តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
«នៅក្នុងការប្រយុទ្ធដើម្បីប្រជាធិបតេយ្យរបស់យើងនៅក្នុងសតវត្សរ៍ទី២១នេះ សមរភូមិនានាកាន់តែងាកទៅធ្វើនៅអនឡាញ»។ នេះតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinkenនៅឯអង្គការសហប្រជាជាតិ។
លោកបានថ្លែងថា៖ «នៅជុំវិញពិភពលោក របបផ្តាច់ការនានាកំពុងប្រើប្រាស់បច្ចេកវិទ្យាជាអាវុធដើម្បីចាប់ពិរុទ្ធ ត្រួតពិនិត្យ បង្ក្រាបលើប្រជាពលរដ្ឋខ្លួនឯង។ ក្នុងខណៈនោះដែរ ពលរដ្ឋនិងក្រុមសង្គមស៊ីវិលប្រើប្រាស់បណ្តាញព័ត៌មានសង្គម ការបញ្ជូនសារតាមអនឡាញ ដើម្បីរៀបចំចាត់ចែង ប្រើប្រាស់ទូរស័ព្ទSmartphones ចងក្រងការរំលោភសិទ្ធិមនុស្ស ចែករំលែកព័ត៌មាននេះជាមួយពិភពលោកទាំងមូល។ សហរដ្ឋអាមេរិកបានតាំងចិត្តធ្វើឱ្យប្រាកដថាបច្ចេកវិទ្យាឌីជីថលលើកកម្ពស់សិទ្ធិនិងឯកជនភាពរបស់ពលរដ្ឋយើងហើយនឹងពង្រីកឱកាសកាន់តែធំឡើង»។
លោក Blinken មានប្រសាសន៍ទៀតថា សហរដ្ឋអាមេរិកបានតាំងចិត្តធ្វើការជាមួយប្រទេសកាន់លទ្ធិប្រជាធិបតេយ្យផ្សេងទៀតដើម្បីធ្វើឱ្យសម្រេចគោលដៅនេះ។ ហេតុដូចនេះហើយនៅឯសន្និសីទកំពូលលើកទី១សម្រាប់លទ្ធិប្រជាធិបតេយ្យឆ្នាំ២០២១ សហរដ្ឋអាមេរិក បានប្តេជ្ញាធ្វើឱ្យរីកលូតលាស់ខ្លាំងទៀតនូវក្រុមចម្រុះសេរីភាពអនឡាញហើយនឹងបង្កើនទ្វេដងនូវការខំប្រឹងប្រែងដើម្បីការពារនិងធ្វើឱ្យជឿនលឿនសេរីភាពនិងបើកចំហអ៊ីនធឺណិត។
លោក Blinken បន្តទៀតថា៖ «ជាមួយគ្នា ក្រុមចម្រុះនេះកំពុងធ្វើឱ្យប្រសើរឡើងនូវសេរីភាពអ៊ីនធឺណិតនិងការប្រយុទ្ធការចាប់ពិរុទ្ធ។ ឧទាហរណ៍ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអេស្តូនី បានគាំទ្រមូលនិធិបច្ចេកវិទ្យាបើកចំហដើម្បីជួយមនុស្សរាប់លាននាក់តាមរយៈបណ្តាញការងារឯកជនអនឡាញសម្រាប់បណ្តាញឯកជននិម្មិត ឬ VPNs និងឧបករណ៍ផ្សេងទៀតដើម្បីបញ្ចៀសរបាំងអ៊ីនធឺណិតដែលបិទបាំងព័ត៌មាន ការបិទអ៊ីនធឺណិត ផ្តល់អំណាចដល់សកម្មជន អ្នកកាសែតចាប់ពីប្រទេសរុស្ស៊ីដល់អ៊ីរ៉ង់ ដល់ប្រទេសគុយបា»។
ការណ៍នេះក៏រួមបញ្ចូលទាំងការចាត់វិធានការនានាដើម្បីទប់ស្កាត់ការឃ្លាំមើលតាមឌីជីថលដែរ។
លោករដ្ឋមន្ត្រីការបរទេស Blinkenថ្លែងទៀតថា៖ «យើងបានធ្វើការជាមួយគ្នាដើម្បីកំណត់ឱ្យបានច្បាស់លាស់របាំងការពារសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាឈ្លបយកការណ៍ដោយរដ្ឋាភិបាល។ យើងបានប្រមូលប្រទេសចំនួន១៧។ យើងបានតាំងចិត្តទប់ទល់ការប្រើប្រាស់ខុសនិងការរំលោភនៃការប្រើ Software សម្រាប់ចារកម្ម។ សហរដ្ឋអាមេរិកបានធ្វើការដើម្បីដឹកនាំគំរូ រួមមានការដាក់ការរឹតត្បិតលើទិដ្ឋាការនិងការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុននិងបុគ្គលនានាដែលជញ្ជក់កេងប្រយោជន៍ពីបច្ចេកវិទ្យាទាំងនេះ»។
នៅឆ្នាំនេះ សហរដ្ឋអាមេរិក ដោយមានការគាំទ្ររបស់សមាជិកនៃក្រុមចម្រុះសេរីភាពអនឡាញបានដាក់ស្នើសេចក្តីសម្រេចដ៏សំខាន់មួយដើម្បីប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ប្រកបដោយសុវត្ថិភាព សន្តិសុខ និងអាចទុកចិត្តបាន ដើម្បីលើកស្ទួយការអភិវឌ្ឍដោយចីរភាព។ រដ្ឋជាសមាជិកទាំងអស់បានអនុម័តសេចក្ដីសម្រេចនេះ។
លោករដ្ឋមន្ត្រី Blinken និយាយទៀតថា៖ «សង្ឃឹមថា សេចក្តីសម្រេចនេះនឹងបង្កើតក្របខណ្ឌមួយ និងបង្កើតមូលដ្ឋានមួយសម្រាប់ AI ទៅអនាគត»។ ប៉ុន្មានសប្តាហ៍មុន សហរដ្ឋអាមេរិកបានចូលរួមជាមួយប្រទេសកាន់ប្រជាធិបតេយ្យផ្សេងទៀតនៅក្នុងការចុះហត្ថលេខាលើអនុសញ្ញា Al របស់ក្រុមប្រឹក្សាអឺរ៉ុបដែលជាសន្ធិសញ្ញាពហុភាគីលើកដំបូងរបស់ពិភពលោកអំពី AIនិងសិទ្ធិមនុស្ស។
លោករដ្ឋមន្ត្រី Blinken បាននិយាយទៀតថា របបផ្តាច់ការបានសម្រេចប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្ក្រាបលើពលរដ្ឋរបស់ខ្លួន។ ដោយហេតុនេះហើយ យើងត្រូវតាំងចិត្តនៅក្នុងបេសកកម្មរបស់យើងដើម្បីការពារសេរីភាពអនឡាញ។ សហរដ្ឋអាមេរិករំពឹងនឹងបន្តការងារដ៏សំខាន់នេះជាមួយរដ្ឋាភិបាលផ្សេងៗ ផ្នែកឯកជន សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល៕