តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីដើមខែវិច្ឆិកាឆ្នាំទៅមិញ បន្ទាប់ពីមានភាពតានតឹងច្រើនខែមក សង្គ្រាមមួយបានផ្ទុះឡើងរវាងរដ្ឋាភិបាលអេត្យូពី និងរណសិរ្សរំដោះប្រជារាស្ត្រ Tigray នៅក្នុងតំបន់ Tigray នាផ្នែកខាងជើងប្រទេស។ មិនយូរប៉ុន្មាន អង្គភាពប្រដាប់អាវុធមកពីកងកម្លាំងការពារ Amhara និងអេរីត្រេ នៅជិតខាង ក៏បានចូលរួមជាមួយភាគីរដ្ឋាភិបាល។
នៅចុងខែវិច្ឆិកា នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed ដែលជាជ័យលាភីរង្វាន់ Nobel សន្តិភាព បានប្រកាសជ័យជំនះ បន្ទាប់ពីកងយោធពលអេត្យូពី បានចូលទៅក្នុងក្រុង Mekele នៃតំបន់នោះ។
ទោះជាយ៉ាងណាក៏ដោយក៏កងកម្លាំងអេត្យូពី កងកម្លាំង Amhara កងកម្លាំងអេរីត្រេ ឋិតនៅក្នុងតំបន់ Tigray នៅឡើយ។ ប៉ុន្តែអាកប្បកិរិយារបស់ពួកគេ និងគំនិតមារយាទនៃពួកភាគីប្រដាប់អាវុធឯទៀតៗដោយមានរួមបញ្ចូលទាំងរណសិរ្សរំដោះប្រជារាស្ត្រ Tigray ផងដែរ មិននាំឱ្យមានភាពក្សេមក្សាន្តទេ នេះបើតាមអ.ស.ប. និងអង្គការសិទ្ធិមនុស្ស Amnesty International។
លោករដ្ឋមន្ត្រីការបរទេសស.រ.អ. Antony Blinken បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា «អាកប្បកិរិយារបស់កងកម្លាំងការពារអេរីត្រេ និងកងកម្លាំងតំបន់ Amhara ជាការគួរឱ្យរន្ធត់ណាស់។ មានរបាយការណ៍ជឿទុកចិត្តបានថា កងកម្លាំងប្រដាប់អាវុធក្នុងតំបន់ Tigray បានប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងជនស៊ីវិលដោយមានរួមបញ្ចូលអំពើហិង្សាលើស្ត្រីនិងមានការរំលោភលើសិទ្ធិមនុស្សនិងអំពើឃោរឃៅឯទៀតៗផងដែរ»។
អ្វីដែលនាំឱ្យខ្វល់ខ្វាយជាងនេះទៀត គឺការដែលពួកទាហានអេរីត្រេ និងក្រុមជនប្រដាប់អាវុធឯទៀតៗ បានរារាំងនឹងប្លន់ជំនួយមនុស្សធ៌មដែលផ្តល់ឱ្យក្រុមជនស៊ីវិលក្នុងតំបន់ Tigray។ ក្នុងបណ្តាប្រជារាស្ត្រ៦លាននាក់ក្នុងតំបន់នោះ មនុស្ស៥លាន ២សែននាក់ ត្រូវការជំនួយ ជាពិសេស ម្ហូបអាហារ។ អ.ស.ប.បាននិយាយថា«ក្នុងបណ្តាមនុស្សបីលាននាក់ដែលត្រូវទទួលទីជម្រកគ្រាមានអាសន្ ននិងវត្ថុមិនមែនជាអាហារ មានតែប្រជារាស្ត្រ៣សែន ៤ម៉ឺន ៧ពាន់នាក់ប៉ុណ្ណោះ គឺប្រមាណ១២ភាគរយប៉ុណ្ណោះ ដែលគេអាចជួយបានចាប់តាំងពីថ្ងៃទី៣ ខែឧសភាមក»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «ស.រ.អ.ខ្វល់ខ្វាយយ៉ាងខ្លាំងដោយសារករណីដែលកងកម្លាំងយោធារារាំងជំនួយមនុស្សធម៌មិនឱ្យទៅដល់ផ្នែកនានានៃតំបន់ Tigray កាន់តែកើនចំនួនឡើង»។
លោករដ្ឋមន្ត្រីបាននិយាយថា «ស.រ.អ.អំពាវនាវយ៉ាងច្បាស់លាស់ដល់រដ្ឋាភិបាលនៃប្រទេសអេរីត្រេ និងប្រទេសអេត្យូពី ឱ្យចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធ្វើឱ្យប្រាកដប្រជាថា កងកម្លាំងរបស់ពួកគេនៅក្នុងតំបន់ Tigray ឈប់ធ្វើអាកប្បកិរិយាដែលគួរឱ្យស្តីបន្ទោសទាំងនេះ។ យើងក៏អំពាវនាវទៀតដល់ភាគីទាំងអស់ឱ្យធ្វើតាមកាតព្វកិច្ចតាមរយៈច្បាប់មនុស្សធម៌អន្តរជាតិដោយមានរួមបញ្ចូលកាតព្វកិច្ចទាំងឡាយណាទាក់ទិននឹងការការពារក្រុមជនស៊ីវិលហើយបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់ ហើយអនុញ្ញាតឱ្យជំនួយសង្គ្រោះ បានទៅដល់ក្រុមជនរងគ្រោះដែលត្រូវការជំនួយយ៉ាងខ្លាំងនោះ»។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកាំង Blinken បានមានប្រសាសន៍បន្ថែមទៀតថា«យើងក៏សុំដែរដល់រដ្ឋាភិបាលនៃប្រទេសអេត្យូពី ឱ្យដកកងកម្លាំងតំបន់ Amhara ពីតំបន់ Tigray ហើយធ្វើឱ្យប្រាកដថា រដ្ឋាភិបាលអន្តរកាលនៃតំបន់ Tigray មានការគ្រប់គ្រងដោយប្រសិទ្ធភាពក្នុងប៉ែកខាងលិចនៃតំបន់នេះ។ លោកនាយករដ្ឋមន្ត្រី Abiy និងប្រធានាធិបតីអេរីត្រេ លោក Isaias Afwerki ត្រូវយកពួកជនទទួលខុសត្រូវចំពោះអំពើឃោរឃៅទៅកាត់ទោស»៕