តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីដើមខែមករា ក្រសួងការបរទេសស.រ.អ. បានចុចឈ្មោះអតីតប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃតុលាការ និងប្រធានក្រុមប្រឹក្សារដ្ឋអាជ្ញាប្រទេស Bosnia and Herzegovina ឈ្មោះ Milan Regeltija និងប្រធានចលនាសកម្មភាពប្រជាធិបតេយ្យហៅកាត់ PDA និងជាសមាជិករដ្ឋសភាឈ្មោះ Mirsad Kukic ដោយសារការទាក់ទិនរបស់ពួកគេជាមួយអំពើពុករលួយ។
ការចុចឈ្មោះនេះ នាំឱ្យ Tegeltija និង Kukic គ្មានសិទ្ធិចូលក្នុងស.រ.អ.។ សកម្មភាពរបស់ពួកគេ ធ្វើឱ្យអន្តរាយដល់នីតិរដ្ឋ ជំនឿរបស់សាធារណជន ស្ថាប័នប្រជាធិបតេយ្យ និងដំណើរការសាធារណៈរបស់រដ្ឋាភិបាលពួកគេ ព្រមទាំងដល់សន្តិភាពនិងភាពសំបូររុងរឿងសម្រាប់ពលរដ្ឋប្រទេស Bosnia and Herzegovina ផងដែរ។ ការចុចឈ្មោះ Kukic និង Tegeltija ត្រូវបានធ្វើតាមរយៈច្បាប់ឆ្នាំ២០២១ ស្តីពីកម្មវិធីក្រសួងការបរទេសទាក់ទិននឹងកិច្ចប្រតិបត្តិការបរទេសនិងការចាត់ចែងប្រាក់កាស។
មានហេតុផលនាំឱ្យជឿបានថា ក្នុងឋានៈគាត់ជាផ្លូវការជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់តុលាការ និងប្រធានក្រុមប្រឹក្សារដ្ឋអាជ្ញា ឈ្មោះ Tegeltija បានប្រើឥទ្ធិពលនិងអំណាចនយោបាយរបស់គាត់ដើម្បីទារយកកម្រៃជាថ្នូរនឹងការធ្វើអន្តរាគមន៍ក្នុងដំណើរការតុលាការ។ បន្ថែមលើនេះ គាត់បានលូកលាន់ក្នុងការតែងតាំងមន្ត្រីតុលាការ និងតំណែងសាធារណៈផងដែរ។
ក្នុងឋានៈជាផ្លូវការរបស់គាត់ជាអ្នកចាត់ចែងក្រុមហ៊ុនរ៉ែ Banovici ដែលជារបស់សាធារណៈ ឈ្មោះ Kukic បានប្រើប្រាស់មូលនិធិសាធារណៈសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយក្នុងឋានៈជាអ្នកតំណាងរាស្ត្រម្នាក់ គាត់បានជ្រៀតជ្រែកក្នុងការជួល និងតែងតាំងបុគ្គលិកដើម្បីឱ្យបានផលប្រយោជន៍ខាងនយោបាយផ្ទាល់ខ្លួន។
បន្ថែមលើ Tegeltija និង Kukuc ក្រសួងការបរទេសស.រ.អ. បានចុចឈ្មោះប្រពន្ធ Tegeltija ឈ្មោះ Tijina Tegeltija ផងដែរ។
រដ្ឋាភិបាលស.រ.អ. ក៏បានចាត់វិធានការប្រឆាំងនឹងឈ្មោះ Milorad Dodik ដែលត្រូវជាសមាជិកម្នាក់ក្នុងគណៈប្រធានាធិបតីនៃប្រទេស Bosnia and Herzegovina ជាការឆ្លើយតបនឹងសកម្មភាពពុករលួយ និងសកម្មភាពនាំឱ្យមានអស្ថិរភាព។ ការិយាល័យត្រួតត្រាធនធានបរទេសហៅ OFAC នៃក្រសួងហិរញ្ញវត្ថុស.រ.អ. បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចតាមរយៈបទបញ្ជានីតិប្រតិបត្តិលេខ ១៤០៣៣ លើ Dodik និងលើបណ្តាញផ្សាយព័ត៌មានដែលគាត់ត្រួតត្រា។ បណ្តាញព័ត៌មាន Alternativn Televizija d.o.o. Banja Luka នៅ Banja Luka សាធារណរដ្ឋ Republika Srpska ជាកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនមួយ មានទាក់ទិនជាមួយគ្រួសារ Dodik។ តែ Dodik ត្រួតត្រា ATV នៅក្រោយឆាក ដូចជាការតម្រូវឱ្យគាត់យល់ព្រមលើរឿងផ្សាយតាមបណ្តាញព័ត៌មានទាក់ទិននឹងភាពរសើបខាងនយោបាយ។
ការចុចឈ្មោះជនទាំងនេះ បញ្ជាក់អំពីការប្តេជ្ញារបស់ស.រ.អ.ដល់អធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេស Bosnia and Herzegovina នីតិរដ្ឋ និងស្ថាប័នប្រជាធិបតេយ្យ និងអនាគតល្អជាងមុនសម្រាប់ពលរដ្ឋប្រទេសនេះ។ រដ្ឋាភិបាលស.រ.អ. នឹងបន្តប្រើវិធានការសមរម្យទាំងអស់ដើម្បីដោះស្រាយអំពើពុករលួយ និងអស្ថិរភាពក្នុងតំបន់បាល់កង់។ រដ្ឋមន្ត្រីការបរទេស ស.រ.អ. លោក Antony Blinken បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស.រ.អ. «នឹងបន្តប្រើអំណាចសមរម្យដើម្បីផ្ចុងផ្តើមភាពមានការទទួលខុសត្រូវខ្ពស់សម្រាប់ក្រុមតួអង្គនៅក្នុងតំបន់នោះ និងនៅទូទាំងពិភពលោក៕