បទ​វិចារណកថា៖ កិច្ចព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​រវាង​អ៊ីស្រាអែល និង​អេមីរ៉ាត​អារ៉ាប់រួម

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក

លោក​ប្រធានាធិបតី Donald Trump បាន​សម្របសម្រួលការ​ចរចា ​ដែល​សម្រេច​បានកិច្ចព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​មួយ​ រវាង​ប្រទេស​អ៊ីស្រាអែល និង​អេមីរ៉ាត​អារ៉ាប់រួម។

នេះគឺ​ជា​កិច្ចព្រមព្រៀង​ដំបូង​បំផុត​ ក្នុងរយៈពេល​ ២៥​ឆ្នាំ ​កន្លង​មក​នេះ ដែល​ធ្វើឲ្យ​ទំនាក់​ទំនង​រវាង​អ៊ីស្រាអែល​និង​ប្រទេស​អារ៉ាប់​ដ៏​ធំ​មួយ​មាន​ប្រក្រតីភាពឡើងវិញ​។ ក្តីសង្ឃឹម​នោះ គឺ​ថា បណ្តា​ប្រទេស​អារ៉ាប់​និង​ប្រទេស​កាន់​សាសនា​ឥស្លាម​កាន់​តែច្រើន​ឡើង នឹង​ដើរ​តាម​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​នេះ​ក្នុង​ការធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​របស់​ខ្លួន​ មាន​ភាព​ប្រក្រតីវិញជាមួយ​ប្រទេស​អ៊ីស្រាអែល។

កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ជា​កិច្ចព្រមព្រៀង Abraham Accord។ ​ឈ្មោះ Abraham នេះ​ត្រូវបាន​យក​តាមឈ្មោះ​អង្គព្រះ Abraham​ នៅក្នុង​គម្ពីរប៊ីប ​ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា ជា​បិតា​នៃ​សាសនា​សំខាន់ៗ​ទាំងបី​នៅ​ក្នុង​តំបន់ គឺ​សាសនា​ជ្វីស សាសនាគ្រីស្ទ និង​សាសនា​ឥស្លាម។

ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ីស្រាអែល ​លោក David Friedman បាន​ពន្យល់​ថា៖ «គ្មាន​នរណា​ម្នាក់​ជា​និមិត្តរូប​សម្រាប់​ឯកភាព​ដ៏​មាន​សក្តានុពល​ក្នុង​ចំណោម​ជំនឿ​ដ៏​អស្ចារ្យ​ទាំងបី​នេះ បាន​ល្អប្រសើរ​ជាង​ព្រះ Abraham ឡើយ»។

កិច្ចព្រមព្រៀង Abraham Accord នេះ គឺជា​ការ​ទម្លាយ​រនាំង​ដ៏​សំខាន់​មួយ ​សម្រាប់​ពលរដ្ឋ​កាន់​សាសនា​ឥស្លាម​នៅ​ទូទាំង​ពិភពលោក ដែល​មាន​បំណង​ចង់​ទៅ​ថ្វាយបង្គំ​នៅ​វិហារ Al Aqsa នៅក្នុង​ទីក្រុង Jerusalem (​ហ្ស៊េរុយសាឡិម​) ព្រោះ​ថា​ឥឡូវនេះ ពួកគេ​នឹង​អាច​ជិះ​យន្តហោះ​តាម​ជើង​ហោះហើរ​ដោយផ្ទាល់​ទៅ​កាន់​ទីក្រុង Tel Aviv ពី​រាជធានី Abu Dhabi នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម។

តាមរយៈ​ការលើក​ទឹកចិត្ត​ឲ្យ​មាន​ការធ្វើ​ដំណើរកាន់តែ​ច្រើន​នោះ វា​នឹង​ជួយ​ប្រឆាំង​នឹង​ក្រុម​ជ្រុលនិយម ដែល​ប្រើ​ប្រាស់​ការពណ៌នា​មិនពិត ដែល​ថា ​វិហារ​ឥស្លាម Al Aqsa កំពុង​រង​ការវាយប្រហារ ហើយ​ថា​ប្រជាពលរដ្ឋ​កាន់សាសនា​ឥស្លាម មិន​អាច​ទៅថ្វាយ​បង្គំ​នៅ​ទីតាំង​ដ៏​បរិសុទ្ធ​នោះ។

ដូច​ដែល​លោក​ប្រធានាធិបតី Trump បាន​បញ្ជាក់​យ៉ាងច្បាស់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ក្នុង​ឆ្នាំ ២០១៧ ថា៖ «បញ្ហា​នៅ​តំបន់​មជ្ឈិម​បូព៌ា អាច​ត្រូវ​បាន​ដោះស្រាយ​ នៅពេល​ដែល​ប្រជាពលរដ្ឋ​នៃ​សាសនា​ទាំងអស់​រួមគ្នា ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាពជ្រុលនិយម​នៃ​អ្នក​កាន់​សាសនា​ឥស្លាម និង​ស្វែងរក​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​នៃ​សាសនា​ទាំងអស់»។

ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​នេះ អ៊ីស្រាអែល​និង​អេមីរ៉ាត​អារ៉ាប់រួម នឹង​ចាប់ផ្តើម​ដាក់​ស្ថានទូត​ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​នៅក្នុង​ប្រទេស​ទៅ​វិញ​ទៅមក ​ហើយនឹង​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិ​គ្រប់​ជាន់ថ្នាក់​លើ​វិស័យ​ជាច្រើន ​រួម​មាន​ទេសចរណ៍ អប់រំ សុខាភិបាល ពាណិជ្ជកម្ម និង​សន្តិសុខ។

គោលដៅ​ចុងក្រោយ​សំខាន់​បំផុត​នៃ​កិច្ចព្រមព្រៀង Abraham Accord នេះ គឺ​ជា​ការត្រួសត្រាយ​ផ្លូវ​ ក្នុង​ការស្វែងរក​សន្តិភាព​យូរអង្វែង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

លោក​ប្រធានាធិបតី Trump បាន​ថ្លែង​ថា៖ «ចក្ខុវិស័យ​របស់​យើង គឺ​សន្តិភាព សន្តិសុខ​និង​វិបុលភាព​នៅក្នុង​តំបន់​នេះ និង​នៅ​ជុំវិញ​ពិភពលោក។ គោលដៅ​របស់​យើង គឺ​ការ​បង្កើត​នូវ​សម្ព័ន្ធ​នៃ​ប្រជាជាតិ​មួយ​ ដែល​មាន​គោលបំណងរួម​ក្នុង​ការ​បំបាត់​ចោល​នូវ​ភាពជ្រុលនិយម និង​ផ្តល់​ដល់​កូនចៅ​របស់​យើង​នូវ​អនាគត ​ប្រកប​ដោយ​ក្តីសង្ឃឹម​ដែល​គោរព​តាម​បំណង​របស់ព្រះ​ជាម្ចាស់»៕