តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសម្តែងការបារម្ភចំពោះការដកអ្នកការពារសិទ្ធិមនុស្សអាស៊ែបៃហ្សង់ម្នាក់ គឺអ្នកស្រី Shahla Humbatova ដែលជាជ័យលាភីរង្វាន់ស្ត្រីក្លាហានអន្តរជាតិប្រចាំឆ្នាំ២០២០ (2020 International Women of Courage) ហៅកាត់ថា IWOC។ អ្នកស្រី Humbatova ជាមេធាវីល្បីឈ្មោះម្នាក់ដែលបានការពារក្នុងរឿងក្តីរសើបខាងនយោបាយ ដោយមានរួមបញ្ចូលរឿងក្តីរបស់សកម្មជនខាងសិទ្ធិមនុស្ស អ្នកកាសែតនិងសមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) ដែលល្មើសនឹងបទបញ្ជារដ្ឋាភិបាលអាស៊ែបៃហ្សង់។
សមាគមមេធាវីនៃប្រទេសអាស៊ែបៃហ្សង់ បានដកសមាជិកភាពរបស់អ្នកស្រី Humbatova កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ដោយថា អ្នកស្រីមិនបានបង់ប្រាក់សមាជិកភាព។ ក៏ប៉ុន្តែរបាយការណ៍ថ្មីបំផុតរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសអាស៊ែបៃហ្សង់កត់សម្គាល់ថា នៅពេលដែលសមាគមមេធាវីនេះ ចាប់ផ្តើមរៀបចំដំណើរការដកសមាជិកភាពអ្នកស្រី Humbatova កាលពីឆ្នាំ២០១៩ ហេតុផល «ត្រូវគេចាត់ទុកជាទូទៅថា មានទាក់ទិននឹងនយោបាយ»។ បន្ថែមលើនេះ ក្រសួងការបរទេសអាមេរិកបានរាយការណ៍ថា បើតាមពួកអ្នកតំណាងនៃសហគមន៍អ្នកច្បាប់និងអង្គការក្រៅរដ្ឋាភិបាលថា ច្បាប់មួយកាលពីឆ្នាំ២០១៨ ដែលបានធ្វើឱ្យសមាជិកភាពក្នុងសមាគមមេធាវីជាការចាំបាច់សម្រាប់ក្រុមមេធាវី «ផ្តល់អំណាចថែមទៀតទៅឱ្យសមាគមមេធាវីដែលគ្របដណ្តប់ដោយរដ្ឋាភិបាល ដើម្បីរារាំងក្រុមមេធាវីសិទ្ធិមនុស្សមិនឱ្យតំណាងក្រុមបុគ្គលនៅក្នុងរឿងក្តីទាក់ទិននឹងនយោបាយដោយកម្រិតចំនួនជនជាសមាជិកសមាគមមេធាវីដែលបានបំពេញកាតព្វកិច្ចខ្លួនដោយត្រឹមត្រូវ»។
អ្នកស្រី Humbatova ត្រូវបានដកសមាជិកភាពក្នុងសមាគមមេធាវីនៅល្ងាចមុនទិវាស្ត្រីអន្តរជាតិ គឺមួយឆ្នាំក្រោយពីអ្នកស្រីបានទទួលរង្វាន់ស្ត្រីក្លាហានអន្តរជាតិ (IWOC) របស់ក្រសួងការបរទេសអាមេរិក។ រង្វាន់ IWOC ត្រូវប្រគល់រៀងរាល់ឆ្នាំឱ្យក្រុមស្ត្រីនៅទូទាំងពិភពលោកដែលបានបង្ហាញសេចក្តីក្លាហាន ភាពរឹងមាំនិងភាពជាមេដឹកនាំនៅក្នុងការប្រយុទ្ធដើម្បីសន្តិភាព យុត្តិធម៌ សិទ្ធិមនុស្សនិងសមភាពយេនឌ័រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយជាលាយលក្ខណ៍អក្សរ លោករដ្ឋមន្ត្រីការបរទេស Blinken បានមានប្រសាសន៍ថា៖ «ការងាររបស់អ្នកស្រី Humbatova និងកិច្ចការរបស់ក្រុមអ្នកកាពារសិទ្ធិមនុស្សឯទៀតៗក្នុងប្រទេសអាស៊ែបៃហ្សង់គួរត្រូវអបអរសាទរមិនមែនត្រូវដាក់ទណ្ឌកម្មឡើយ ហើយយើងអំពាវនាវដល់ជនទទួលខុសត្រូវឱ្យពន្លឿនការដាក់បញ្ចូលអ្នកស្រី Humbatova ជាថ្មី ជាសមាជិកានៃសមាគមមេធាវីនៃប្រទេសអាស៊ែបៃហ្សង់»។
លោក Blinken បានប្រកាសថា៖ «សហរដ្ឋអាមេរិកប្តេជ្ញាឱ្យមានពិភពលោកមួយដែលក្នុងនោះ សិទ្ធិមនុស្សត្រូវគោរព ក្រុមអ្នកការពារសិទ្ធិមនុស្សត្រូវបានអបអរសាទរ ហើយក្រុមជនដែលរំលោភលើសិទ្ធិមនុស្សត្រូវទទួលខុសត្រូវ។ យើងលើកទឹកចិត្តឱ្យមានវិធានការទាំងអស់ឆ្ពោះទៅកាន់កំណែទម្រង់ជាប្រព័ន្ធក្នុងប្រទេសអាស៊ែបៃហ្សង់ ជាពិសេសការកែទម្រង់ទាំងឡាយណាស្តីពីការការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ដែលជាវិស័យនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាស៊ែបៃហ្សង់ និងបង្កើតឱកាសសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការរបស់យើងផងដែរ»៕