បទ​វិចារណកថា៖ ការ​​បន្ត​​ការ​ផ្តោត​ការ​យក​ចិត្តទុកដាក់​របស់​សហរដ្ឋ​អាមេរិក​លើ​​ប្រទេស​អ៊ីរ៉ង់

ភាគឺ​នានា​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ រួម​មាន​អាល្លឺម៉ង់ បារាំង អង់គ្លេស ចិន រុស្ស៊ី និង​អ៊ីរ៉ង់ ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅ​សណ្ឋាគារ Grand Hotel ក្នុង​ក្រុង​វីយែន ដើម្បី​ព្យាយាម​ស្តារ​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រហូតមក​ដល់​ថ្ងៃ​នេះ​មាន​កិច្ច​ចរចា​៦​ដង​មក​ហើយទាក់​ទិនជា​មួយ​ប្រទេស​អ៊ីរ៉ង់និងក្រុម​ប្រទេស ​P5+1 អំពីលទ្ធភាពនៃការ​វិល​ត្រឡប់​របស់​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់មក​កាន់កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ហៅ JCPOA ដែល​ជា​គោលដៅមួយ​រដ្ឋបាលលោក Biden និង​អ្នកស្រី Harris គាំទ្រ​យ៉ាង​ខ្លាំងក្លា។

ថ្លែង​ទៅ​កាន់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពី​ការ​អនុវត្ត​សេចក្តី​សម្រេច​កាល​ពី​ឆ្នាំ​២០១៥ដែលមាន​ចែង​អំពី​កិច្ច​ព្រម​ព្រៀង JCPOA លោក Jeffrey DeLaurentis ទីប្រឹក្សា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​សម្រាប់កិច្ចការ​នយោបាយ​ពិសេសបាន​ស្វាគមន៍ការគាំទ្ររបស់លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Guterres ចំពោះ​ការ​ពិភាក្សានុយក្លេអ៊ែរ​កំពុង​ធ្វើនៅ​ក្រុង Vienne។ លោក​ក៏​បាន​សរសើរ​របាយការណ៍​កាលពី​ពេលថ្មីៗ​នេះ​របស់​លោក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​មានរួម​បញ្ចូលព័ត៌មានទាក់ទិននឹង​សកម្មភាព​របស់​អ៊ីរ៉ង់ដែល​មិន​ត្រឹមត្រូវ​តាមសេចក្តី​សម្រេច​លេខ១១៣១។

លោកបាន​និយាយ​ថា៖​ «របាយការណ៍​នេះគូស​បញ្ជាក់អ្វីដែល​បានកើតឡើង​អស់​មួយ​រយៈពេល​មក​ហើយ​គឺ​អ៊ីរ៉ង់​នៅតែ​មិនអើពើ​ដល់​មាត្រា​នៃ​សេចក្តី​សម្រេច​លេខ១១៣១​ដែល​អំពាវនាវដល់អ៊ីរ៉ង់​មិន​ឱ្យ​ធ្វើ​សកម្មភាពអ្វីទាក់​ទិនជា​មួយមីស៊ីលផ្លោង​ដែល​អាច​អាចបាញ់​អាវុធ​នុយក្លេអ៊ែរ»។

លោកទីប្រឹក្សាជាន់​ខ្ពស់ ​DeLaurentis ក៏​បានកត់សម្គាល់ដែរថាសេចក្តី​រាយការណ៍ដោយលោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​និង​ដោយ​លោក Rafael Grossi អគ្គនាយក IAEA បាន​បង្ហាញ​ថាអ៊ីរ៉ង់​កំពុងចាត់វិធានការបង្កើន​លើស​ពី​ការកម្រិតនុយក្លេអ៊ែររបស់​កិច្ច​ព្រមព្រៀង JCPOA ដោយមានរួម​បញ្ចូល​ការបង្កើនគុណភាព​uranium រហូត​ដល់​៦០​ភាគរយ​ដែល​ក្លាយទៅជា U-235 និងការ​ផលិត​លោហធាតុ uranium ថែម​ទៀត​ផង។​ឯកអគ្គរដ្ឋទូត DeLaurentis​ បានសុំឱ្យ​អ៊ីរ៉ង់​«ទប់ចិត្ត​កុំ​ចាត់វិធានការ​បង្កើនថែម​ទៀតហើយ​វិលត្រឡប់មក​កាន់ការ​អនុវត្ត​ន៍​ពេញលេញ​តាម​ការ​ប្តេជ្ញាទាំង​អស់តាម​រយៈ JCPOA ដោយ​មានរួម​បញ្ចូលការប្តេជ្ញា​ទាំងឡាយ​ណាទាក់ទិននឹងការផ្ទៀង​ផ្ទាត់​IAEA ការតាមឃ្លាំ​មើលនិង​ការអនុវត្តន៍​វិធីបង្ការ​បន្ថែម»។

ការ​គាំទ្រ​របស់អ៊ីរ៉ង់​ចំពោះ​អំពើភេរវកម្ម​ក៏​ជាកង្វល់​មួយ​ដែរ​ពីព្រោះ​វា​គំរាមកំហែងកងកម្លាំង​សហរដ្ឋ​អាមេរិក ពួកបុគ្គលិក​ការទូត​និង​ពួក​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ នេះបើ​តាមសម្តី​របស់​លោក​ឯកអគ្គរដ្ឋទូត DeLaurentis ។ លោក​បាន​បន្តទៀត​ថា៖​«យើង​នឹងបន្ត​ប្រើមធ្យោ​បាយ​ទាំង​អស់​ដែល​យើង​មាន​ដើម្បីទប់ទល់​នឹង​សកម្មភាពធ្វើឱ្យ​មាន​អស្ថិរភាព​របស់អ៊ីរ៉ង់និង​ឧបត្ថម្ភផ្ចុង​ផ្តើម​ការ​អនុវត្តសេចក្តី​សម្រេច​ឯទៀតៗ​នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បីដោះស្រាយ​ការរីកសាយអាវុធធម្មតា​មិន​មែន​ជា​អាវុធនុយក្លេអ៊ែរ​អ៊ីរ៉ង់»។

ចំពោះ​សកម្មភាពនុយក្លេអ៊ែររបស់​អ៊ីរ៉ង់​លោក​ឯកអគ្គរដ្ឋទូត​ DeLaurentis​បាន​គូស​បញ្ជាក់​ថា​អ្វី​ដែល​លោក​ប្រធានាធិបតី Joe Biden និង​លោក​រដ្ឋមន្ត្រី​ការបរទេស Antony Blinken បានមាន​ប្រសាសន៍​ច្បាស់​លាស់នោះគឺថា៖ «សហរដ្ឋ​អាមេរិក​ប្តេជ្ញាធ្វើឱ្យ​ប្រាកដ​ថា​អ៊ីរ៉ង់មិន​មាន​អាវុធ​នុយក្លេអ៊ែរ​ហើយយើង​មាន​ជំនឿថា​វិស័យការទូត​ដែល​មានការ​សម្រប​សម្រួល​ជា​មួយ​ក្រុម​សម្ព័ន្ធមិត្ត​យើង​និង​ដៃ​គូ​ក្នុង​តំបន់​ជាវិធី​ល្អ​បំផុតដើម្បី​សម្រេច​គោល​ដៅ​នោះ»។ លោក​បាន​ប្រកាស​ថា​«ការ​ពិភាក្សាពីរបីលើក​កាលពី​ពេល​ថ្មីៗនេះ​នៅ​ក្នុង​ក្រុង​វីយែន​បាន​ជួយបង្ហាញជម្រើស​ដែល​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក​ត្រូវការធ្វើដើម្បី​អាចវិលមក​កាន់​ការ​គោរពតាម​កិច្ច​ព្រមព្រៀង JCPOA វិញ»៕