បទ​វិចារណកថា៖ ក្រុម Hamas មិន​គួរ​ត្រូវ​បាន​ស្វាគមន៍​នៅ​ក្នុង​ប្រទេស​តួកគី

រូបឯកសារ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan (ស្តាំ) ស្វាគមន៍លោក Ismail Haniyeh ប្រធានចលនា Hamas នៅទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២០។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​តួកគី​និង​សហរដ្ឋ​អាមេរិក ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់ (NATO) អស់​រយៈពេល​ជិត ៧០ ឆ្នាំ​មក​ហើយ។ ភាព​ជា​ដៃគូ​នេះ​ផ្អែក​លើ​ផល​ប្រយោជន៍​និង​ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក និង​ផ្តោត​លើ​វិស័យ​មួយ​ចំនួន​ដូចជា សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់ កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិវឌ្ឍភាព​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​ជាដើម។

សហរដ្ឋ​អាមេរិក​ឈរ​ក្នុង​កម្លាំង​សាមគ្គី​ជាមួយ​ប្រទេស​តួកគី ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ កិច្ច​សហ​ប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​ គឺ​ជា​កត្តា​គន្លឹះ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​របស់​យើង។

ដោយសារ​ប្រទេស​យើង​ទាំង​ពីរ​សាមគ្គី​គ្នា​នៅ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​នៃ​អំពើ​ភេរវកម្ម ជា​ការពិត​ដែល​សហរដ្ឋ​អាមេរិក​នា​ពេល​ថ្មីៗ​នេះ ​បាន​ផ្តល់​សារ​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ដែល​បាន​ទទួល​ស្វាគមន៍​មេដឹកនាំ​ក្រុម Hamas ពីរ​នាក់​ នៅ​ក្នុង​ទីក្រុង​អ៊ីស្ដង់ប៊ុល ប្រទេស​តួកគី កាល​ពី​ថ្ងៃទី ២២ ខែ​សីហា។

អ្នកស្រី Morgan Ortagus អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​គូស​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការ​ណ៍​ថា៖ «ក្រុម Hamas ត្រូវ​បាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ ចាត់ទុក​ថា​ជា​អង្គការ​ភេរវកម្ម​មួយ ហើយ​មន្ត្រី Hamas ទាំង​ពីរ ​ដែល​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី​តួកគី​លោក Erdoganនោះ ត្រូវ​បាន​ចាត់ទុក​ជា​ពិសេស​ថា​ ជា​ភេរវជន​សាកលលោក»។

ក្រុម Hamas មាន​មាន​បំណង​បំផ្លាញ​ប្រទេស​អ៊ីស្រាអែល នឹង​បង្កើត​រដ្ឋ​ឥស្លាម​មួយ​ចាប់​ពី​ទន្លេ​ហ្ស៊កដានី​ រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ។ គោលដៅ​វាយ​ប្រហារ​របស់​ក្រុម Hamas ជា​រឿយៗ​គឺ​ជន​ស៊ីវិល ហើយ​អាវុធ​ដែល​ក្រុម​នេះ​ប្រើ​មាន​ដូចជា អាវុធ​ធុន​មីស៊ីល គ្រាប់​បែក​អត្តឃាត កាំបិត និង​ផ្លូវ​រូង​ក្រោម​ដី​ សម្រាប់​សកម្មភាព​ភេរវកម្ម​របស់​ខ្លួន​ជាដើម។

បុគ្គល​ឈ្មោះ Ismail Haniyeh ដែល​ជា​មេដឹកនាំ​នយោបាយ​ជាន់​ខ្ពស់​របស់​ក្រុម Hamas គឺជា​បុរស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ដែល​លោក​ប្រធានាធិបតី Erdogan បាន​ជួប​នៅ​ក្នុង​ទីក្រុង​អ៊ីស្ដង់ប៊ុល​នោះ។

នៅ​ពេល​បុគ្គល​ឈ្មោះ Haniyeh នេះ ត្រូវបាន​បញ្ជូល​ទៅ​ក្នុង​បញ្ជី​ភេរវជន​ពិភពលោក​ កាល​ពី​ឆ្នាំ ២០១៨ ក្រសួង​ការបរទេស​អាមេរិក​បាន​ហៅ​បុគ្គល​នេះ​ថា​ ជា​មេដឹកនាំ​ភេរវជន​ដ៏​ចម្បង​មួយ​រូប ដែល​បាន «គំរាម​កំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់​មជ្ឈិម​បូព៌ា បំផ្លាញ​ដល់​ដំណើរការ​សន្តិភាព និង​វាយ​ប្រហារ​លើ​ប្រទេស​អេហ្ស៊ីប​និង​អ៊ីស្រាអែល ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក»។

បុរស​ទី​ពីរ​ដែល​លោក​ប្រធានាធិបតី Erdogan បាន​ជួប​ដែរ​នោះ គឺ​អនុ​ប្រធាន​របស់​ក្រុម Hamas ឈ្មោះ Salih al-Aruri។ បុគ្គល​ឈ្មោះ Salih al-Aruri នេះ មាន​ការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​វាយ​ប្រហារ​ភេរវកម្ម ការ​ឆ្មក់​ប្លន់ និង​ការ​ចាប់​ជំរិត​ជា​ច្រើន​ករណី។

បុគ្គល​នេះ​ជា​អ្នក​ដែល​បាន​ប្រកាស​ថា​ ក្រុម Hamas ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​ភេរវកម្ម​ក្នុង​ឆ្នាំ ២០១៤ ដែល​បាន​ចាប់​ជំរិត​និង​សម្លាប់​យុវជន​អ៊ីស្រាអែល ៣ នាក់ ​ក្នុង​តំបន់ West Bank ហើយ​បាន​សរសើរ​ការ​សម្លាប់​យុវជន​ទាំង ៣ នាក់​នោះ​ថា​ជា «ប្រតិបត្តិការ​ប្រកប​ដោយ​វីរភាព» ទៀត​ផង។

កម្មវិធី​ផ្តល់​រង្វាន់​ដើម្បី​យុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​រង្វាន់​ជា​ទឹក​ប្រាក់​រហូត​ដល់ ៥ លាន​ដុល្លារ​អាមេរិក ចំពោះ​ព័ត៌មាន​ណា​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​បុគ្គល​នេះ។

អ្នកស្រី Morgan Ortagus អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក បាន​គូស​បញ្ជាក់​ថា ការ​ជួប​គ្នា​កាល​ពី​ខែ​សីហា​នោះ គឺជា​ការ​ជួប​គ្នា​លើក​ទី​ពីរ​ដែល​ប្រធានាធិបតី​តួកគី​លោក Erdogan បាន​ទទួល​ស្វាគមន៍​មេដឹកនាំ​ក្រុម Hamas នេះ នៅ​ក្នុង​ប្រទេស​តួកគី​ក្នុង​ឆ្នាំ​នេះ។

អ្នកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​បន្ត​ទំនាក់ទំនង​របស់​ប្រធានាធិបតី​តួកគី​លោក Erdogan ជាមួយ​អង្គការ​ភេរវកម្ម​នេះ គឺមានតែ​ធ្វើ​ឲ្យ​ប្រទេស​តួកគី​នៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ និង​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន និង​បង្អាក់​ដល់​កិច្ច​ប្រឹងប្រែង​របស់​ពិភពលោក​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​វាយ​ប្រហារ​ភេរវកម្ម​ ដែល​ធ្វើ​ឡើង​ចេញ​ពី​តំបន់ Gaza តែ​ប៉ុណ្ណោះ។ យើង​នៅតែ​បន្ត​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​យើង ​អំពី​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​តួកគី​ជាមួយ​ក្រុម Hamas នេះ នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត»៕