Accessibility links

Breaking News

បទវិចារណកថា៖ គោលនយោបាយ​សហរដ្ឋ​អាមេរិក​ចំពោះ​ផ្នែក​ខាង​លិច​នៃ​តំបន់​បាល់កង់


លោក Miroslav Lajcak ប្រេសិត​ពិសេស​របស់​សហភាព​អឺរ៉ុប​សម្រាប់​តំបន់​បាល់កង់​ខាងលិច និង​នាយក​រដ្ឋមន្ត្រី​ម៉ុងតេណេហ្គ្រោ លោក Zdravko Krivokapic នៅក្នុងទីក្រុង Podgorica នៃ​​ប្រទេស​ម៉ុងតេណេហ្គ្រោ។
លោក Miroslav Lajcak ប្រេសិត​ពិសេស​របស់​សហភាព​អឺរ៉ុប​សម្រាប់​តំបន់​បាល់កង់​ខាងលិច និង​នាយក​រដ្ឋមន្ត្រី​ម៉ុងតេណេហ្គ្រោ លោក Zdravko Krivokapic នៅក្នុងទីក្រុង Podgorica នៃ​​ប្រទេស​ម៉ុងតេណេហ្គ្រោ។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​ប្ដេជ្ញា​គាំទ្រ​បណ្ដា​ប្រទេស​នៅ​ផ្នែក​ខាង​លិច​នៃ​តំបន់​បាល់កង់​ចំពោះ​ការ​ឈាន​ឆ្ពោះ​របស់​ពួកគេ​ទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​ជាមួយ​នឹង​ទ្វីប​អឺរ៉ុប និង​ការ​ធ្វើ​ជា​សមាជិក​នៅ​ក្នុង​ស្ថាប័ន​អឺរ៉ុប​ និង​ស្ថាប័ន​អឺរ៉ុប​អាត្លង់ទិក​នានា។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើង​កំពុង​ធ្វើការ​ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅ​ភាគ​ខាង​លិច​តំបន់​បាល់កង់​ និង​ជាមួយ​នឹង​ដៃគូ​នានា​របស់​យើង​នៅ​ទ្វីប​អឺរ៉ុប ដើម្បី​ជំរុញ​ទៅ​មុខ​នូវ​អភិបាលកិច្ច នីតិរដ្ឋ និង​កំណែ​ទម្រង់​ប្រឆាំង​អំពើ​ពុករលួយ ក៏​ដូចជា​លើក​កម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​សង្គម​ស៊ីវិល​ដ៏​រស់​រវើក​ផងដែរ»។

ករណី​នេះ​នឹង​ជំរុញ​ទៅ​មុខ​នូវ​គោល​បំណង​ជា​យូរ​មក​ហើយ​ដែល​ចង់​ឲ្យ​ទ្វីប​អឺរ៉ុប​មាន​ភាព​ពេញលេញ សេរីភាព និង​សន្តិភាព។

សហរដ្ឋ​អាមេរិក​ ប្ដេជ្ញា​ជួយ​បណ្ដា​ប្រទេស​នៅ​ភាគ​ខាង​លិច​នៃ​តំបន់​បាល់កង់​ឲ្យ​ពង្រឹង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ផ្ទាល់​របស់​ពួកគេ សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​ផ្នែក​អាកាសធាតុ ទប់ទល់​នឹង​ការ​បង្ខិតបង្ខំ​របស់​ប្រទេស​រុស្ស៊ី​លើ​ផ្នែក​ថាមពល​តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​ថាមពល​ច្រើន​ប្រភេទ​ ​និង​ការ​អភិវឌ្ឍ​ថាមពល​ស្អាត និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ​និង​ឧក្រិដ្ឋកម្ម​រៀបចំ​ទុក​ជា​មុន។

លោក Price បាន​បញ្ជាក់​ថា៖ «យើង​ក៏​ចង់​ជួយ​តំបន់​ទាំង​មូល​ផងដែរ​ឲ្យ​រីក​ចម្រើន​និង​រុងរឿង ហើយ​ស្រប​ពេល​នោះ​ដែរ ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ ​និង​ឧស្សាហកម្ម​នានា​ប្រឆាំង​នឹង​ការ​អនុវត្ត​អាក្រក់​របស់​ប្រទេស​ចិន»។

បន្ថែម​ទៅ​នឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ខ្លាំងក្លា​របស់​ខ្លួន​ជាមួយ​នឹង​តំបន់​នោះ សហរដ្ឋ​អាមេរិក​ផ្ដល់​តម្លៃ​លើ​ភាព​ជា​ដៃគូ​របស់​ខ្លួន​នៅ​ក្នុង​ផ្នែក​ការពារ​និង​សន្តិសុខ ដែល​ក្នុង​នោះ​មាន​ទាំង​ភាព​ជា​ដៃគូ​ជាមួយ​នឹង​ប្រទេស​ម៉ុងតេណេហ្គ្រោ និង​ប្រទេស​ម៉ាសេដ្វាន​ខាង​ជើង ដែល​ជា​សម្ព័ន្ធមិត្ត​ថ្មី​របស់​អង្គការ​អូតង់ (NATO) ផងដែរ។

លោក Price បាន​និយាយ​ថា៖ «យើង​ស្វាគមន៍​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ដែល​ប្រទេស​អាល់បានី​ និង​ប្រទេស​ម៉ាសេដ្វាន​ខាង​ជើង​បាន​ធ្វើ​លើ​កំណែ​ទម្រង់​សំខាន់ៗ និង​បន្ត​គាំទ្រ​ការ​បើក​ឲ្យ​មាន​ការ​ចរចា​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ជាមួយ​ប្រទេស​ទាំង​ពីរ​នៅ​ខែ​មិថុនា​ខាង​មុខ»។

សហរដ្ឋ​អាមេរិក​ប្រុងប្រៀប​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​គាំទ្រ​កិច្ចការ​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​ដ៏​ទូលំទូលាយ​ និង​មិន​អាច​ចាត់ទុក​ជា​មោឃៈ​បាន​រវាង​ប្រទេស​កូសូវ៉ូ​និង​ស៊ែប៊ី ផ្អែក​លើ​ការ​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​គ្រឹះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ ​និង​វិបុលភាព​ដ៏​យូរ​អង្វែង។

លោក Price បាន​និយាយ​ថា៖ «យើង​គាំទ្រ​ការ​សន្ទនា​ដែល​សម្របសម្រួល​ដោយ​សហភាព​អឺរ៉ុប និង​លើក​ទឹកចិត្ត​ដៃគូ​នានា​ឲ្យ​ចូលរួម​ឡើង​វិញ​ជា​បន្ទាន់​នៅ​ក្នុង​ដំណើរការ​នេះ​ដើម្បី​ដោះស្រាយ​ទាំង​បញ្ហា​បច្ចេកទេស​និង​បញ្ហា​នយោបាយ»។

សហរដ្ឋ​អាមេរិក ​កំពុង​ធ្វើការ​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​ដើម្បី​គាំទ្រ​ប្រទេស​បូស្នី​នៅ​ក្នុង​ការ​បន្ត​សម្រេច​ឲ្យ​បាន​នូវ​កំណែ​ទម្រង់​នានា រួម​ទាំង​កំណែ​ទម្រង់​ការ​បោះឆ្នោត​ផងដែរ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ ​រីក​ចម្រើន​និង​បាន​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

ការិយាល័យ​អ្នក​តំណាង​ជាន់​ខ្ពស់ (OHR) ដែល​បាន​បង្កើត​ឡើង​កាលពី ២៥ ឆ្នាំ​មុន នៅ​ក្រោម​កិច្ច​ព្រមព្រៀង​សន្តិភាព Dayton បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ទីនោះ។

លោក Price បាន​ព្រមាន​ថា ការ​ប៉ាន់ស្មាន​គ្មាន​ហេតុផល​កាលពី​ពេល​ថ្មីៗ​នេះ ​អំពី​ការ​ផ្លាស់ប្ដូរ​ព្រំដែន​នៅ​ក្នុង​តំបន់​បាល់កង់​តាម​ក្រុម​ជាតិ​សាសន៍ ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់ និង​ធ្វើ​ឲ្យ​នឹក​ឃើញ​ឡើង​វិញ​នូវ​ភាព​តានតឹង​ពី​អតីតកាល។

លោក Price ថ្លែង​ដូច្នេះ​ថា៖ «អនាគត​ស្ថិតស្ថេរ​និង​រីក​ចម្រើន​សម្រាប់​ផ្នែក​ភាគ​ខាង​លិច​នៃ​តំបន់​បាល់កង់​ត្រូវតែ​ផ្អែក​លើ​អភិបាល​កិច្ច​ល្អ នីតិរដ្ឋ លទ្ធិ​ប្រជាធិបតេយ្យ​ពហុ​ជាតិ​សាសន៍ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​នានា»៕

XS
SM
MD
LG