តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី១ ខែតុលា អ៊ីរ៉ង់បានបាញ់បង្ហោះកាំជ្រួចបាល្លីស្ទិកជិត២០០គ្រាប់ដាក់អ៊ីស្រាអែល ដោយកាំជ្រួចមីស៊ីលបាល្លីស្ទិកជាច្រើនបានដៅលើទីក្រុង Tel Aviv ដែលមានប្រជាពលរដ្ឋច្រើនបំផុតរបស់អ៊ីស្រាអែល។
ប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ផ្លោងនេះ សហរដ្ឋអាមេរិកបានកោះប្រជុំមេដឹកនាំក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនជាងគេទាំង៧ប្រទេសឬG-7 ហើយមេដឹកនាំទាំងនោះបានយល់ព្រមថាត្រូវតែមានផលវិបាកធ្ងន់ធ្ងរសម្រាប់អ៊ីរ៉ង់។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfieldបានថ្លែងថា៖ «សហរដ្ឋអាមេរិកបានចេញការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងវិស័យប្រេងរបស់អ៊ីរ៉ង់ រួមមានអ្វីដែលហៅថាកងនាវាខ្មោចឬGhost Fleetដែលបានដឹកជញ្ជូនផលិតផលប្រេងខុសច្បាប់នៅជុំវិញពិភពលោក។ ចក្រភពអង់គ្លេសនិងប្រទេសអូស្ត្រាលីបានចេញការដាក់ទណ្ឌកម្មថ្មីនិងខ្លាំងប្រឆាំងនឹងកម្មវិធីកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់។ ហើយសហភាពអឺរ៉ុប ជាលើកទី១ បានដាក់ទណ្ឌកម្មក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ រួមមានក្រុមហ៊ុនអាកាសចរណ៍ Iran Airផង»។
មានការមូលមតិអន្តរជាតិថា សកម្មភាពដ៏គគ្លើនរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល រួមមានការគាំទ្រក្រុមភេរវកម្មHezbollahដែលជាក្រុមរណបរបស់ខ្លួននៅក្នុងប្រទេសលីបង់ ជាការមិនអាចទទួលយកបាន។ ជាងនេះទៅទៀត អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ដូចដែលអ៊ីស្រាអែលបានធ្វើកាលពីពេលថ្មីៗនេះ។ នេះបើតាមអ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield។
អ្នកស្រីឯកអគ្គរដ្ឋទូតបានថ្លែងយ៉ាងដូច្នេះថា៖ «និយាយឱ្យចំ អ៊ីស្រាអែលបានធ្វើការវាយប្រហារចំៗប្រឆាំងនឹងទីដៅយោធាជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់និងនៅខាងក្រៅតំបន់ដែលគ្មានពលរដ្ឋរស់នៅ។ សហរដ្ឋអាមេរិកមិនបានចូលរួមនៅក្នុងកិច្ចប្រតិបត្តិការយោធានេះទេ។ តែផ្ទុយទៅវិញ យើងបានលើកទឹកចិត្តរដ្ឋាភិបាលអ៊ីស្រាអែលដើម្បីធ្វើឱ្យមានឥទ្ធិពលដល់កិច្ចប្រតិបត្តិការដូចដែលខ្លួនបានធ្វើ ម្តងទៀត ជាការឆ្លើយតបដែលចំទីដៅ សមាមាត្រនិងដោយផ្ទាល់ដើម្បីបន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ដើម្បីគំរាមកំហែងប្រទេសជិតខាងរបស់ខ្លួន ដើម្បីកំញ៉ើញការវាយប្រហារបន្ថែមទៀត និងកាត់បន្ថយហានិភ័យនៃការរាលដាលកាន់តែខ្លាំងឡើង»។
សាររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែលនៅតែច្បាស់។ អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានសង្កត់ថា៖ «យើងជានិច្ចកាលនឹងជួយការពារប្រជាពលរដ្ឋនិងទឹកដីអ៊ីស្រាអែលពីអ៊ីរ៉ង់និងក្រុមភេរវកម្មរណបនិងដៃគូរបស់អ៊ីរ៉ង់»។
សារទៅកាន់អ៊ីរ៉ង់ក៏នៅតែច្បាស់ដែរគឺ៖ «បើអ៊ីរ៉ង់សម្រេចចិត្តធ្វើការបង្កើនសកម្មភាពគឃ្លើនប្រឆាំងនឹងអ៊ីស្រាអែលឬបុគ្គលិកសហរដ្ឋអាមេរិកនៅក្នុងតំបន់ វានឹងមានផលវិបាកយ៉ាងខ្លាំង»។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានប្រកាសថា៖ «មិនមានការច្រឡំទេគឺ៖ សហរដ្ឋអាមេរិកមិនចង់ឃើញការបន្តកើនឡើងភាពតានតឹង។ យើងជឿថា ការណ៍នេះត្រូវតែជាការបញ្ឈប់ការបាញ់តបតដោយផ្ទាល់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់»។
សហរដ្ឋអាមេរិកនឹងបន្តជួយធ្វើឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់មួយ ដោយមានការដោះលែងចំណាប់ខ្មាំង បញ្ចប់ការប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា និងសម្របសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ដល់ជនស៊ីវិលប៉ាឡេស្ទីន។
សហគមន៍អន្តរជាតិមិនត្រូវអនុញ្ញាតឱ្យអនាគតនៃតំបន់នោះត្រូវបានបញ្ជាដោយរដ្ឋាភិបាលក្រុងតេហេរ៉ង់និងក្រុមរណបរបស់អ៊ីរ៉ង់ទេ ដែលសកម្មភាពរបស់ពួកគេមុននិងចាប់តាំងពីថ្ងៃទី៧ ខែតុលាមក បានដាក់ជនស្លូតត្រង់ស៊ីវិលរាប់លាននាក់ក្នុងហានិភ័យ។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfieldបាននិយាយទៀតថា និយាយរួម៖ «យើងត្រូវតែជំទាស់ប្រឆាំងសកម្មភាពនិយាយបង្កាច់របស់អ៊ីរ៉ង់និងបង្កើតអនាគតនៃសន្តិភាព សេចក្តីថ្លៃថ្នូរនិងសន្តិសុខសម្រាប់មនុស្សទាំងអស់»៕
បទវិចារណកថា៖ ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែលនៅតែមិនងាករេ
សហរដ្ឋអាមេរិកនឹងបន្តជួយធ្វើឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់មួយ ដោយមានការដោះលែងចំណាប់ខ្មាំង បញ្ចប់ការប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា និងសម្របសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ដល់ជនស៊ីវិលប៉ាឡេស្ទីន។