បទវិចារណកថា៖ ការ​ពង្រឹង​​សន្តិសុខ​សុខភាព​​នៅ​ជុំវិញ​ពិភពលោក​​

បុគ្គលិក​សន្តិសុខ​ប្រមូល​ផ្តុំ​នៅ​ជិត​ច្រក​ចូល​នៃ​វិទ្យាស្ថាន​វីរុសសាស្ត្រ​​ក្រុង​ Wuhan ប្រទេស​ចិន ក្នុង​អំឡុង​​ទស្សនកិច្ច​របស់​​ក្រុម​អ្នក​ជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​ (WHO) កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២១។

តទៅ​នេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការ​ឆ្លង​រាលដាល​យ៉ាងឆាប់​រហ័ស​នៃ​ជំងឺ​កូវីដ១៩​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ការ​គំរាម​កំហែង​នៃ​ជំងឺ​ឆ្លង ទោះកើត​ឡើង​នៅទី​ណា​ក៏​ដោយ ជា​ការ​គំរាម​កំហែង​ទៅ​ដល់​គ្រប់ទី​កន្លែង​ទាំង​អស់។​ នៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​ដែល​មាន​ទំនាក់​ទំនង​គ្នា​ទៅវិញ​ទៅ​មក​នោះវីរុសឆ្លង​អាច​ធ្វើ​ដំណើរនៅ​ជុំវិញ​ពិភពលោក​ទៅ​ដល់​បណ្តាទីក្រុង​ធំ​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា​នៅ​ពេល​ដែល​ជំងឺ​ដែលអាច​សម្លាប់​មនុស្សកើតមាន​ឡើង​នោះ​វា​អាច​ត្រូវបាន​គេ​នាំ​ទៅ​កាន់​ទីកន្លែង​នានា​នៅ​ជុំវិញពិភព​លោក​ភ្លាមៗ ដូច​ជា​ជំងឺកូវីដ១៩​ដែល​យើង​បាន​ឃើញ​ស្រាប់។

ទី​ប្រឹក្សា​សន្តិសុខជាតិ​លោក ​Jake Sullivan បាន​លើក​ឡើង​ថា៖ «ក្នុង​រយៈពេល​២ឆ្នាំ​កន្លង​ទៅ​នេះពិភពលោកទាំងមូល​បាន​យល់​ដឹង​ពី​ការ​លំបាក​និង​សោកនាដកម្ម​ថា​ជំងឺ​រាតត្បាត​នេះមាន​គ្រោះ​ថ្នាក់ និង​ធ្វើ​ឲ្យ​រាំង​ស្ទះ​យ៉ាងខ្លាំង​ដល់​សន្តិសុខសុខភាព​ជាសាកល»។​

«ហេតុ​ដូច្នេះ​ហើយ ទើប​រដ្ឋបាល​លោក Biden និង​លោកស្រី​ Harris បាន​យក​បញ្ហា​សន្តិសុខ​សុខភាព​ពិភពលោក ទៅដាក់​លើ​របៀប​វារៈ​លើ​គេ​នៃ​សន្តិសុខ​ជាតិ​អាមេរិក​របស់​យើង​ដើម្បី​យក​ឈ្នះ​លើ​ជំងឺ​ឆ្លង​រាត្បាត​នេះនិង​ដើម្បី​វិនិយោគ​លើ​ការ​ពង្រឹង​នូវ​ប្រព័ន្ធ​សុខភាព​ពិភពលោក»។

ការ​ការពារ​ការ​ត្រួតពិនិត្យ​ និង​ការ​ឆ្លើយ​តបជាជំហាន​ដំបូង​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ជំងឺឆ្លងនានា។ហេតុ​ដូច្នេះ​ហើយ ទើបនៅ​ឆ្នាំ​២០១៤​មាន​ក្រុម​មួយ​ដែល​រួម​មាន​អង្គការ​និង​ប្រទេស​ចំនួន​៤៤​ចូល​រួម​ដែល​ក្នុង​នោះ​ក៏​មាន​សហរដ្ឋអាមេរិ​ផង​ដែរ បាន​ចាប់​ផ្តើម​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​កម្មវិធីនៃ​របៀបវារៈ​សន្តិសុខ​សុខភាព​ជាសាកល​ឬ​ហៅ​កាត់​ថា GHSA ដែល​ជា​កម្មវិធី​មួយ​មាន​រយៈពេល​៥ឆ្នាំ​និង​ចុះ​អនុវត្ត​ផ្ទាល់​នៅ​ទីកន្លែង ដើម្បី​លើក​កម្ពស់​សមត្ថភាព​ប្រទេស​កំពុង​អភិវឌ្ឍ​នានា ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង។

ក្នុង​ឆ្នាំ​សារពើពន្ធ ២០២០​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ប្រមាណ​ជាង​៤៨០លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់សកម្មភាព​ការងារ​របស់​ GHSA​ នៅ​ក្នុង​ប្រទេស​ជា​ដៃគូ​របស់​ខ្លួន​និង​បាន​ផ្តល់​ប្រាក់​បន្ថែម​ទៀតចំនួនជិត៦១០​លានដុល្លារ​ក្នុង​ឆ្នាំ​២០២១​នេះ។​ យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំចុងក្រោយ​បំផុត​របស់​កម្មវិធី GHSA ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ពាក់កណ្តាល​ខែ​តុលា​កន្លង​ទៅ​ប្រភព​ធនធាន​ទាំង​នេះត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​ទៅ​លើសន្តិសុខ​សមត្ថភាព​សុខភាព​ដែល​ទទួល​បានពី​ប្រទេស​ជា​ដៃគូ តាម​រយៈការ​ធ្វើ​វិនិយោគរបស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ពេល​កន្លង​ទៅ​ដែល​មាន​ទឹកប្រាក់​ជាង​២ពាន់លាន​ដុល្លារ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក។​ ថវិកា​នេះត្រូវបាន​ប្រើប្រាស់ក្នុង​ការ​បង្កើន​សកម្មភាព​ប្រឹង​ប្រែងសម្រាប់​ប្រទេស​ជាដៃគូ ដើម្បី​តាមដាន​ត្រួតពិនិត្យនិង​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេល​វេលា​ចំពោះការ​ផ្ទុះ​ឆ្លងរាតត្បាត​នៃ​ជំងឺឆ្លង ដែល​ក្នុង​នោះ​រួម​មាន​ជំងឺ​កូវីដ១៩ និង​ជំងឺអេបូឡា​ជា​ដើម​ដើម្បី​ទប់​ស្កាត់​បង្ការ​ជា​មុនមិន​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​ដែល​អាច​ជៀសវាង​បាន។

លោក​ Jake Sullivan បានថ្លែងថា៖ «រដ្ឋបាល​អាមេរិក​នៅពេលនេះតាំង​ចិត្ត​ចំពោះការ​គាំទ្រ​និង​ពង្រឹង​នូវ​សកម្មភាព​ការងារ​របស់ ​GHSA ​នៅ​ក្នុង​រយៈជា​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត ហើយ​យើង​នឹង​បន្ត​ប្រើប្រាស់​វិនិយោគ​របស់​ប្រទេស​ជា​ដៃគូ​របស់​យើង ព្រមទាំង​ជំនាញ​បច្ចេកទេស​របស់​យើង ដើម្បីជួយ​សម្រេច​គោលដៅ​របស់ GHSA។

«ការ​លើក​កម្ពស់​នូវ​សមត្ថភាព​ប្រទេស​និមួយៗ​និង​ការ​ចែករំលែក​នូវ​សមត្ថភាពរបស់​យើង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​គំរាមកំហែង​នៃជំងឺឆ្លង​នោះ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ជាង​ពេលមុនៗ​ទាំងអស់។ យើង​អាច​ធ្វើ​វិនិយោគ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​ពេល​នេះ​និង​បង្កើត​នូវអនាគត​មួយដែល​ប្រកប​ដោយ​សុខភាព​និង​សន្តិសុខ​ប្រសើរ​ជាង​មុន។​ កម្មវិធី​របស់ ​GHSA ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃការ​ងារ​ទាំង​នេះ៕​