បទវិចារណកថា៖ ការ​ដាក់ទណ្ឌកម្ម​​​​​លើ​សេវា​លាយ​​បញ្ចូល​រូបិយវត្ថុ​ឌីជីថល​​ ​​​ដើម្បី​បង្វែរ​​​​ដាន​ប្រភព​​ដើម

​ប្រព័ន្ធ​សេវា​លាយ​បញ្ចូល​​​​​​រូបិយវត្ថុ​ឌីជីថល​ឈ្មោះ Tornado Cash

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ទោះជាសកម្មភាព​រូបិយវត្ថុ​ឌីជីថល​ភាគ​ច្រើន​ជាការ​ត្រឹមត្រូវ​តាម​ច្បាប់​ក៏​ដោយ​ ក៏សកម្មភាព​នេះ​អាច​ត្រូវ​រំលោភ​ដោយ​សកម្មភាពឧក្រិដ្ឋ ដោយ​មាន​រួមការ​បញ្ចៀសការ​ដាក់​ទណ្ឌកម្មផង​ដែរ។​ សហរដ្ឋ​អាមេរិក​បន្តចាត់​វិធានការប្រឆាំងនឹង​ពួក​តួអង្គ​អាក្រក់​និងសេវា​ខាង​ធនធានបែប​ឌីជីថល ដែល​ពួកគេ​ប្រើ​ មានរួម​ប្រព័ន្ធ​សេវា​លាយ​បញ្ចូលរូបិយវត្ថុ​ឌីជីថល (crypto) ​ស្រដៀង​គ្នា​ឱ្យ​ចូល​គ្នា​ដើម្បី​បង្វែរដាន​ប្រភពដើម ហៅ​ currency mixer មាន​ឈ្មោះ​ថា​ Tornado Cash ដោយសារប្រព័ន្ធ​នេះ​បាន​ជាប់​ទាក់ទិនក្នុង​ការ​លាង​លុយមួយ​ផ្នែកនៃ​ទឹកប្រាក់​៦០០លាន​ដុល្លារដែល​ពួក​ចោរ​លួច​ចូល​ក្នុង​បណ្តាញ​កុំព្យូទ័រ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ DPRK បាន​លួច​កាល​ពី​ដើម​ឆ្នាំ​នេះ។

ក្រុម​ចោរ​ទាំង​នេះមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សេវា APT38 និង​ក្រុម ​Lazarus Group ដែល​ត្រូវ​សហរដ្ឋ​អាមេរិកដាក់​ទណ្ឌកម្ម​កាល​ពី​ឆ្នាំ​២០១៩។​

នេះ​ជា​ប្រព័ន្ធ​ currency mixer ទីពីរ​ដែល​ត្រូវ​កំណត់​ឈ្មោះដើម្បី​ដាក់​ទណ្ឌកម្ម​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​មាន​ការ​ដាក់ទណ្ឌកម្ម​លើសេវា​ Blender.io កាលពី​ខែ​ឧសភា ឆ្នាំ​២០២២។ ​សេវា​នេះក៏​មាន​ទាក់ទិន​ក្នុង​ការ​លាងលុយ​កខ្វក់មួយ​ផ្នែកនៃ​ប្រាក់​ជាង​៦០០​លាន​ដុល្លារ​ ដែលក្រុមចោរ hackers នៃ​សាធារណរដ្ឋ DPRK (កូរ៉េខាងជើង) បានលួច​កាលពី​ដើម​ឆ្នាំ​នេះ។​

ប្រព័ន្ធ​ currency mixer មាន​ឈ្មោះ​ថា​ Tornado Cash ក៏​ត្រូវ​បាន​ប្រើ​ដែរ​ដើម្បី​លាង​សម្អាតប្រាក់​ជាង​៩៦​លាន​ដុល្លារ​ បាន​មក​ពី​ព្រឹត្តិការណ៍​លួច​ប្លន់​ Harmony Bridge Heist កាលពី​ថ្ងៃទី២៤ ខែ​មិថុនា​ ឆ្នាំ២០២២ និងប្រាក់​យ៉ាង​តិច​ណាស់​៧.៨​លាន​ដុល្លារ​បាន​មក​ពី​ព្រឹត្តិការណ៍​លួច​ប្លន់​ Nomad Heist កាល​ពី​ថ្ងៃទី២ ខែ​សីហា​ ឆ្នាំ​២០២២។ គេ​រាយការណ៍​ថា Tornado Cash ក៏ត្រូវ​បាន​គេ​ប្រើ​ដែរសម្រាប់​លាង​លុយ​ឌីជីថល តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ ​ចាប់តាំង​ពីវា​ត្រូវ​បាន​បង្កើត​ក្នុង​ឆ្នាំ​២០១៩​មក។​

រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​បញ្ហា​ភេរវកម្ម​និង​ការស៊ើបការណ៍​សម្ងាត់​ហិរញ្ញវត្ថុ​លោក Brian Nelson បាន​និយាយ​ថា៖ ​«ទោះ​ជា​មាន​ការធានា​អះអាង​សាធារណៈ​ក៏​ដោយ ក៏ Tornado Cash ​បាន​ខកខាន​មិន​បានដាក់កំហិត​ការ​ត្រួតត្រាប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បីបញ្ឈប់​ការ​លាង​សម្អាតប្រាក់​កាស​សម្រាប់​ពួក​តួអង្គ​អនឡាញ​អាក្រក់ៗ​ជាទៀងទាត់ ហើយ​គ្មាន​វិធានការ​ជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយហានិភ័យ​នេះទេ។​ ក្រសួង​ហិរញ្ញវត្ថុនឹង​បន្ត​ធ្វើ​សកម្មភាពប្រឆាំង​នឹង​ពួក currency mixers ​ដែល​លាង​សម្អាតរូបិយវត្ថុ​ឌីជីថល​និង​ពួក​ជនដែល​ជួយ​សេវា​ទាំង​នេះ»។​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ដើម្បី​លាតត្រដាង​សាខា​នៃ​ប្រព័ន្ធរូបិយវត្ថុ​ឌីជីថល​ដូចជា​ Tornado Cash និង​ Blender.io ជាដើម​ ដែលពួក​ឧក្រិដ្ឋជន​តាម​អនឡាញ​បាន​ប្រើ​សម្រាប់​លាក់​បាំង​ប្រាក់​បាន​មក​ពីសកម្មភាព​តាម​អនឡាញ​ខុស​ច្បាប់​និងឧក្រិដ្ឋកម្មឯ​ទៀតៗ។​ រូបិយវត្ថុ​ឌីជីថល​អាច​ត្រូវ​គេ​ប្រើសម្រាប់​សកម្មភាពខុស​ច្បាប់​មួយ​ចំនួន ​មាន​រួម​ការ​គេច​ពី​ការ​ដាក់​ទណ្ឌកម្មតាម​រយៈ​សេវាលាយ​បន្លំ mixer ការ​ដូរ​ធនធាន​ដោយ​ផ្ទាល់ បណ្តាញ​ផ្សារងងឹត​និង​ការប្តូរ​ធនធាន​គ្នា ព្រមទាំងការ​សម្រួល​ការ​លួច ​ផែនការ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត (ransomware) ការ​គៃបន្លំ និងឧក្រិដ្ឋកម្ម​តាម​អនឡាញឯ​ទៀតៗ។​

សហរដ្ឋ​អាមេរិក​បន្តប្រើ​ប្រាស់​អំណាច​ខ្លួន​ប្រឆាំង​ពួក​តួអង្គ​អនឡាញ​អាក្រក់ៗ ដោយ​ធ្វើ​សហការ​ជាមួយ​ក្រសួងនិង​ទីភ្នាក់ងារសហរដ្ឋ​អាមេរិក​ឯទៀតៗដើម្បី​លាតត្រដាង​ បង្អាក់​និង​ដាក់​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ពួកអ្នក​ប្រព្រឹត្ត​ល្មើស​និង​ក្រុមមនុស្ស​ដែលអាចធ្វើ​ឱ្យក្រុម​ឧក្រិដ្ឋជនអាច​បាន​ចំណេញ​ពី​សកម្មភាព​ឧក្រិដ្ឋកម្ម​តាម​អនឡាញ​ និង​សកម្មភាព​ខុស​ច្បាប់​ឯទៀតៗ៕