តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ពួករដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវដល់ការវាយប្រហារភេរវកម្មដ៏រន្ធត់កាលពីពេលថ្មីៗនេះ ក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ កាលពីថ្ងៃទី២១ ខែមករា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់ បានបំផ្ទុះអាវកាក់របស់ពួកគេនៅកណ្តាលរដ្ឋធានីបាកដាដនៃប្រទេសអ៊ីរ៉ាក់។ មនុស្សជាង៣០នាក់បានស្លាប់ ហើយមនុស្សយ៉ាងតិចណាស់១០០នាក់ទៀត បានត្រូវរបួសនៅក្នុងផ្សារមួយនៅទីលាន Tayaran។ ការវាយប្រហារនេះ ត្រូវបានគ្រោងធ្វើឡើងដើម្បីបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនអតិបរមា។
ការវាយប្រហារបែបនេះប្រឆាំងនឹងក្រុមជនស៊ីវិលក្នុងទីក្រុងបាកដាដ មិនសូវមានទេ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ ទីក្រុងនេះមានសភាពប្រក្រតីជាលំដាប់ក្រោយការត្រួតត្រាដោយពួករដ្ឋឥស្លាមលើដែនដីធំមួយនៃប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ដែលត្រូវបានបញ្ឈប់ដោយក្រុមចម្រុះសាកលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីយកជ័យជម្នះលើពួករដ្ឋឥស្លាម។ ពួកភេរវជននោះបានបាត់បង់សំបុករបស់ខ្លួនក្នុងទីក្រុង Raqqa ក្នុងឆ្នាំ២០១៩ បើទោះជាអ្នកដែលនៅសេសសល់ បានធ្វើការវាយប្រហារក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់ក៏ដោយ។
សហរដ្ឋអាមេរិក បានកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់។ រដ្ឋមន្ត្រីការពារប្រទេសថ្មីរបស់សហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយនៅក្នុងសវនាការតែងតាំងលោកកាលពីពេលថ្មីៗនេះថា លោកនៅតែខ្វល់ខ្វាយអំពីការគំរាមកំហែងដែលបង្កឡើងដោយពូករដ្ឋឥស្លាមក្នុងប្រទេសអ៊ីរ៉ាក់និងកន្លែងឯទៀតៗ។ លោកបានថ្លែងប្រាប់គណៈកម្មាធិការសេវាកងប្រដាប់អាវុធនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកថា៖ «ខ្ញុំគាំទ្រដល់ការរក្សាទុកទាហានសហរដ្ឋអាមេរិកមួយចំនួនតូចដើម្បីបំពេញបេសកកម្មមានកម្រិត ដោយផ្តោតការយកចិត្តទុកដាក់លើការផ្តល់ការណែនាំ និងការជួយកងកម្លាំងប្រឆាំងនឹងភេរវកម្មរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលនៅមានតទៅទៀតដោយពួករដ្ឋឥស្លាម»។
លោកវរសេនីយ៍ឯក Wayne Marotto អ្នកនាំពាក្យក្រុមចម្រុះសាកលដើម្បីយកជ័យជម្នះលើពួករដ្ឋឥស្លាម បាននិយាយនៅក្នុងសារ Twitter មួយថា ការបំផ្ទុះគ្រាប់បែកដោយអ្នកដាក់គ្រាប់បែកអត្តឃាតពីរនាក់ក្នុងទីក្រុងបាកដាដ «គឺជាការសម្លាប់ជនជាតិអ៊ីរ៉ាក់ដូចគ្នាមួយលើកទៀតដោយពួកភេរវជន និងធ្វើឱ្យមានគ្រោះថ្នាក់ដល់ពួកជនដែលស្វះស្វែងឱ្យមានសន្តិភាព»។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដ បានហៅការវាយប្រហារនេះ ថាជា «សកម្មភាពកំសាកមួយគួរធ្វើទោសដែលគូសបញ្ជាក់គ្រោះថ្នាក់នៃភេរវកម្មដែលប្រជាជនអ៊ីរ៉ាក់រាប់លាននាក់នៅតែប្រឈមតទៅទៀត»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Daniel Smith អតីតរដ្ឋមន្ត្រីការបរទេសស្ដីទី របស់សហរដ្ឋអាមេរិកបានថ្កោលទោស «យ៉ាងខ្លាំងក្លាដល់ការវាយប្រហារភេរវកម្មកាលពីថ្ងៃ២១ ខែមករា ក្នុងទីក្រុងបាកដាដ»។
លោក Daniel Smith បានសរសេរថា៖ «សកម្មភាពភេរវកម្មទាំងនេះ ជាសកម្មភាពសម្លាប់មនុស្សច្រើននាក់ ហើយជាការរំឭកថាភេរវកម្មនៅតែគំរាមកំហែងជីវិតប្រជាជនអ៊ីរ៉ាក់ស្លូតត្រង់។ យើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះនិងសង្ឃឹមថា ពួកអ្នករបួស នឹងបានជាសះស្បើយយ៉ាងលឿន»៕