក់។
នៅពេលសព្វថ្ងៃនេះ នៅពេលដែលព្រឹត្តិការណ៍អាក្រក់ៗទាំងនេះរសាយពីការចងចាំនៅសម័យសង្គ្រាមលោកលើកទីពីរ នៅក្នុងប្រទេសជាច្រើនមានកំណើនការបដិសេធនិងការបំភ្លៃហាយនភាព។
លោកស្រី Ellen Germain ជាប្រេសិតពិសេសសម្រាប់បញ្ហាហាយនភាពនៅការិយាល័យកិច្ចការអឺរ៉ុបនិងអាស៊ី-អឺរ៉ុប។ លោកស្រីបាននិយាយថា៖ «វាហាក់ដូចជាហួសនិស្ស័យមិនគួរឱ្យជឿថា ជាង៧៥ឆ្នាំក្រោយការបញ្ចប់សង្គ្រាមលោកលើកទីពីរ មានមនុស្សនៅតែបដិសេធនិងបំភ្លៃការពិតជាក់ស្តែងនៃការសម្លាប់ប្រល័យពូជសាសន៍ ដែលជាអំពើឃោរឃៅមានចែងជាឯកសារល្អបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ យើងមានភស្តុតាងគរដូចភ្នំ ការឆ្លើយជាកសិណសាក្សីរបស់អ្នកនៅរស់ និងការពណ៍នាដោយអ្នកឃើញហេតុការណ៍ដោយផ្ទាល់ តាំងពីអ្នកដែលបានរំដោះជំរំប្រមូលផ្តុំនិងជំរំមរណៈ។ តែការបដិសេធនិងការបំភ្លៃអំពីហាយនភាពនៅតែមានតទៅទៀត»។
អង្គការសម្ពន្ធភាពរំឭកហាយនភាពនិយាយថា៖ «ការបដិសេធហាយនភាពស្វះស្វែងលុបចោលប្រវត្តិសាស្ត្រនៃហាយនភាព។ ដោយធ្វើដូច្នេះ ពួកអ្នកបដិសេធហាយនភាពស្វះស្វែងធ្វើឱ្យលទ្ធិណាហ្ស៊ីនិយមនិងការប្រឆាំងនឹងជនអំបូរជ្វីហ្វជាការត្រឹមត្រូវ។ ពួកអ្នកបំភ្លៃហាយនភាពទទួលស្គាល់ថា ទិដ្ឋភាពនៃហាយនភាពជាការពិត។ ក៏ប៉ុន្តែ ពួកគេបែរជានិយាយការពារ បន្ថយឱ្យនៅតូច ឬធ្វើឱ្យឃើញខុសពីការពិតអំពីហាយនភាពតាមវិធីផ្សេងៗ និងតាមរយៈបណ្តាញព័ត៌មាននានា»។
លោកស្រីប្រេសិតពិសេស Germain បានថ្លែងថា៖ «ការប្រឆាំងនឹងការបដិសេធនិងការបំភ្លៃហាយនភាពជាការសំខាន់ពីព្រោះការប្រឹងប្រែងទាំងអស់ដើម្បីបន្ថយឬធ្វើឱ្យស្រពិចស្រពិលការពិតជាក់ស្តែងអំពីអ្វីៗដែលបានកើតមាននិងអំពីនរណាជាអ្នកផ្សំគំនិតជាការប្រមាថមើលងាយដល់ក្រុមជនរងគ្រោះនិងពួកអ្នកនៅរស់ពីហាយនភាព។ វាជាការសំខាន់ពីព្រោះការបដិសេធនិងការបំភ្លៃព្រឹត្តិ្កការណ៍ទាំងនេះនឹងបង្កើនការប្រឆាំងនឹងក្រុមជនអំបូរជ្វីហ្វ។ វាមានសារៈសំខាន់ពីព្រោះវាអាចបង្កើនភាពជ្រុលនិយមហិង្សាផងដែរ»។
លោកស្រីបានពោលថា៖ «ការប្រឆាំងនឹងការបដិសេធនិងការបំភ្លៃហាយនភាពមានសារៈសំខាន់ពីព្រោះវាគំរាមកំហែងសមត្ថភាពរបស់យើងក្នុងការយល់ដឹងនិងរៀនពីប្រវត្តិសាស្ត្រហាយនភាព»។
លោកស្រី Ellen Germain បាននិយាយថា៖ «មិនត្រូវមានទៀតជាដាច់ខាតនូវមេរៀនសីលធម៌សំខាន់បំផុតមួយដែលពិភពលោកអាចទាញយកពីហាយនភាព»៕