បទ​វិចារណកថា៖ ការ​កសាង​តំបន់​ហ្កាហ្សា​ឡើងវិញ

(រូប​ឯកសារ) ក្មេង​ប៉ាឡេស្ទីន​ម្នាក់​​ឈរ​នៅ​ក្នុង​រថយន្ត​ដែល​ត្រូវ​បំផ្លាញ​មួយ​គ្រឿង​នៅ​ជំរំ​ជន​ភៀសខ្លួន Bureij នៅ​​កណ្តាល​តំបន់​ហ្កាហ្សា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ ឆ្នាំ ២០២៥។

(រូប​ឯកសារ) ក្មេង​ប៉ាឡេស្ទីន​ម្នាក់​​ឈរ​នៅ​ក្នុង​រថយន្ត​ដែល​ត្រូវ​បំផ្លាញ​មួយ​គ្រឿង​នៅ​ជំរំ​ជន​ភៀសខ្លួន Bureij នៅ​​កណ្តាល​តំបន់​ហ្កាហ្សា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ ឆ្នាំ ២០២៥។

សំណើ​ដ៏​ភ្ញាក់ផ្អើល​មួយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​ថា​សហរដ្ឋ​អាមេរិក​គួរតែ​កាន់កាប់​តំបន់​ហ្កាហ្សា​ហើយ​កសាង​តំបន់​នោះ​ឡើងវិញ​បាន​បង្ក​ឲ្យ​មាន​សំណួរ​ជាច្រើន។

ក៏​ប៉ុន្តែ​អ្វី​ដែល​មិន​គួរ​ឲ្យ​មាន​ចម្ងល់​គឺ​ភាព​រន្ធត់​នៃ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​ហ្កាហ្សា បន្ទាប់ពី​សង្គ្រាម​រយៈពេល ១៦ ខែ​ដែល​បង្ក​ឡើង​ដោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ព្រៃផ្សៃ​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ ២០២៣។

ហើយ​អ្វី​ដែល​មិន​គួរ​ឲ្យ​មាន​ចម្ងល់​ផងដែរ​នោះ​គឺ​ភាព​ពិត​ជាក់ស្ដែង ដូច​ដែល​អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Karoline Leavitt បាន​និយាយ​ដូច្នេះ​ថា «ភាព​ឆ្កួត​វង្វេង​កំពុង​ធ្វើ​រឿង​ដដែល​ម្តង​ហើយ​ម្តង​ទៀត​ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ផ្សេង»។

អ្នកស្រី Leavitt បាន​ថ្លែង​ថា៖ «លោក​ប្រធានាធិបតី Trumpជា​អ្នក​គិត​ផុត​ពី​អ្វី​ដែល​គេ​គិត​ឃើញ និង​ជា​មេដឹកនាំ​ប្រកប​ដោយ​ចក្ខុ​វិស័យ​ដែល​ដោះស្រាយ​បញ្ហា​នានា​ដែល​មនុស្ស​ជាច្រើន ជាពិសេស​នៅ​ក្នុង​ទីក្រុង​នេះ អះអាង​ថា​មិន​អាច​ដោះស្រាយ​បាន»។

អ្នកស្រី Leavitt បាន​និយាយ​ទៀត​ថា សំណើ​របស់​លោក​ប្រធានាធិបតី Trump អំពី​តំបន់​ហ្កាហ្សា​ត្រូវបាន​ធ្វើឡើង «ដោយ​សណ្តានចិត្ត​មនុស្សធម៌»។

នៅ​ឯ​សន្និសីទ​កាសែត​មួយ​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Michael Walz បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​លោក Steve Witkoff ដែល​បាន​វិល​ត្រឡប់​កាលពី​ពេល​ថ្មីៗ​មកពី​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ហ្កាហ្សា បាន​ពណ៌នា​ការ​បំផ្លិចបំផ្លាញ​ដែល​លោក​បាន​ឃើញ​នៅ​ទីនោះ​យ៉ាង​ដូច្នេះ​ថា៖ «មាន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ៣០.០០០ គ្រាប់។ អាគារ​នានា​អាច​ដួលរលំ​គ្រប់​ពេល​ទាំងអស់។ មិន​មាន​ទឹក អគ្គីសនី និង​ហ្គាស​អ្វី​ទាំងអស់​នៅ​ទីនោះ។ ទឹក អគ្គីសនី និង​ហ្គាស​មិន​ដំណើរការ​ទាំងអស់។ ព្រះ​ជាម្ចាស់​ដឹង​ពី​ប្រភេទ​ជំងឺ​អ្វី​ដែល​ប្រហែល​ជា​កើតឡើង​នៅ​ទីនោះ។ ដូច្នេះ នៅពេល​ដែល​លោក​ប្រធានាធិបតី [Trump] ពិភាក្សា​អំពី​ការ​បោស​សម្អាត លោក​ចង់​និយាយ​អំពី​ការ​ធ្វើ​ឲ្យ​តំបន់​នោះ​អាច​រស់នៅ​បាន»។

លោក​បេសកជន​ពិសេស Witkoff បាន​សង្កត់ធ្ងន់​ថា​ផែនការ​របស់​លោក​ប្រធានាធិបតី Trump គឺ​ជា​ផែនការ​រយៈពេល​វែង។

លោក Witkoff និយាយ​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី [Trump] មាន​គោល​បំណង​ធ្វើ​អ្វីៗ​ទាំងអស់​ឱ្យ​បាន​ចប់​សព្វគ្រប់​ដោយ​ត្រឹមត្រូវ។ ដូច្នេះ សម្រាប់​ខ្ញុំ វា​ជា​ការ​មិន​ត្រឹមត្រូវ​ដែល​ត្រូវ​ពន្យល់​ទៅ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ថា​ពួកគេ​ប្រហែល​ជា​អាច​វិល​ត្រឡប់​ទៅវិញ​ក្នុង​រយៈពេល ៥ ឆ្នាំ។ វា​គឺ​មិន​ទំនង​នោះទេ។ ...ហើយ​អ្វី​ដែល​យើង​កំពុង​ព្យាយាម​ធ្វើ​គឺ​ការ​ធ្វើឲ្យ​មាន​តម្លាភាព​ចំពោះ​ប្រជាពលរដ្ឋ​ទាំងនោះ»។

លោក​បេសកជន​ពិសេស Witkoff បាន​និយាយ​ទៀត​ថា បញ្ហា​សំខាន់​មួយ​ដែល​ត្រូវ​ដោះស្រាយ​គឺ​ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នឹង​ទៅ​នៅពេល​ដែល​តំបន់​ហ្កាហ្សា​ត្រូវបាន​កសាង​ឡើងវិញ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Walzបាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​កំពុង​ប្រឡូក​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ហើយ​សម្លឹង​ទៅ​ពួកគេ​ដើម្បី​សុំ​ការ​ជួយ​ជ្រោមជ្រែង។

លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​រួមគ្នា។ មនុស្ស​គ្រប់រូប​ឈឺចាប់​គ្រាំគ្រា​ដោយសារ​សង្គ្រាម​ដែល​ក្រុម​ហាម៉ាស់​បាន​ចាប់ផ្តើម​នេះ។ … ក៏ប៉ុន្តែ ឥឡូវនេះ​យើង​ត្រូវតែ​រក​ឱ្យ​ឃើញ​នូវ [ដំណោះស្រាយ] មួយ​ចំនួន​ចំពោះ​បញ្ហា​នេះ។ ខ្ញុំ​គិត​ថា​លោក​ប្រធានាធិបតី [Trump] បាន​ចាត់​វិធានការ​ប្រកប​ដោយ​សុភវិនិច្ឆ័យ​បំផុត»។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Leavitt បាន​និយាយ​ថា៖ «យើង​មាន​មនុស្ស​ដដែល​ដែល​កំពុង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ដដែល​នេះ​អស់​រាប់​ទសវត្សរ៍​មក​ហើយ។ ហើយ​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​លោក​ប្រធានាធិបតី [Trump] ថា​សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវតែ​ពាក់ព័ន្ធ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ស្ថាបនា​ឡើងវិញ​នេះ​ដើម្បី​ធានា​នូវ​ស្ថិរភាព​នៅ​ក្នុង​តំបន់​នេះ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់»៕