បទវិចារណកថា៖ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវតែ​ឱ្យ​របប​អ៊ីរ៉ង់​ទទួល​ខុសត្រូវ

(រូប​ឯកសារ) ក្មេងស្រី​ម្នាក់​មើល​អគារ​​ដែល​ត្រូវ​បំផ្លាញ​ក្រោយ​ការ​វាយប្រហារ​ដោយ​មីស៊ីល​ពី​អ៊ីរ៉ង់​លើ​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២៤។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield មាន​ប្រសាសន៍​ទៀត​ថា ​ការសម្រេចចិត្ត​របស់​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​អ៊ីស្រាអែល​«មិន​មែន​ជា​វិធី​ការពារ​នោះ​ទេ»។

តទៅនេះ ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

មួយ​ថ្ងៃ​បន្ទាប់​ពី​របប​អ៊ីរ៉ង់​បាន​វាយប្រហារ​អ៊ីស្រាអែល​ជា​លើក​ទី២​នៅ​ក្នុង​រយៈ​ពេល​៦ខែ​ ដោយ​ប្រើ​កាំជ្រួច​មីស៊ីល​បាល្លីស្ទិក អ្នក​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​អ្នក​ស្រី Linda Thomas-Greenfield បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​ឱ្យ​អ៊ីរ៉ង់​ទទួល​ខុសត្រូវ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «នេះ​ជា​ពេលវេលា​សម្រាប់​ក្រុមប្រឹក្សា​នេះ​ និយាយ​ដោយ​សំឡេង​តែ​មួយ​និង​ថ្កោលទោស​អ៊ីរ៉ង់​ចំពោះ​ការវាយ​ប្រហារ​ដែលបង្ក​ដោយ​ខ្លួន​ឯង ប្រឆាំង​នឹង​រដ្ឋ​ជា​សមាជិក​ផ្សេង​ទៀត។ ហើយ រឿង​សំខាន់​ដូច​គ្នា​នេះ​ដែរ គឺ​ត្រូវ​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​លើ​ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ិស្លាម​ចំពោះ​សកម្មភាព​របស់​ខ្លួន»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield មាន​ប្រសាសន៍​ទៀត​ថា ​ការសម្រេចចិត្ត​របស់​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​អ៊ីស្រាអែល​«មិន​មែន​ជា​វិធី​ការពារ​នោះ​ទេ»។

អ្នកស្រី​បាន​បន្ត​ទៀត​ថា៖ «ផ្ទុយទៅវិញ ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ិស្លាម បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ការ​សាមគ្គីភាពជាមួយ​ក្រុមHezbollah បន្ទាប់​ពី​ការ​សម្លាប់​លោក Hassan Nasrallahដែល​បាន​ដឹកនាំ​ក្រុម​ភេរវកម្ម​នោះ​ដែល​មាន​ជាប់​ឈាម​ជនជាតិ​អាមេរិកាំង លីបង់​ និង​អ៊ីស្រាអែល​ រាប់​ពាន់​នាក់​នៅ​ក្នុង​ដៃ​របស់​ខ្លួន។ ខ្ញុំ​អាច​គិត​ដល់​ឧទាហរណ៍​ណា​មួយ​ដែល​បង្ហាញយ៉ាង​ច្បាស់​ពី​ភេរវកម្មគាំទ្រ​ដោយ​រដ្ឋ ជាង​ការ​បាញ់​កាំជ្រួចមីស៊ីល​បាល្លីស្ទិក​ដើម្បី​សងសឹក​ដល់​ការ​ស្លាប់​របស់​មេដឹកនាំ​ភេរវកម្មម្នាក់​នោះ​ទេ»។

អ្នក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បាន​សួរ​ថា៖ «ប្រសិន​បើ​ក្រុមប្រឹក្សា​មិន​ចាត់​វិធានការ តើសារ​អ្វី​ដែលពួក​គេ​នឹង​បញ្ជូន​ទៅ​នោះ?»។

លោក​ស្រី​ឯកអគ្គរដ្ឋទូត​បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​ភ័យ​ខ្លាច​ថា ​ការស្ងៀមស្ងាត់និង​ការ​គ្មាន​សកម្មភាព នឹង​ធ្វើ​ឱ្យ​ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ិស្លាម​វាយ​ប្រហារ​ម្តង​ហើយ​ម្តង​ទៀត​ ដូច​អ្វី​ដែល​យើង​បាន​ឃើញ​កាលពី​ម្សិលមិញ និង​ថ្ងៃ​ទី១៣ ខែ​មេសា ​នៃ​ឆ្នាំ​នេះ ម្តង​ហើយ​ម្តង​ទៀត»។

អ្នកស្រី​ឯកអគ្គរដ្ឋទូតThomas-Greenfield បាន​កត់សម្គាល់​ថា​ អ៊ីរ៉ង់​ក៏​បាន​ចូលដៃ​នៅ​ក្នុង​ការវាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​នៅ​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ២០២៣ លើ​អ៊ីស្រាអែល​ផង​ដែរ តាមរយៈ​ការជួយ​ផ្គត់ផ្គង់​ថវិកា​របស់​ខ្លួន​ដល់​ក្រុម​ហាម៉ាស់។

អ្នកស្រី​ឯកអគ្គរដ្ឋទូតThomas Greenfieldថ្លែង​ទៀត​ថា បន្ទាប់ពី​ការវាយ​ប្រហារ​ក្រុម​ហាម៉ាស់ ថ្វីបើ​សហរដ្ឋ​អាមេរិក​ព្រមាន​អ៊ីរ៉ង់​មិន​ឱ្យ​ឆ្លៀតកេង​ប្រយោជន៍​ពី​ស្ថានការណ៍និង​ហានិភ័យ​ដែល​ជំរុញ​តំបន់​នេះ​ឱ្យ​ធ្លាក់ចូល​ក្នុង​សង្គ្រាម​កាន់តែ​ធំឡើង អ៊ីរ៉ង់​មិន​អើពើ​«ម្តង​ហើយ​ម្តង​ទៀត»​ចំពោះ​ការ​ព្រមាន​នេះ។ ការ​គាំទ្រ​របស់​អ៊ីរ៉ង់​ចំពោះ​ក្រុម​រណប​របស់​ខ្លួន​នៅ​ក្នុង​តំបន់ រួមមាន​ក្រុម​ហ៊ូធី ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់ និង​ក្រុម Hezbollah «បាន​រួម​ចំណែក​ដោយ​ផ្ទាល់ធ្វើ​ឱ្យ​មាន​វិបត្តិ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង​ប្រទេស​លីបង់‍»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfieldបាន​ប្រកាស​ថា៖ «ហានិភ័យ​ដ៏​ធំ​នៅពេល​នេះ​ជា​តេស្ត​សាកល្បង​សម្រាប់​ក្រុមប្រឹក្សា​នេះ។ វា​ជា​ការចាំបាច់​ដែល​យើង​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​ការវាយ​ប្រហារ​របស់​អ៊ីរ៉ង់​និង​ទាមទារ​ឱ្យ​អ៊ីរ៉ង់​បញ្ឈប់​ការគាំទ្រ​របស់​ខ្លួន​ដល់​អំពើ​ភេរវកម្ម​នៅ​ក្នុង​តំបន់។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ក្នុង​តំបន់​ហ្កាហ្សា​និង West Bank ក្នុង​ប្រទេស​លីបង់​និង​ទូទាំង​តំបន់​សក្ដិសម​ទទួល​បាន​សន្តិភាព​ដ៏​ឋិតថេរមួយ។ ហើយ វា​ជា​ការ​យឺត​ពេល​សម្រាប់​ក្រុមប្រឹក្សា​នេះទៅ​ហើយ ដើម្បីធ្វើ​ឱ្យ​អ៊ីរ៉ង់​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្លុំ​ធ្វើ​ឱ្យ​មាន​អណ្តាត​ភ្លើង​សង្គ្រាម​នេះ៕