បទវិចារណកថា៖ ការលើកតម្កើង​ការជ្រើសរើស​ចៅក្រម​ដោយ​ត្រឹមត្រូវ​នៅ​ក្វាតេម៉ាឡា

តុលាការ​ធម្មនុញ្ញ គឺជា​តុលាការ​ខ្ពស់បំផុត​សម្រាប់​ច្បាប់​ស៊ីវិល​នៅ​ប្រទេស​ក្វាតេម៉ាឡា។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សភា​ប្រទេស​ក្វាតេម៉ាឡា (Guatemala) ប៉ុនប៉ងតែងតាំង​បុគ្គល​ម្នាក់ដែល​រងការ​ចោទប្រកាន់​ធ្ងន់ធ្ងរ​ប្រឆាំង​នឹងរូបលោកឱ្យ​កាន់​តំណែង​ជាចៅក្រម​តុលាការ​ធម្មនុញ្ញ។ ការចោទ​ប្រកាន់មាន​រួម​បញ្ជូលការ​ឃុបឃិត​ប្រព្រឹត្តអំពើ​ទុច្ចរិតរារាំង​ដំណើរការ​យុត្តិធម៌និង​មាន​ភ័ស្តុតាង​នៃ​ការទាក់ទង​កាល​ពី​ពេល​មុនៗ​របស់​លោកជា​មួយលោក Gustavo Alejos អតីតជំនួយការប្រធានាធិបតី​ ដែល​ក្រសួងការបរទេសសហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ថា ​មាន​ទាក់​ទិននឹង​អំពើ​ពុក​រលួយធំៗ​ដែល​បំផ្លាញនីតិរដ្ឋ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា។

កាល​ពី​ថ្ងៃ​ទី១​ ខែកុម្ភៈ ជា​លទ្ធផលនៃករណី​មួយ​ប្តឹង​ដោយ​ក្រសួង​កិច្ចការ​សាធារណៈ​នៃ​ប្រទេសក្វាតេម៉ាឡា ​ចៅក្រម​ម្នាក់​ បានចេញ​ដីកា​ចាប់​ខ្លួន​ជន​នេះ ​ដែលមាន​សក្តានុពល​ជាចៅក្រម​តុលាការ​ធម្មនុញ្ញ​ ដោយសារ​លោក បាន​រារាំងយុត្តិធម៌។

ការ​ទាក់ទង​ជា​មួយ​លោក Gustavo Alejos ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ។ កាល​ពី​ឆ្នាំ២០២០​ ការិយាល័យរដ្ឋអាជ្ញា​ពិសេស​ក្វាតេម៉ាឡា​ប្រឆាំងនិទណ្ឌភាពលាតត្រដាង​អំពី​ការ​ជ្រៀត​ជ្រែកដោយ​កម្រោល​ក្នុងប្រព័ន្ធ​តុលាការ។ ការ​ស៊ើបអង្កេតបានរកឃើញថា​ ឈ្មោះ Gustavo Alejos ដែល​ជា​អ្នក​ធុរកិច្ច​ និងជា​អតីត​នាយខុទ្ទកាល័យរបស់​អតីត​ប្រធានាធិបតី​ Alvaro Colom នៃ​ប្រទេស​ក្វាតេម៉ាឡា ដែល​កំពុង​ជាប់​ឃុំឃាំងពី​បទ​ពុក​រលួយ ​បាន​បង្កើត​គម្រោងការ​អាក្រក់​មួយ​ដើម្បី​ឱ្យ​មាន​ឥទ្ធិពល​លើដំណើរការជ្រើសរើសចៅក្រម​សាលា​ឧទ្ធរណ៍ និង​ចៅក្រម​តុលាការ​កំពូល។ បើ​តាមសេចក្តីរាយការណ៍ព័ត៌មាន លោក Alejos បានទាក់ទង​ជា​មួយមនុស្ស​យ៉ាងតិច​ណាស់​៤១​នាក់ ដែល​ទាក់ទិន​នឹងដំណើរការជ្រើសរើសក្រុម​មន្ត្រី​តុលាការ​ដោយ​មានរួម​បញ្ចូល​សមាជិក​សភា​១០​នាក់​ ដែល​ពីរ​នាក់​ជា​សមាជិក​នៃថ្នាក់ដឹកនាំ​បច្ចុប្បន្ន​នៃ​ប្រទេស​ក្វាតេម៉ាឡា​ផងដែរ។

ដោយ​ហេតុ​នេះ​ ក្រសួង​ការបរទេស​ស.រ.អ. ​បានចាត់ទុកឈ្មោះ​ Alejos និងសមាជិក​គ្រួសារលោក​ ថា​ជា​ក្រុម​ជន​គ្មាន​សិទ្ធិចូលមក​ក្នុង​ស.រ.អ.​ទេ ​កាល​ពីខែ​មិថុនា ឆ្នាំ​២០២០​ ដោយសារ​ការ​ទាក់ទិន​របស់​លោក​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ខ្លាំងក្រាស់​ក្រែល។ ក្នុងឋានៈ​លោកផ្លូវការ​ជា​នាយ​ខុទ្ទកាល័យរបស់​អតីត​ប្រធានាធិបតី Alvaro Colom ឈ្មោះ Alejos មាន​ទាក់​ទិននឹង​ការបំផ្លាញនីតិរដ្ឋ​និងការ​ជឿទុកចិត្ត​របស់​សាធារណជន​ក្វាតេម៉ាឡា​ចំពោះ​ស្ថាប័ន​ប្រជាធិបតេយ្យរបស់​រដ្ឋាភិបាល​ពួក​គេ ពួក​មន្ត្រី​ និងដំណើរការ​សាធារណៈ។

លោក Ned Price អ្នកនាំ​ពាក្យក្រសួង​ការបរទេស​ស.រ.អ. បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ការ​ប៉ុនប៉ងរបស់​សភា​ក្វាតេម៉ាឡា​ក្នុងការតែងតាំងឱ្យ​កាន់​តំណែង​មួយ​ក្នុង​តុលាការ​ធម្មនុញ្ញ​នូវ​បុគ្គល​ម្នាក់ជិតស្និទ្ធនឹង Alejos ​ហើយ​ដែល​ប្រឈមនឹង​ការ​ចោទប្រកាន់ធ្ងន់ធ្ងរពី​បទពុក​រលួយ​នាំ​ឱ្យមាន​សំណួរ​អំពី​ភាព​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​នៃ​តុលាការខ្ពស់​បំផុត​របស់ប្រទេស​ក្វាតេម៉ាឡា ដែលនាំឱ្យ​ខ្សោយដល់​នីតិរដ្ឋ​ និង​បំផ្លាញអាទិភាពសំខាន់​មួយរបស់​ស.រ.អ.​សម្រាប់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​ក្វាតេម៉ាឡា​ដើម្បី​ពង្រឹងអភិបាល​កិច្ច​ប្រជាធិបតេយ្យ។

ស.រ.អ.​ ប្តេជ្ញា​គាំទ្រការ​ប្រយុទ្ធ​របស់ប្រទេស​ក្វាតេម៉ាឡា​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​រាលដាលនិងនិទណ្ឌភាព ដែល​ជាជំហាន​ចាំ​បាច់​មួយឆ្ពោះ​ទៅ​កាន់អនាគត​រុងរឿង​និង​មាន​សន្តិសុខ​ដែលប្រជាពលរដ្ឋក្វាតេម៉ាឡា សក្តិសម​ទទួល​បាន។ ការ​ជ្រើស​រើស​ចៅក្រម​សម្រាប់​តុលាការធម្មនុញ្ញ​ដោយ​យុត្តិធម៌និង​ប្រកបដោយ​តម្លាភាព មាន​សារៈសំខាន់សម្រាប់​ភាព​ជឿទុកចិត្ត​បាន​ដល់​ស្ថាប័នប្រជាធិបតេយ្យរបស់​ប្រទេស​ក្វាតេម៉ាឡា៕