បទវិចារណកថា៖ ការ​កាត់ទោស​ដ៏​អយុត្តិធម៌​ក្នុង​ប្រទេស​វៀតណាម​

​អ្នក​សារព័ត៌មាន​ឯករាជ្យ​របស់​​វៀតណាម ​គឺ​លោក​ស្រី Pham Doan Trang បង្ហាញ​ខ្លួន​នៅ​​ក្នុង​សវនាការ​បណ្តឹង​ឧទ្ធរណ៍​របស់​លោកស្រី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ ២០២២ នៅ​ទីក្រុង​ហាណូយ។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋអាមេរិក មាន​ការ​បារម្ភ​ជា​ខ្លាំងទៅ​លើ​សាលក្រម​របស់​តុលាការ​ជាន់ខ្ពស់​ប្រជាជន​នៃ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ដែល​បាន​តម្កល់​សាលក្រម​កាត់ទោស​៩​ឆ្នាំ​ លើ​អ្នក​និពន្ធ​និង​ជា​អ្នក​សារព័ត៌មាន​ដ៏​ល្បីឈ្មោះ​គឺ​លោក​ស្រី Pham Doan Trang។ សម​ដូច​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​ Ned Price បាន​លើក​ឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​បាន​បង្ហាញ​នូវ​ក្តី​បារម្ភរបស់​សហរដ្ឋ​អាមេរិក​ ជុំវិញ​សាល​ក្រម​របស់​តុលា​ជាន់ខ្ពស់​វៀតណាម​នេះ​ថា​ ​លោក​ស្រី Trang ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិទៅ​លើ​ការងារ​របស់​លោក​ស្រី​ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​អភិបាលកិច្ច​ល្អនៅ​ក្នុង​ប្រទេស​វៀតណាម​ និង​បាន​ទទួល​រង្វាន់ស្ត្រី​ក្លាហាន​អន្តរជាតិរបស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ក្នុង​ឆ្នាំ​២០២២​ ថែមទៀត​ផង។​ ​

លោក​ស្រី​ Trang ត្រូវបាន​ចាប់ខ្លួន​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២០​ និង​ត្រូវ​បាន​កាត់​ទោសក្នុង​ខែ​ធ្នូ​ឆ្នាំ​២០២១​ ឱ្យ​ជាប់ពន្ធនាគារចំនួន​៩​ឆ្នាំ​ ក្រោម​មាត្រា​១១៧នៃ​ក្រម​ព្រហ្មទណ្ឌ​វៀតណាម​ ទាក់ទង​នឹង បទ​ចោទ​ព្រហ្មទណ្ឌ​ ដូចជា​ការបង្កើត ​ការ​រក្សា​ទុក​ ការ​ចែកចាយនិង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ ឯកសារ​ និង​សារ​ផ្សេងៗ​ទៀត ដែល​ប្រឆាំង​ទៅ​នឹង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម»។​ ​ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ បាន​ហៅ​មាត្រា​១១៧នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម​ ថា​ជា​ឧបករណ៍​បំបិទ​សំឡេង​បុគ្គល​ដែលហ៊ាន​រិះគន់រដ្ឋាភិបាល​វៀតណាម​ ​បើ​ទោះ​បី​ជាពួក​គេ​ជា​អ្នក​សារព័ត៌មាន​ អ្នក​និពន្ធ​ ឬ​ជា​ប្រជាពលរដ្ឋធម្មតា​ដែលអនុវត្ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាននៃ​ការ​បញ្ចេញ​មតិ​ដោយ​សេរី​នោះ​ក្តី។​ ​

​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិស្តី​ពីការឃុំខ្លួន​តាម​អំពើ​ចិត្តបាន​រកឃើញ​ថា ការ​ឃុំ​ខ្លួន​លោក​ស្រី Trang ជា​ការ​ឃុំខ្លួន​តាម​ទំនើងចិត្ត និង​រំលោភ​ទៅ​លើកាតព្វកិច្ច​និង​ការ​ប្តេជា្ញចិត្ត​ស្តី​ពីសិទ្ធិមនុស្សជា​អន្តរជាតិ​របស់​ប្រទេស​វៀតណាម​។​ រដ្ឋាភិបាល​វៀតណាម​ បាន​ចាប់​ឃុំ​ខ្លួន​លោក​ស្រី Trang ​ដោយ​គ្មាន​ជម្រះក្តី អស់​រយៈពេល​មួយ​ឆ្នាំ​ និង​មិន​ផ្តល់មេធាវី​ការពារ​ក្តីទៀត។​ ​

អ្នកនាំពាក្យក្រសួងការបរទេស​អាមេរិក​លោក Ned Price បានបន្ថែម​ទៀត​ថា​ សហរដ្ឋអាមេរិក​បាន​ជំរុញដល់​ប្រទេស​វៀតណាមឱ្យ​ធានាផ្តល់​សេវាកម្ម​សុខាភិបាល​ និង​ការ​អនុញ្ញាត​ឱ្យ​មានការ​ពិនិត្យស្ថាន​ភាព​សុខភាព​របស់​លោក​ស្រី Trang ផង​ដែរ។​ ​

នៅ​ក្នុង​របាយការណ៍​សិទ្ធិមនុស្ស​នា​ពេល​ថ្មីៗបំផុត​របស់​ខ្លួន​ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ បាន​ដក​ស្រង់​សម្តីក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាលដែល​ធ្វើ​ការ​ប៉ាន់ស្មាន​ថា​ រហូត​មក​ដល់​ខែ​សីហា​ ឆ្នាំ​២០២១​ ​អាជ្ញាធរ​វៀតណាម​ បាន​ឃុំ​ខ្លួន​មនុស្ស​ប្រមាណ​ពី​ចំនួន​១៣០​នាក់​ដល់​២៨៨នាក់​ដោយ​សារ​រឿង​នយោបាយ។​ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ ក៏បាន​លើក​ឡើងនៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួនទៀត​ថា​«​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា​ ដល់​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ អាជ្ញាធរ​វៀតណាម​ បាន​ឃុំខ្លួនមនុស្ស​ចំនួន​២៩​នាក់​ និង​កាត់ទោស​មនុស្ស​២៧នាក់​ ​ដែល​បាន​អនុវត្ត​នូវ​សិទ្ធិទទួល​ស្គាល់​ជាអន្តរជាតិ​ ដូចជា​ការ​បញ្ចេញ​មតិ​ ការ​ជួបជុំ​ដោយ​សន្តិវិធី​ និង​ការ​បង្កើត​សមាគម​ជា​ដើម»។

​លោក​ Price និយាយ​ថា៖​ «ការ​បន្ត​ឃុំឃំាង​លោក​ស្រី Trang​ គឺ​ជា​ឧទាហរណ៍​ចុងក្រោយបំផុត​មួយ​ នៅ​ក្នុង​ការ​ចាប់ខ្លួន​និង​កាត់ទោស​ដ៏​គួ​ឱ្យ​ព្រួយបារម្ភ ទៅ​លើ​ក្រុម​បុគ្គល​នៅ​ក្នុង​ប្រទេស​វៀតណាម​ ដែល​បាន​សម្តែងមតិយោបល់​របស់​គេ​ដោយ​សន្តិវិធីនោះ​។​ យើង​សូម​អំពាវនាវដល់​រដ្ឋាភិបាល​វៀតណាម​ ​ឱ្យដោះលែងលោក​ស្រី Trang​ និង​អនុញ្ញាតឱ្យ​បុគ្គល​ទាំង​អស់​នៅ​ក្នុង​ប្រទេស​វៀតណាម ​អាច​អនុវត្ត​នូវសិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​គេ​ ដោយគ្មាន​ការ​ភ័យខ្លាចនឹង​ការ​សងសឹក​ណា​មួយ​ ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹងខ្លឹម​សារនៃ​សិទ្ធិមនុស្ស​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​វៀតណាម​ ក៏​ដូច​ជា​ការ​ប្តេជ្ញាចិត្ត​និង​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់ប្រទេស​វៀតណាម​ផង​ដែរ»។