តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ឧបករណ៍ឃោសនារបស់រដ្ឋាភិបាលរុស្ស៊ីកំពុងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរារាំងប្រជាពលរដ្ឋរុស្ស៊ីមិនឱ្យយល់ដឹងអំពីស្ថានភាពពិតនិងទំហំនៃការឈ្លានពានដែលខ្វះការពិចារណានិងគ្មានហេតុផលត្រឹមត្រូវរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លើប្រទេសអ៊ុយក្រែន។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនិងប៉ុន្មានសប្ដាហ៍មុនការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនកើតឡើង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បណ្ដាញសង្គមអនឡាញ និងទីភ្នាក់ងារព័ត៌មាននានានៅទូទាំងប្រទេសរុស្ស៊ី បានផ្សព្វផ្សាយអំពីព័ត៌មានប្រឌិតហួសហេតុជ្រុល ផ្សព្វផ្សាយការអះអាងមិនពិតក្នុងគោលបំណងបញ្ចុះបញ្ចូលប្រជាពលរដ្ឋរុស្ស៊ីថា កងកម្លាំងយោធារបស់រុស្ស៊ីចាំបាច់ត្រូវឈ្លានពានប្រទេសអ៊ុយក្រែនដើម្បីធ្វើឱ្យអ៊ុយក្រែន «គ្មានកងកម្លាំងយោធានិងមិនរងឥទ្ធិពលណាហ្ស៊ី» ដែលនេះគឺជាការកុហកដោយឥតអៀនខ្មាស់។
ចាប់តាំងពីការចាប់ផ្ដើមដំបូងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក រដ្ឋាភិបាលរុស្ស៊ីបានបង្វែរកិច្ចប្រឹងប្រែងរបស់ខ្លួនទៅរកការរារាំងពលរដ្ឋរុស្ស៊ីមិនឱ្យយល់ដឹងអំពីអ្វីដែលកំពុងកើតឡើងពិតប្រាកដនៅក្នុងប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងការហាមឃាត់ការប្រើប្រាស់ពាក្យ «សង្គ្រាម» នៅក្នុងបរិបទនេះផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា៖ «រដ្ឋាភិបាលរុស្ស៊ីកំពុងប្រឡូកនៅក្នុងការបំពានពេញទំហឹងលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយនិងសច្ចភាព។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការធ្វើឱ្យយល់ខុសនិងបំបិទចោលនូវសច្ចភាពនៃការឈ្លានពានដ៏ឃោរឃៅរបស់ខ្លួនលើអ៊ុយក្រែនគឺកាន់តែខ្លាំងឡើង»។
កាលពីថ្ងៃទី ១ ខែមីនា អគ្គរដ្ឋអាជ្ញារបស់ប្រទេសរុស្ស៊ីបានបញ្ជាទីភ្នាក់ងារ RosKomNadzor ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាលឱ្យត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នានា ឱ្យដាក់កំហិតលើលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដ៏គួរឱ្យទុកចិត្តបំផុតផ្សេងៗដូចជាវិទ្យុ Ekho Moskvy និងទូរទស្សន៍ Dozhd ជាដើម និងបិទវេបសាយក៏ដូចជាបង្អាក់លទ្ធភាពរបស់ស្ថាប័នទាំងនេះនៅក្នុងការផ្សព្វផ្សាយ។
ចាប់តាំងពីពេលនោះមក ព្រឹទ្ធសភារបស់ប្រទេសរុស្ស៊ីបានអនុម័តច្បាប់មួយ ដែលនឹងដាក់ទោសជាប់ពន្ធនាគាររហូតដល់ទៅ ១៥ ឆ្នាំ សម្រាប់ការចែកចាយព័ត៌មាន «មិនពិត» អំពីប្រតិបត្តិការយោធារបស់រុស្ស៊ី។
លោក Price បានបញ្ជាក់ថា៖ «រដ្ឋាភិបាលរុស្ស៊ីក៏កំពុងបង្អាក់ផងដែរដល់បណ្ដាញទំនាក់ទំនង Twitter, Facebook និង Instagram ដែលពលរដ្ឋរុស្ស៊ីរាប់សិបលាននាក់កំពុងប្រើដើម្បីទទួលបានព័ត៌មាននិងការបញ្ចេញមតិឯករាជ្យនានា និងដើម្បីទាក់ទងគ្នាទៅវិញទៅមកនិងទាក់ទងទៅបរទេស»។
លោក Price បានបន្តថា នេះគឺជាវិធីមួយទៀតដែលរដ្ឋាភិបាលរុស្ស៊ី៖ «ដាក់កំហិតលើទីតាំងនិងមធ្យោបាយដែលពលរដ្ឋរុស្ស៊ីអាចមើលឃើញនិងចែកចាយភស្តុតាងនៃសច្ចភាពនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន»។
លោក Price បានលើកឡើងទៀតថា៖ «ប្រជាពលរដ្ឋរុស្ស៊ីមិនបានជ្រើសរើសសង្គ្រាមនេះទេ។ លោក Putin គឺជាអ្នកជ្រើសរើស។ ប្រជាពលរដ្ឋរុស្ស៊ីមានសិទ្ធិដឹងអំពីការស្លាប់ ការឈឺចាប់ និងការបំផ្លិចបំផ្លាញដែលរដ្ឋាភិបាលរបស់ពួកគេបានប្រព្រឹត្តិលើប្រជាពលរដ្ឋអ៊ុយក្រែន»។
លោកបានបន្ថែមថា៖ «ប្រជាពលរដ្ឋរុស្ស៊ីក៏មានសិទ្ធិផងដែរនៅក្នុងការដឹងអំពីផលប៉ះពាល់នៃសង្គ្រាមដែលគ្មានន័យនេះលើទាហានរុស្ស៊ី។ យើងអំពាវនាវដល់លោក Putin និងរដ្ឋាភិបាលរបស់លោកឱ្យគោរពតាមកាតព្វកិច្ចនិងការប្ដេជ្ញាចិត្តជាអន្តរជាតិរបស់ប្រទេសរុស្ស៊ី បញ្ឈប់ជាបន្ទាន់នូវការបង្ហូរឈាមនេះ ដកកងទ័ពចេញពីទឹកដីរបស់ប្រទេសអ៊ុយក្រែន និងគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋរុស្ស៊ី»៕