តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលរុស្ស៊ីបានធ្វើការដើម្បីធ្វើឲ្យអន្តរាយដល់សាមគ្គីភាពរបស់បណ្ដាប្រទេសនៅសងខាងមហាសមុទ្រអាត្លង់ទិច និងធ្វើឲ្យស្ថាប័នប្រជាធិបតេយ្យចុះខ្សោយនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីធ្វើឲ្យប្រទេសជិតខាងពឹងផ្អែកលើខ្លួនកាន់តែខ្លាំងជាងមុន។
ដោយហេតុនេះហើយកាលពីរដូវក្តៅឆ្នាំមុន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID បានចាប់ផ្តើមអនុវត្តគម្រោងការងារអភិវឌ្ឍទប់ទល់ឥទ្ធិពលអាក្រក់របស់រដ្ឋាភិបាលរុស្ស៊ី ឬ CMKI ។
ទីភ្នាក់ងារ USAID កំពុងទប់ទល់នឹងការប៉ុនប៉ងរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ និងការពឹងពាក់លើខ្លួនឯងនៃបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប និងអឺរ៉ុបអាស៊ី ដោយការស្ថាបនាភាពធន់ផ្នែកសេដ្ឋកិច្ចនិងលទ្ធិប្រជាធិបតេយ្យនៃបណ្តាប្រទេសជាដៃគូ។
លោក Brock Bierman ឧបការីរដ្ឋបាលទទួលបន្ទុកកិច្ចការតំបន់អឺរ៉ុបនិងអឺរ៉ុបអាស៊ី នៃទីភ្នាក់ងារ USAID បាននិយាយថា តាមការពិត គម្រោង CMKI «មិនមែនអំពីប្រទេសរុស្ស៊ី និងប្រជាពលរដ្ឋរុស្ស៊ីនោះទេ»។
លោក Brock Bierman និយាយថា៖ «គម្រោងការងារនេះរចនាឡើងដើម្បីជួយប្រទេសនានាឲ្យធ្វើការសម្រេចចិត្តដោយខ្លួនឯង ពឹងពាក់លើខ្លួនឯងកាន់តែច្រើនជាងមុន មានភាពឯករាជ្យម្ចាស់ការជាងមុន និងអនុញ្ញាតិឲ្យពួកគេអាចធ្វើការសម្រេចចិត្តបាន»។
លោក Brock Bierman បញ្ជាក់ថា គម្រោង CMKI នេះ ផ្តោតលើផ្នែកជាក់លាក់ចំនួន ៤ ដូចខាងក្រោម៖
«ទី១ លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីជួយកសាងប្រជាធិបតេយ្យនៅក្នុងប្រទេសទាំងអស់ អនុញ្ញាតិឲ្យប្រជាពលរដ្ឋអាចសម្រេចជ្រើសរើសមាគ៌ាខាងមុខសម្រាប់រដ្ឋាភិបាលរបស់ពួកគេ ដើម្បីធ្វើឲ្យប្រាកដថា ពួកគេបោះឆ្នោតជ្រើសរើសមនុស្សដែលពួកគេចង់ឲ្យតំណាងពួកគេនៅក្នុងរដ្ឋាភិបាល»។
«ទី២ យើងកំពុងធ្វើការទាក់ទិននឹងបញ្ហាព័ត៌មានក្លែងក្លាយ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ វាមានសារៈសំខាន់ណាស់ដែលពលរដ្ឋអាចពឹងផ្អែកលើកន្លែងណាដែលពួកគេអាចទទួលបានព័ត៌មាន។យើងនឹងជួយចំពោះបញ្ហានេះ»។
«ទី៣ យើងក៏កំពុងជួយនៅក្នុងវិស័យថាមពលផងដែរ និងធ្វើឲ្យប្រាកដថា យើងជួយប្រទេសទាំងនោះឲ្យមានឯករាជ្យភាពកាន់តែខ្លាំងឡើងលើវិស័យថាមពល»។
ចំណុចទី ៤ គឺទាក់ទិននឹងបញ្ហាសេដ្ឋកិច្ច និងការអនុញ្ញាតិឲ្យប្រទេសទាំងនោះសម្រេចថាតើពួកគេចង់ផ្តោតលើការធ្វើពាណិជ្ជកម្ម និងភាពជាដៃគូរបស់ពួកគេនៅកន្លែងណា។
លោក Bierman បញ្ជាក់ថា៖ «ផ្ទុយពីរដ្ឋាភិបាលរុស្ស៊ី សហរដ្ឋអាមេរិកមានតម្លាភាពណាស់»។
មិនត្រឹមតែរដ្ឋាភិបាលរុស្ស៊ីនិងក្រុមតំណាងរដ្ឋាភិបាលរុស្ស៊ីប៉ុណ្ណោះទេ ដែលចង់ឲ្យប្រទេសដទៃមានការពឹងពាក់លើខ្លួននោះ គេក៏ឃើញផងដែរថា តួអង្គអាក្រក់ផ្សេងទៀតបានប្រើកលល្បិចផ្សេងដើម្បីជះឥទ្ធិពលបន្ថែមទៀតនៅក្នុងបណ្តាប្រទេសដែលងាយរងគ្រោះ។
លោក Bierman បានលើកឡើងថា តួអង្គអាក្រក់ទាំងនោះមានដូចជា សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាក្រុមហ៊ុនរបស់ខ្លួនដែលធ្វើប្រតិបត្តិការអាជីវកម្មដោយពុករលួយជាដើម។
លោក Bierman ថ្លែងដូច្នេះថា៖ «ជាថ្មីម្ដងទៀត យើងកំពុងស្វះស្វែងធ្វើឲ្យច្បាស់ថា យើងជួយប្រទេសនានាឲ្យក្លាយជាប្រទេសអាចពឹងផ្អែកលើខ្លួនឯងបាន។ ពួកគេយល់អំពីកិច្ចព្រមព្រៀងដែលពួកគេកំពុងធ្វើជាមួយប្រទេសចិន ដើម្បីធ្វើឲ្យប្រាកដថា ពួកគេយល់ថា បច្ចេកវិទ្យាដែលពួកគេកំពុងប្រើប្រាស់អាចបណ្ដាលឲ្យមានបញ្ហាសន្តិសុខ និងអាចប៉ះពាល់ដល់ព័ត៌មានឯកជនរបស់ខ្លួន និងដើម្បីធ្វើឲ្យច្បាស់ថា ទោះបីវាជាបច្ចេកវិទ្យាឬក៏ឧបករណ៍ក៏ដោយ គឺពួកគេត្រូវតែយល់ឲ្យបានច្បាស់នៅពេលដែលពួកគេចុះហត្ថលេខាលើឯកសារសំខាន់ៗ និងយល់អំពីលទ្ធផលដែលបានមកពីការចុះហត្ថលេខានោះ មិនថាពួកគេចុះហត្ថលេខាដើម្បីទទួលបានបច្ចេកវិទ្យានោះ ឬក៏ពួកគេខកខានមិនបានសងប្រាក់កម្ចីរបស់ខ្លួនក៏ដោយ»។
លោក Bierman បានណែនាំថា អ្នកដែលចាប់អារម្មណ៍ចង់ដឹងអំពីកម្មវិធី CKMI សូមចូលទៅកាន់វិបសាយដែលមានអាស័យដ្ឋាន https://www.usaid.gov ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចការរបស់ទីភ្នាក់ងារ USAID៕