បទ​វិចារណកថា៖ ការដាក់​ទណ្ឌកម្ម​លើ​បុគ្គល​និង​អង្គភាព​ពុករលួយ​នៅ​ក្នុង​ប្រទេស​នីការ៉ាហ្គា

រូបឯកសារ៖ ក្រុមបាតុករ កាន់​រូប​បាតុករ​ដែល​បាន​ស្លាប់​ក្នុងអំឡុង​ពេល​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​នីហ្សេរ៉ា លោក Daniel Ortega។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ផ្ដោត​លើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​មន្ត្រី​រដ្ឋាភិបាល ដែល​នៅ​បន្ត​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នីការ៉ាហ្គា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​ដាក់​ទណ្ឌកម្ម​លើ​អ្នកស្រី Ana Julia Guido Ochoa លោក Paul Oquist Kelly និង​ធនាគារ Caja Rural Nacional ឬ Caruna ស្រប​តាម​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​លេខ ១៣៨៥១។ បុគ្គល​ទាំង​នេះ និង​អង្គភាព​នេះ បាន​អនុញ្ញាត​ឲ្យ​មាន និង​ទទួល​បាន​ប្រយោជន៍​ពី​សកម្មភាព​ពុករលួយ​និង​ផ្ដាច់ការ​នៃ​របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Daniel Ortega នៅ​ក្នុង​ប្រទេស​នីការ៉ាហ្គា។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការ​ដាក់​ទណ្ឌកម្ម​លើ​អ្នកស្រី Guido និង​លោក Oquist បាន​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​នៃ​របប​របស់​លោក Ortega និង​អ្នក​ដែល​ប៉ុនប៉ង​បង្កើន​សកម្មភាព​ព្រៃផ្សៃ​របស់​ខ្លួន​បន្ថែម​ទៀត។ ការ​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ Caruna បាន​បញ្ចប់​សកម្មភាព​នៃ​ឧបករណ៍ [នយោបាយ] មួយ​ទៀត​របស់​របប​នេះ»។

អ្នកស្រី Guido គឺ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ហើយ​សេចក្ដី​រាយការណ៍​នានា​បាន​ចោទ​ប្រកាន់​ថា អ្នកស្រី​បាន​ជួយ​បង្កើត​ក្រុម​រដ្ឋអាជ្ញា ដែល​បាន​ធ្វើការ​ជាមួយ​នឹង​ប៉ូលិស​ជាតិ​នីការ៉ាហ្គា​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ប្រឌិត​រឿង​ប្រឆាំង​នឹង​អ្នក​ទោស​នយោបាយ។

បន្ថែម​ពី​លើ​នេះ​ទៀត បើ​យោង​តាម​សេចក្ដី​រាយការណ៍​ដូច​គ្នា​នេះ​ដែរ អង្គភាព​ពិសេស​ដែល​បង្កើត​ឡើង​ដោយ​អ្នកស្រី Guido នេះ បាន​ចំណាយ​ពេល ២ ឆ្នាំ​កន្លង​មក ដើម្បី​ដាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទោស​ដែល​ត្រូវ​បាន​ជាប់​ឃុំ​ដោយសារ​ការ​តវ៉ា​ដោយ​សន្តិវិធី។

លោក​រដ្ឋមន្ត្រី Pompeo បាន​បញ្ជាក់​ថា លោក Oquist គឺ​ជា​រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​ប្រធានាធិបតី Ortega និង «ដើរ​តួ​ចម្បង​នៅ​ក្នុង​ការ​លាក់បាំង និង​ការពារ​អំពើ​ឧក្រិដ្ឋ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​របប​លោក Ortega»។

Caruna គឺ​ជា​ធនាគារ​ផ្ដល់​សេវា​សន្សំ​ប្រាក់​និង​កម្ចី ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​នាម​ជា​ឧបករណ៍​ចម្បង​របស់​របប​លោក Ortega ដើម្បី​ប្រមូល​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ពី​គម្រោង​ប្រេង​សម្បទាន​ជាមួយ​នឹង​ប្រទេស​វ៉េណេស៊ុយអេឡា នៅ​ក្នុង​ការ​ប្រើ​ជា​ធនធាន​មួយ​ដើម្បី​ចំណាយ​លើ​បណ្ដាញ​ឧបត្ថម្ភ​របស់​លោក Ortega។

មន្ត្រី​របស់​របប​នេះ រួម​ទាំង​អ្នក​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​របស់​ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ផង​ដែរ កំពុង​ទទួល​បាន​ប្រយោជន៍​ពី​កង្វះ​ការ​គ្រប់គ្រង​តាម​បែបបទ​របស់​ធនាគារ Caruna ដើម្បី​ការពារ​ផល​ចំណេញ​ដែល​ទទួល​បាន​តាម​រយៈ​អំពើ​ទុច្ចរិត​របស់​ពួកគេ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin បាន​និយាយ​ថា៖ «របប​លោក Ortega នៅ​បន្ត​បំពាន​លើ​ធនធាន​របស់​រដ្ឋាភិបាល​ដើម្បី​ផល​ចំណេញ​ផ្ទាល់​ខ្លួន​របស់​សមាជិក​ខ្លួន និង​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​ការ​អំពាវនាវ​របស់​ប្រជាពលរដ្ឋ​នីការ៉ាហ្គា​ឲ្យ​មាន​ការ​កែ​ទម្រង់។ រដ្ឋបាល​របស់ «លោក​ប្រធានាធិបតី Trump» នៅតែ​តាំងចិត្ត​ដាក់​ទណ្ឌកម្ម​លើ​របប​លោក Ortega ដោយ​ស្វែងរក និង​វែកមុខ​អ្នក​ដែល​ជួយ​សម្រប​សម្រួល​ដល់​អំពើ​ពុករលួយ​ឥត​លាក់លៀម​របស់​របប​នេះ»។

សហរដ្ឋ​អាមេរិក​ នឹង​បន្ត​ចាត់​វិធានការ​ចាំបាច់​នានា​ដើម្បី​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​នីការ៉ាហ្គា និង​ដើម្បី​ដាក់​សម្ពាធ​លើ​របប​លោក Ortega ឲ្យ​បញ្ឈប់​ការ​គាប​សង្កត់ គោរព​សិទ្ធិ​មនុស្ស និង​អនុញ្ញាត​ឲ្យ​មាន​ស្ថានការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ដែល​នឹង​ជួយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​នីការ៉ាហ្គា៕