បទវិចារណកថា៖ ការចាប់ផ្ដើម​ឡើងវិញ​នូវ​កម្មវិធី​អនីតិជន​មកពី​ទ្វីប​អាមេរិក​កណ្ដាល (CAM)

មណ្ឌល​គយ​និង​ការពារ​ព្រំដែន​បណ្តោះ​អាសន្ន​របស់​សហរដ្ឋ​អាមេរិក​នៅក្រុង Donna នៃ​រដ្ឋតិចសាស។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden និង​អ្នកស្រី​អនុ​ប្រធានាធិបតី Kamala Harris ប្ដេជ្ញា​កសាង​ប្រព័ន្ធ​អន្តោប្រវេសន៍​ប្រសើរ​ជាង​មុន​មួយ ដែល​ឆ្លុះ​បញ្ចាំង​អំពី​គុណ​តម្លៃ​របស់​សហរដ្ឋ​អាមេរិក ពង្រឹង​ច្បាប់ ការពារ​សុខភាព​សាធារណៈ លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ងាក​ចេញ​ពី​វដ្ដ​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​មិន​ទៀងទាត់។

នេះ​គឺ​ជា​សារ​ដែល​អ្នកស្រី​ឯកអគ្គរដ្ឋទូត Roberta Jacobson ដែល​ជា​ឧបការី​ពិសេស​របស់​ប្រធានាធិបតី និង​ជា​អ្នក​សម្របសម្រួល​កិច្ចការ​ព្រំដែន​ភាគ​ខាង​ត្បូង បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​របស់​សេតវិមាន​កាលពី​ពេល​ថ្មីៗ​នេះ។

ជំហាន​ច្បាស់លាស់​មួយ​នៅ​ក្នុង​ការ​អនុវត្ត​ប្រព័ន្ធ​យុទ្ធសាស្ត្រ​គ្រប់គ្រង​អន្តោប្រវេសន៍​ក្នុង​តំបន់​ដ៏​ទូលំទូលាយ​ថ្មី​របស់​រដ្ឋបាល​លោក Biden នេះ គឺ​ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​កម្មវិធី​អនីតិជន​មកពី​ទ្វីប​អាមេរិក​កណ្ដាល (CAM)។

នៅ​ក្រោម​កម្មវិធី​នេះ នៅ​ចន្លោះឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៧ កុមារ​ងាយ​រងគ្រោះ​ជិត ៥ ពាន់​នាក់ នៅ​ក្នុង​ប្រទេស​អែលសាល់វ៉ាឌ័រ ហុងឌូរ៉ាស និង​ក្វាតេម៉ាឡា ត្រូវ​បាន​ជួបជុំ​ឡើង​វិញ​ដោយ​សុវត្ថិភាព និង​មាន​សន្តិសុខ​ល្អ​ជាមួយ​ឪពុក​ម្ដាយ​របស់​ពួកគេ ដែល​រស់នៅ​ស្រប​ច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅ​ពេល​បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដួចផ្ដើម​ដំណាក់កាល​ដំបូង​នៃ​ការ​អនុវត្ត​កម្មវិធី CAM ឡើង​វិញ ដោយ​បាន​ពិនិត្យ​ឡើង​វិញ​នូវ​ពាក្យ​សុំ​ដែល​ត្រូវ​បាន​ផ្អាក​នៅ​ពេល​ដែល​កម្មវិធី​នេះ​ ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០១៧។

គម្រោង​នានា​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​បច្ចុប្បន្ន ដើម្បី​បង្កើន​នឹង​ទទួល​យក​ពាក្យ​សុំ​ថ្មីៗ ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ពង្រីក​ការ​ការពារ​មនុស្ស​ធម៌ និង​ឱកាស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ទោះជា​យ៉ាង​នេះ​ក្ដី អ្នកស្រី​ឯក​អគ្គរដ្ឋទូត Jacobson បាន​សង្កត់​ធ្ងន់​ថា ផ្ទុយ​ទៅ​នឹង​សារ​មិន​ត្រឹមត្រូវ​ដែល​ផ្សព្វផ្សាយ​ដោយ​អ្នក​រត់ពន្ធ​មនុស្ស ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​កម្មវិធី CAM នេះ មិន​មែន​មាន​ន័យ​ថា ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​បើក​ចំហ​នៅ​ពេល​នេះ​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ការ​ប្រកាស​នេះ ឬ​ក៏​វិធានការ​ណា​មួយ​ផ្សេង​ទៀត​មិន​មែន​មាន​ន័យ​ថា ជន​ណា​ក៏ដោយ ជា​ពិសេស​កុមារ​និង​ក្រុម​គ្រួសារ​ដែល​មាន​កុមារ គួរ​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះថ្នាក់​ដើម្បី​ព្យាយាម​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​វិធី​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ។ ព្រំដែន​មិន​មែន​បើក​ចំហ​ទេ។ ទៅ​ថ្ងៃ​ខាង​មុខ យើង​នឹង​បន្ត​រក​វិធី​ដើម្បី​ផ្ដល់​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​នៅ​ក្នុង​តំបន់​ដល់​អ្នក​ដែល​ត្រូវការ​ការ​ការពារ ស្រប​ពេល​ដែល​យើង​បន្ត​ពង្រឹង​ច្បាប់​របស់​យើង។ នេះ​គឺ​ជា​ដំណើរការ​មួយ»។

អ្នកស្រី​ឯក​អគ្គរដ្ឋទូត Jacobson បាន​បន្ថែម​ថា នេះ​គឺជា​ដំណើរការ​មួយ «ដើម្បី​ជំរុញ​ទៅ​មុខ​នូវ​ទស្សនវិស័យ​ថ្មី​មួយ​ផ្នែក​អន្តោប្រវេសន៍។ ដំណើរការ​នេះឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ក្នុង​នាម​ជា​ជនជាតិ​អាមេរិកាំង យើង​ដាក់​គុណ​តម្លៃ​របស់​យើង​ជា​ចំណុច​ស្នូល​នៃ​គោល​នយោបាយ​របស់​យើង»៕