បទ​វិចារណកថា៖ ការ​ធ្វើ​ពុត​ជា​អត់ឱន​របស់​លោក Maduro នៅ​ប្រទេស​វ៉េណេស៊ុយអេឡា

រូបឯកសារ៖ ស្ត្រីម្នាក់កាន់បដាមួយពេលចូលរួមធ្វើបាតុកម្មឲ្យមានការដោះលែងអ្នកទោសនយោបាយ នៅទីក្រុង Carascas ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៩។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃ​ទី ៣១ ខែ​សីហា របប​គ្រប់គ្រង​ខុស​ច្បាប់​របស់​លោក Nicolas Maduro នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា បាន​ប្រកាស​ថា ខ្លួន​នឹង​លើកលែង​ទោស​ដោយ​មាន​លក្ខខណ្ឌ​ដល់​មនុស្ស ១១០ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​ទោស​នយោបាយ​ខ្លះ​ផង​ដែរ។

ក្នុង​ចំណោម​អ្នក​ទាំង​នោះ ៥០ នាក់​បាន​ជាប់​ពន្ធនាគារ ៣៧ នាក់​ត្រូវ​បាន​ស៊ើប​អង្កេត និង ២៣ នាក់​ទៀត​ត្រូវបាន​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​រួច​ហើយ។ នៅ​មុន​ពេល​មាន​ការ​ដោះលែង​ទាំង​នេះ របប​គ្រប់គ្រង​ខុស​ច្បាប់​នេះ​បាន​ឃុំឃាំង​អ្នក​ទោស​នយោបាយ​ចំនួន ៣៨៦ នាក់។

អង្គការ​សិទ្ធិ​មនុស្ស Foro Penal បាន​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ ពលរដ្ឋ​វ៉េណេស៊ុយអេឡា ៣៣៣ នាក់​កំពុង​ជាប់​ឃុំឃាំង​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ ក្រៅពី​ការ​ប្រឆាំង​របស់​ពួកគេ​ចំពោះ​របប​គ្រប់គ្រង​ខុស​ច្បាប់​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ខុស​ច្បាប់​នេះ​តែ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​ថា៖ «ការ​លុបចោល​ការ​ចោទប្រកាន់​លើ​អ្នក​ទាំង​នេះ​គឺ​មាន​លក្ខខណ្ឌ ដោយ​អាជ្ញាធរ​គំរាម​ថា​ នឹង​ដកហូត​ប្រយោជន៍​នេះ​វិញ ប្រសិនបើ​មាន​បុគ្គល​ណា​ម្នាក់» ត្រឡប់​ទៅ​ធ្វើ​សកម្មភាព​ភេរវកម្ម អំពើ​ហិង្សា ឬ​និយាយ​អំពី​រដ្ឋប្រហារ» ដូច​ដែល​របប​នេះ​បាន​កំណត់​ស្រេចតែ​ចិត្ត​អំពី​អំពើ​ទាំង​នេះ​នោះ។

លោក​រដ្ឋមន្ត្រី Mike Pompeo បាន​បញ្ជាក់​ទៀត​ថា៖ «មេដឹកនាំ​នយោបាយ​ប្រជាធិបតេយ្យ​ដែល​និរទេស​ខ្លួន​ភាគ​ច្រើន​មិន​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​បាន​ទេ ពីព្រោះ​ពួកគេ​ដឹង​ថា​ពួកគេ​អាច​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​ភ្លាមៗ ហើយ​គ្មាន​ការ​ធានា​រ៉ាប់រង​អំពី​សុវត្ថិភាព​របស់​ពួកគេ​ទាល់តែសោះ។ ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក Juan Requesens មិន​បាន​ត្រូវ​លុបចោល​ទេ ហើយ​លោក​នៅតែ​បន្ត​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​ដដែល។ នៅ​ថ្ងៃ​ជា​មួយ​គ្នា​ដែល​លោក Requesens ត្រូវបាន​ដោះលែង ម្តាយ​របស់​លោក​សមាជិក​សភា Armando Armas ត្រូវបាន​ឃាត់​ខ្លួន​ដោយ​ខុសច្បាប់ ដែល​ករណី​នេះ​រំឮក​យើង​ឲ្យ​ដឹង​ថា របប​គ្រប់គ្រង​នេះ​នៅតែ​រក្សា​ឱ្យ​មាន​ការ​វិល​ចុះ​ឡើង​នៃ​ការ​ចាប់​ឃុំឃាំង និង​ការធ្វើ​ទុក្ខ​បុកម្នេញ​ដើម្បី​គំរាមកំហែង​ឱ្យ​មាន​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​បែប​ឆាក​កំប្លែង​របស់​លោក Maduro កាលពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ»។

«ការ​លើកលែង​ទោស» បែប​នេះ​គឺ​ជា​កលល្បិច​នយោបាយ​មួយ​ដើម្បី​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ​កាល​ពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ ក្លាយជា​ស្រប​ច្បាប់។ អាសនៈ​ទាំង ១៦៧ នៃ​រដ្ឋសភា​គឺ​ជា​ការ​លេងសើច ដែល​ក្នុង​នោះ​មាន​ទាំង​អាសនៈ​របស់​លោក Juan Guaido គូ​ប្រជែង​នយោបាយ​របស់​លោក Maduro ផង​ដែរ។

លោក Juan Guaido បាន​ធ្វើជា​ប្រធានាធិបតី​ស្តីទី​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​មុន​មក​ ក្នុង​ឋានៈ​របស់​លោក​ជា​ប្រធាន​រដ្ឋសភា។ លោក Maduro ក៏​បាន​បង្កើន​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នូវ​អាសនៈ​ចំនួន ១១០ ដើម្បី​ធានា​ឲ្យ​ខ្លួន​បាន​សំឡេង​ភាគច្រើន​បែប​បន្លំ​តាម​គ្រប់​រូបភាព​ទាំង​អស់។

លោក​រដ្ឋមន្ត្រី Mike Pompeo បាន​មាន​ប្រសាសន៍​ថា៖ «ស្ថានភាព​នៃ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​គឺ​មិនមាន​ទេ​នៅ​ក្នុង​ប្រទេសវ៉េណេស៊ុយអេឡា ហើយ​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​មិន​បាន​កែប្រែ​ស្ថានភាព​នេះ​ទេ។ គ្មាន​គណបក្ស​នយោបាយ​ណា​មួយ​ដែល​របប​គ្រប់គ្រង​នេះ​បាន​ដក​មេដឹកនាំ​ចេញ និង​បាន​លួច​ឈ្មោះ និមិត្តរូប និង​ធនធាន​របស់​គណបក្ស​ទាំង​នោះ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​នោះ​ឡើយ។ ... អ្នក​ប្រឆាំង​នឹង​របប​នេះ​ជា​ច្រើន​នៅតែ​ត្រូវ​គេ​ហាមឃាត់​មិន​ឱ្យ​ឈរ​ឈ្មោះ​សម្រាប់​តំណែង​សាធារណៈ ហើយ​នៅ​តែ​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដដែល»។

លោក Mike Pompeo បាន​បន្ថែម​ថា៖ «យើង​ជំរុញ​ដល់​តួអង្គ​ប្រជាធិបតេយ្យ​ទាំងអស់​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​វ៉េណេស៊ុយអេឡា ឱ្យ​បន្ត​ទទូច​ឲ្យ​មាន​ស្ថានភាព​ចាំបាច់​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។ យើង និង​ដៃគូ​ប្រជាធិបតេយ្យ​របស់​យើង​នៅ​ក្នុង​ប្រទេសវ៉េណេស៊ុយអេឡា រួមទាំង​សហគមន៍​អន្តរជាតិ នឹង​មិន​រួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្របច្បាប់​នូវ​ការ​បន្លំ​សន្លឹក​ឆ្នោត​មួយ​លើក​ទៀត​របស់​របប​គ្រប់គ្រង​របស់​លោក Maduro នោះ​ឡើយ។ ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​សក្ដិសម​ទទួល​បាន​សាមគ្គីភាព​ជា​បន្ត​របស់​ពួក​យើង​នៅ​ក្នុង​ការ​តស៊ូ​ប្រឹងប្រែង​របស់​ពួកគេ​ ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ»៕