តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នាយទាហានជើងចាស់នៃកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកលោក Mark Frerichs ត្រូវបានក្រុមតាលីបង់ (Taliban) ចាប់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេល ២ ឆ្នាំមកហើយ។
លោក Frerichs ដែលជាវិស្វករសំណង់ស៊ីវិលនិងជាបុគ្គលិកកិច្ចសន្យាមកពីភូមិ Lombard រដ្ឋ Illinois សហរដ្ឋអាមេរិក បានធ្វើការអស់រយៈពេលជាយូរមកហើយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានលើគម្រោងអភិវឌ្ឍន៍នានាដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន។
លោកត្រូវបានចាប់ធ្វើជាចំណាប់ខ្លាំងកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា។ គេជឿថា លោក Frerichs ត្រូវបានក្រុមតាលីបង់ចាប់ឃុំខ្លួន។
នៅពេលបច្ចុប្បន្ននេះ កម្មវិធីរង្វាន់សម្រាប់យុត្តិធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងផ្ដល់រង្វាន់រហូតដល់ ៥ លានដុល្លារ សម្រាប់ព័ត៌មានណាដែលអាចឈានទៅដល់ការស្គាល់ទីតាំង ការរកឃើញ និងការវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញរបស់លោក Frerichs។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់សេតវិមានថា៖ «ការគំរាមកំហែងដល់សុវត្ថិភាពរបស់ពលរដ្ឋអាមេរិកាំង ឬក៏ដល់ជនស៊ីវិលស្លូតត្រង់ណាម្នាក់ គឺមិនអាចទទួលយកបានជាដាច់ខាត ហើយការចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងគឺជាទង្វើមួយនៃភាពឃោរឃៅនិងកំសាក»។
លោកប្រធានាធិបតី Biden បានបន្ថែមថា៖ «ក្រុមតាលីបង់ត្រូវតែដោះលែងលោក Mark [Frerichs] ជាបន្ទាន់ មុនពេលក្រុមនេះអាចរំពឹងថាមានការពិចារណាណាមួយអំពីបំណងប្រាថ្នារបស់ខ្លួននៅក្នុងការទទួលបានភាពស្របច្បាប់។ នេះមិនមែនជារឿងដែលអាចចរចាបាននោះទេ»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានបញ្ជាក់ជាថ្មីនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកបានលើកឡើងអំពីករណីរបស់លោក Mark Frerichsនេះ នៅក្នុងគ្រប់ការប្រជុំទាំងអស់ជាមួយនឹងក្រុមតាលីបង់ ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ថា ភាពស្របច្បាប់ដែលក្រុមតាលីបង់ចង់បានគឺមិនអាចពិចារណាបាននោះទេ នៅពេលដែលក្រុមនេះចាប់ពលរដ្ឋអាមេរិកាំងធ្វើជាចំណាប់ខ្មាំង។ ការដោះលែងលោក Mark Frerichs គឺជាអាទិភាពស្នូលនិងមិនអាចចរចាបានមួយរបស់សហរដ្ឋអាមេរិក»។
លោក Price បានបន្ថែមថា៖ «យើងនឹងបន្តបញ្ជូនសារច្បាស់ៗទៅកាន់ថ្នាក់ដឹកនាំក្រុមតាលីបង់ថា ចូរដោះលែងលោក Mark Frerichs ជាបន្ទាន់និងដោយសុវត្ថិភាព និងឈប់និយាយថា ខ្លួនមិនពាក់ព័ន្ធនឹងទង្វើចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនេះ»។
លោកប្រធានាធិបតី Biden បានលើកឡើងអំពីករណីលោក Mark Frerichs និងករណីពលរដ្ឋអាមេរិកាំងផ្សេងទៀតដែលកំពុងត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំង ឬក៏កំពុងត្រូវបានគេចាប់ដាក់ឃុំខុសច្បាប់នៅបរទេស និងបានថ្លែងទៅកាន់ក្រុមគ្រួសារនិងមិត្តភក្ដិរបស់អ្នកទាំងនោះដែលកំពុងទ្រាំទ្រនឹងរឿងតក់ស្លុតឈឺចាប់បែបនេះ។
លោកថ្លែងដូច្នេះថា៖ «សូមដឹងថា រដ្ឋបាលរបស់ខ្ញុំនឹងបន្តធ្វើការដោយមុះមុតរហូតទាល់តែពលរដ្ឋអាមេរិកាំងគ្រប់រូបដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ផ្ទុយពីឆន្ទៈរបស់ពួកគេ អាចវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ»៕