តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពី ៥ ឆ្នាំមុន កងកម្លាំងសន្តិសុខរដ្ឋាភិបាលមីយ៉ាន់ម៉ា បានចាប់ផ្ដើមយុទ្ធនាការហិង្សា និងការបោសសម្អាតជាតិសាសន៍ប្រឆាំងនឹងជាតិសាសន៍ភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) កាន់សាសនាឥស្លាម ដែលជាប្រជាពលរដ្ឋរបស់ខ្លួន។
ការវាយប្រហារខ្លះ បានកើតឡើងនៅចន្លោះខែតុលា ឆ្នាំ ២០១៦ និងខែមករា ឆ្នាំ ២០១៧។ ការវាយប្រហារលើកទីពីរ បានចាប់ផ្តើមនៅក្នុងខែសីហាឆ្នាំ ២០១៧។ ជាតិសាសន៍រ៉ូហ៊ីងយ៉ាជាងមួយលាន នាក់បានរត់គេចខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា។
សព្វថ្ងៃនេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ ៨៦០.០០០ នាក់ រស់នៅក្នុងជំរំមួយនៅក្នុងតំបន់ Cox’s Bazar ប្រទេសបង់ក្លាដេស។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១៥០.០០០ នាក់ទៀត រស់នៅក្នុងប្រទេសផ្សេងទៀតនៅក្នុងតំបន់ដូចជា ប្រទេសឥណ្ឌា ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម។
ជាតិសាសន៍រ៉ូហ៊ីងយ៉ាប្រមាណ ៦ សែននាក់ នៅបន្តរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ានៅឡើយ ហើយប្រឈមនឹងការរើសអើងជាប្រព័ន្ធនៅទីនោះ។ ក្នុងចំណោមអ្នកទាំងនោះ មនុស្សជាង ១៣០.០០០ នាក់ គឺជាជនខ្ចាត់ព្រាត់នៅក្នុងប្រទេស ដែលត្រូវបានដាក់ឱ្យរស់នៅក្នុងជំរំនានា ភាគច្រើននៅក្នុងរដ្ឋ Rakhine។
កាលពីថ្ងៃទី ២២ ខែតុលា សហរដ្ឋអាមេរិក បានសហរៀបចំសន្និសីទមួយតាមអនឡាញស្ដីអំពី «ការរក្សាការគាំទ្ររបស់អន្តរជាតិសម្រាប់ការឆ្លើយតបចំពោះបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា»។
សន្និសីទនេះ មានគោលបំណងលើកទឹកចិត្តប្រទេសដទៃឱ្យផ្តល់ជំនួយដោយសប្បុសធ៌មចំពោះវិបត្តិដែលកំពុងកើតឡើងជាបន្តនេះ និងដើម្បីបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះជាតិសាសន៍រ៉ូហ៊ីងយ៉ា និងប្រទេសបង់ក្លាដេស តាមរយៈការប្រកាសផ្ដល់ជំនួយមនុស្សធម៌បន្ថែមចំនួនជិត ២០០ លានដុល្លាររហូតដល់ដំណាច់ឆ្នាំសារពើពន្ធ ២០២០។ ជំនួយបន្ថែមនេះធ្វើឲ្យការរួមចំណែកសរុបរបស់សហរដ្ឋអាមេរិកចំពោះការឆ្លើយតបទៅនឹងវិបត្តិនេះមានរហូតដល់ជិត ១ ពាន់ ២ រយលានដុល្លារ ចាប់តាំងពីខែសីហាឆ្នាំ ២០១៧ មក។
លោក Stephen Biegun អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក គឺជាអ្នកសហរៀបចំសន្និសីទតាមអនឡាញនេះជាមួយមន្ត្រីជាន់ខ្ពស់នៃចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន។ លោកបាននិយាយថា សន្និសីទនេះគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិដើម្បីដោះស្រាយវិបត្តិនេះ។
លោក Stephen Biegun មានប្រសាសន៍ដូច្នេះថា៖ «វាជាការសំខាន់សម្រាប់យើងនៅក្នុងការដោះស្រាយបញ្ហាសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងនេះ ស្របពេលដែលយើងបង្កើនឲ្យបានខ្លាំងក្លាថែមទៀតនូវកិច្ចប្រឹងប្រែងរបស់យើងនៅក្នុងការស្វែងរកដំណោះស្រាយរយៈពេលវែងប្រកបដោយចីរភាពសម្រាប់វិបត្តិនេះ»។
លោក Stephen Biegun បានលើកឡើងអំពីតួនាទីរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានៅក្នុងការបង្កើតឱ្យមានស្ថានភាពដែលនាំឱ្យមានការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញដោយស្ម័គ្រចិត្ត ប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងចីរភាព។
លោកអនុរដ្ឋមន្ត្រី Stephen Biegun បានបញ្ជាក់ថា៖ «ជាជំហានដំបូង ប្រទេសមីយ៉ាន់ម៉ាត្រូវបើកឱ្យមានការបញ្ជូនជំនួយមនុស្សធម៌ដោយគ្មានការបង្អាក់ទៅដល់សហគមន៍ដែលរងផលប៉ះពាល់។ សហរដ្ឋអាមេរិកនឹងនៅតែជាដៃគូជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រឹងប្រែងនេះ»។
លោកក៏បានកត់សម្គាល់ផងដែរថា វិធានការបន្ថែមទៀតគឺត្រូវធ្វើដើម្បីដោះស្រាយឫសគល់នៃអំពើហិង្សានៅក្នុងរដ្ឋ Rakhine ដោយរួមមានទាំងកិច្ចសហប្រតិបត្តិការដើម្បីបញ្ចប់ការជួញដូរអាវុធនិងគ្រឿងញៀនដែលនាំឱ្យមានអំពើហិង្សានិងអស្ថិរភាពនៅក្នុងរដ្ឋនោះអស់រយៈពេលជាយូរមកហើយផងដែរ។
លោក Stephen Biegun លើកឡើងដូច្នេះថា៖ «ក្នុងឋានៈជាមេដឹកនាំ សហរដ្ឋអាមេរិកយកចិត្តទុកដាក់លើការឆ្លើយតបជាអន្តរជាតិរបស់ខ្លួនចំពោះទុក្ខវេទនារបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដេស និងនៅកន្លែងផ្សេងទៀតក្នុងតំបន់ ព្រមទាំងជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោកបានបន្ថែមថា៖ «យើងនឹងធ្វើឱ្យអ្នកប្រព្រឹត្តអំពើព្រៃផ្សៃទាំងនេះទទួលខុសត្រូវចំពោះមុខច្បាប់ ហើយយើងនឹងធ្វើការជាមួយសហគមន៍រ៉ូហ៊ីងយ៉ា ដើម្បីរៀបចំគោលនយោបាយដែលឆ្លុះបញ្ចាំងអំពីការសម្រេចចិត្តរបស់សហគមន៍នេះអំពីអនាគតរបស់ខ្លួន»៕