សហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសកំពុងវិនិយោគលើសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កាលពីដើមខែកុម្ភៈ អូស្ត្រាលីបានចំណាយថវិកាជាលើកដំបូងចំនួន ៥០០ លានដុល្លារសម្រាប់ការវិនិយោគដែលមានទឹកប្រាក់ ៣ ពាន់លានដុល្លារដែលបានសន្យានៅក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីក្នុងចំណោមប្រទេសដែលគេស្គាល់ថា AUKUS។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក PeteHegseth កាលពីពេលថ្មីៗនេះបានទទួលជួបពិភាក្សាជាលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិអូស្រ្តាលីលោក Richard Marles។
លោករដ្ឋមន្ត្រីការពារជាតិHegsethបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង AUKUS និងកិច្ចសហប្រតិបត្តិការកើនឡើងលើសមត្ថភាពក្រោមបាតសមុទ្រនៅក្នុងតំបន់។
លោក Hegseth ថ្លែងដូច្នេះថា៖«នេះមិនមែនជាបេសកកម្មក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលអាមេរិកអាចធ្វើដោយខ្លួនឯងបានទេ។ វាត្រូវតែ[រួមបញ្ចូល]សម្ពន្ធមិត្តនិងដៃគូដ៏ខ្លាំងក្លា។ ការចែករំលែកបច្ចេកវិទ្យានិងនាវាមុជទឹកគឺជាផ្នែកដ៏ធំមួយនៃបេសកកម្មនេះ»។
កិច្ចព្រមព្រៀង AUKUS ដែលបានបង្កើតឡើងដំបូងនៅខែកញ្ញា ឆ្នាំ ២០២១ មានគោលដៅត្របាញ់បញ្ចូលគ្នាពីរ។ គោលបំណងទីមួយគឺការប្រគល់នាវាមុជទឹកបំពាក់អាវុធធម្មតាដែលដើរដោយថាមពលនុយក្លេអ៊ែរទៅឱ្យអូស្ត្រាលី រួមជាមួយនឹងការវិនិយោគដ៏សំខាន់លើមូលដ្ឋានឧស្សាហកម្មរបស់ប្រទេសទាំង ៣។
គោលបំណងទីពីរគឺការបង្កើនសមត្ថភាពរួមនិងអន្តរកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំង ៣។ ករណីនេះគឺរួមមានទាំងការចែករំលែកព័ត៌មានផ្នែកបច្ចេកវិទ្យាដូចជាសមត្ថភាពខាងដែនអ៊ីនធឺណិតបច្ចេកវិទ្យា AI បច្ចេកវិទ្យាកង់ទិក និងសមត្ថភាពក្រោមសមុទ្របន្ថែមទៀតជាដើម។
នៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខ អូស្ត្រាលីបានប្ដេជ្ញាកាលពីដំបូងក្នុងការទិញនាវាមុជទឹកប្រភេទ Virginia ដើរដោយថាមពលនុយក្លែអ៊េរចំនួន ៣ គ្រឿងពីសហរដ្ឋអាមេរិក។ប្រទេសជាដៃគូនានាក៏នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីអភិវឌ្ឍនាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មី SSN-AUKUS ផងដែរ។ នាវាមុជទឹកទាំងអស់នៅក្រោមកិច្ចព្រមព្រៀងAUKUSនឹងធ្វើទៅតាមបទដ្ឋាននៃការមិនរីកសាយភាយអាវុធសាកលលោក។
លោករដ្ឋមន្ត្រី Hegseth បានមានប្រសាសន៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានគាំទ្រកិច្ចព្រមព្រៀង AUKUS និងការវិនិយោគលើវិស័យការពារជាតិនិងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកថ្លែងដូច្នេះថា៖«ផ្នែកមួយនៃអ្វីដែលលោកប្រធានាធិបតី Trump បានតាំងចិត្តធ្វើគឺការកាត់ផ្ដាច់ការិយាធិបតេយ្យជ្រុលហួសហេតុ វិនិយោគលើមូលដ្ឋានឧស្សាហកម្មការពារជាតិ និងតាំងចិត្តធ្វើឱ្យប្រាកដថាយើងឈរជាមួយសម្ពន្ធមិត្តនិងដៃគូរបស់យើង។...[បើធ្វើដូច្នេះ]យើងនឹងមានសម្ពន្ធមិត្តដ៏ល្អបំផុត»។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោកMarlesបាននិយាយថា«កិច្ចព្រមព្រៀង AUKUS គឺជានិមិត្តរូបដ៏មានអំណាចបំផុតមួយរបស់ប្រទេសយើងទាំងពីរដែលធ្វើការជាមួយគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ វាតំណាងឲ្យការកើនឡើងខ្លាំងបំផុតនៃវត្តមានរបស់អាមេរិកនៅអូស្ត្រាលី»។
សហរដ្ឋអាមេរិកបានតាំងចិត្តធ្វើការវិនិយោគលើសម្ពន្ធមិត្តនិងដៃគូរបស់យើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងជុំវិញពិភពលោក៕