តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
វាជាដំណឹងល្អមួយដែលលោក Alexei Navalny មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសរុស្ស៊ី បានដឹងខ្លួនឡើងវិញពីការដាក់ថ្នាំសណ្ដំរបស់ពេទ្យ ហើយអាចស្តាប់ឮសំឡេងបាន។ នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតរបស់លោកនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍មួយពីមន្ទីរពេទ្យ Charite បានរំឮកថា «មិនទាន់ដល់ពេលវេលាដែលអាចវាយតម្លៃអំពីផលប៉ះពាល់យូរអង្វែង ដែលអាចកើតមានឡើងដោយសារការណ៍ដែលត្រូវគេបំពុលធ្ងន់ធ្ងរនេះទេ» ។
លោក Navalny ត្រូវបានគេដឹកតាមយន្តហោះពីប្រទេសរុស្ស៊ីទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺនៅពេលជិះយន្តហោះពីតំបន់ Siberia ទៅកាន់ទីក្រុងម៉ូស្គូកាលពីថ្ងៃទី ២០ ខែសីហា និងក្រោយពីវេជ្ជបណ្ឌិតរុស្ស៊ីធ្វើតាមសំណើរបស់ក្រុមគ្រួសារលោក ដោយអនុញ្ញាតឲ្យបញ្ជូនលោកទៅកាន់ប្រទេសអាល្លឺម៉ង់។
វេជ្ជបណ្ឌិតអាល្លឺម៉ង់នៅក្នុងទីក្រុងប៊ែរឡាំង បានសន្និដ្ឋានថា លោក Navalny ដែលជាអ្នករិះគន់ខ្លាំងក្លាលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានគេដាក់ថ្នាំបំពុលដែលស្ថិតក្នុងប្រភេទ ថ្នាំពុល Novichok ដែលជាអាវុធគីមីផលិតដោយប្រទេសរុស្ស៊ី។
បន្ទាប់ពីអ្នកជំនាញសុខាភិបាលអាល្លឺម៉ង់បានប្រកាសអំពីការរកឃើញរបស់ពួកគេមក លោក John Sullivan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី បានអំពាវនាវឲ្យមាន «ការស៊ើបអង្កេតជាបន្ទាន់ដ៏ទូលំទូលាយនិងមានតម្លាភាពមួយដោយអាជ្ញាធររុស្ស៊ី ដើម្បីធ្វើឲ្យអ្នកដែលស្ថិតនៅពីក្រោយសកម្មភាពនេះ ទទួលខុសត្រូវចំពោះមុខច្បាប់»។
អ្នកស្រី Kayleigh McEnamy អ្នកនាំពាក្យសេតវិមាន បានបញ្ជាក់ថា ការដាក់ថ្នាំបំពុលលើលោក Navalny នេះគឺជា «ការណ៍ដែលត្រូវមានទោសទាំងស្រុង»។
អ្នកស្រីបានមានប្រសាសន៍ថា៖ «ប្រទេសរុស្ស៊ីធ្លាប់បានប្រើសារធាតុគីមីដែលធ្វើឲ្យខូចសសៃប្រសាទនេះពីមុន ហើយសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងសហគមន៍អន្តរជាតិ ដើម្បីធ្វើឲ្យអ្នកដែលប្រព្រឹត្តិរឿងនេះនៅក្នុងប្រទេសរុស្ស៊ីមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន នៅពេលណាដែលមានភស្តុតាង និងដើម្បីដាក់កំហិតផ្នែកថវិកាលើសកម្មភាពអាក្រក់របស់ពួកគេ។ ប្រជាពលរដ្ឋរុស្ស៊ីមានសិទ្ធិសម្តែងទស្សនៈរបស់ខ្លួនដោយសន្តិវិធី និងដោយគ្មានការភ័យខ្លាចថា មានការសងសឹកតាមរូបភាពណាមួយ ជាពិសេសតាមការប្រើសារធាតុគីមីបំពុល»។
ដោយសង្កត់ធ្ងន់អំពីភាពចាំបាច់នៅក្នុងការមានការឆ្លើយតបរួម អគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តអូតង់ «បានរួមគ្នាធ្វើការថ្កោលទោស» ការវាយប្រហារដ៏ «រន្ធត់» លើលោក Navalny ហើយបានជំរុញប្រទេសរុស្ស៊ីឲ្យចូលរួមនៅក្នុងការស៊ើបអង្កេតអន្តរជាតិដែលមិនលំអៀងលើហេតុការណ៍នៃការប៉ុនប៉ងធ្វើឃាតនេះ និងស្វែងរកអ្នកទទួលខុសត្រូវចំពោះរឿងនេះ។
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសដែលមានឧស្សាហកម្មជឿនលឿនជាងគេទាំង ៧ ដែលហៅកាត់ថា G7 បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ដោយអំពាវនាវផងដែរដល់ប្រទេសរុស្ស៊ី «ឲ្យផ្ដល់ជាបន្ទាន់និងពេញលេញនូវតម្លាភាពទាក់ទិននឹងអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារ ដោយការដាក់ថ្នាំបំពុលដ៏គួរឲ្យស្អប់ខ្ពើមនេះ និងឲ្យប្រទេសរុស្ស៊ីចងចាំការសន្យារបស់ខ្លួននៅក្រោមសន្ធិសញ្ញាអាវុធគីមី ដើម្បីនាំជនដៃដល់ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់»។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 នេះ បានបញ្ជាក់ទៀតថា៖ «ការវាយប្រហារលើមេដឹកនាំគណបក្សប្រឆាំង [រុស្ស៊ី] លោក Navalny នេះ គឺជាការប៉ះពាល់ធ្ងន់ធ្ងរមួយទៀតលើលទ្ធិប្រជាធិបតេយ្យ និងរបបពហុបក្សក្នុងប្រទេសរុស្ស៊ី។ យើងនឹងបន្តឃ្លាំមើលយ៉ាងដិតដល់ថាតើប្រទេសរុស្ស៊ីធ្វើការឆ្លើយតបតាមរបៀបណាចំពោះការអំពាវនាវរបស់សហគមន៍អន្តរជាតិដែលចង់ឲ្យមានការបកស្រាយអំពីរឿងដាក់ថ្នាំបំពុលដ៏គួរឲ្យស្អប់ខ្ពើមនេះលើលោក Navalny»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានគាំទ្រសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 នេះ ដោយបាននិយាយថា៖ «ការវាយប្រហារនេះបានរំលោភច្បាប់អន្តរជាតិដែលហាមឃាត់ការប្រើអាវុធគីមីបែបនេះ»៕