បទ​វិចារណកថា៖ ក្រៅពី​អង្គការ​សុខភាព​ពិភពលោក

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ផ្តល់​ជំនួយ​ផ្នែក​សុខាភិបាល​និង​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ជុំវិញ​ពិភពលោក​ច្រើន​ជាង​គេ​បង្អស់ ​នៅ​ក្នុង​ពិភពលោក ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ ជំនួយ​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​មាន​ការគាំ​ទ្រ​ពី​សំណាក់​ពលរដ្ឋ​អាមេរិកាំង ​ដែល​ជា​អ្នក​បង់​ពន្ធ ជាមួយ​នឹង​ការ​រំពឹង​ទុក​ដោយ​សមហេតុ​សមផល​ថា ជំនួយ​នេះ​នឹង​បំពេញ​គោល​បំណង​មាន​ប្រយោជន៍ និង​បាន​ទៅ​ដល់​ដៃ​អ្នក​ដែល​ត្រូវការ។

លោកស្រី Morgan Ortagus អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «គួរ​ឲ្យ​សោកស្តាយ​ណាស់​ដែល​អង្គការ​សុខភាព​ពិភពលោក WHO បាន​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​មិន​បាន​ធ្វើ​តាម​ការ​រំពឹងទុក​ទាំង​នោះ មិន​ត្រឹមតែ​ក្នុង​ការ​ឆ្លើយតប​របស់​ខ្លួន​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចំពោះ​វិបត្តិ​សុខភាព​ផ្សេង​ទៀត​ផង​ដែរ ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះ។ លើស​ពី​នេះ​ទៅ​ទៀត អង្គការ WHO បាន​បដិសេធ​មិន​ព្រម​អនុវត្ត​ការ​កែ​ទម្រង់​ចំបាច់​ភ្លាមៗ ដែល​ចាប់ផ្តើម​ពី​ការ​បង្ហាញ​នូវ​ភាព​ឯករាជ្យ​របស់​ខ្លួន​ពី​គណបក្ស​កុម្មុយនីស្ត​ចិន‍»។

ដោយ​សារ​រឿង​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​ នឹង​ដកខ្លួន​ចេញ​ជា​ផ្លូវការ​ពី​អង្គការ WHO នៅ​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០២១ ខាង​មុខ។

ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ផ្តល់​ជំនួយ​ផ្នែក​សុខាភិបាល​សម្រាប់​បរទេស​នៅតែ​រឹងមាំ​ដដែល។ នៅ​មុន​ការ​ដក​ខ្លួន​ចេញ​ពី​អង្គការ WHO រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ពិនិត្យ​មើល​វិធី​ផ្សេងៗ​ ដើម្បី​ប្រើប្រាស់​ជំនាញ​របស់​ក្រសួង​និង​ទីភ្នាក់ងារ​សំខាន់ៗ​របស់​ខ្លួន និង​វិស័យ​ឯកជន ដើម្បី​ផ្តល់​ការ​គាំទ្រ​សំខាន់​ចាំបាច់​ឲ្យ​បាន​ទៅ​ដល់​ប្រទេស​ឯ​ទៀត​ ដោយ​មិន​បង្អង់​យូរ ក្នុង​គោល​បំណង​បង្ការ ស្វែងរក និង​ឆ្លើយតប​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ឆ្លង​នានា នៅ​កន្លែង​ប្រភព​ដើម និង​នៅ​កន្លែង​ដែល​ត្រូវការ​ជំនួយ​មនុស្សធម៌។

តាំង​ពី​ឆ្នាំ ២០០១ មក រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​វិភាគទាន​ជាង ១៤២ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​បង្ការ ស្វែងរក និង​ព្យាបាល​ជំងឺ​អេដស៍ ជំងឺ​គ្រុនចាញ់ ជំងឺ​របេង ជំងឺ​អេបូឡា និង​ជំងឺ​ដ៏​មាន​គ្រោះថ្នាក់​ផ្សេងៗ​ទៀត។

លោក​វេជ្ជបណ្ឌិត Alma Golden ឧបការី​រដ្ឋបាល​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID ទទួល​បន្ទុក​ផ្នែក​សុខភាព​ពិភពលោក បាន​ថ្លែង​ថា៖ «យើង​ផ្តល់​ជំនួយ​ប្រមាណ ១០ ពាន់​លាន​ដុល្លារ​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ សម្រាប់​ផ្នែក​សុខាភិបាល​នៅ​លើ​ពិភពលោក ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ យើង​នឹង​បង្កើន​ទ្វេ​ដង នៅ​ពេល​ដែល​យើង​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក‍»។

សហរដ្ឋ​អាមេរិក​តាំងចិត្ត​ដើម្បី​ធានា​ថា ការ​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក នឹង​មិន​ប៉ះពាល់​ដល់​កម្រិត​ជំនួយ​ផ្នែក​សុខាភិបាល​របស់​ខ្លួន​ទាំងមូល​ សម្រាប់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត Golden បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​នាំ​មុខ​គេ​ក្នុង​ពិភពលោក​ក្នុង​ការ​ផ្តល់​ជំនួយ​ផ្នែក​សុខាភិបាល​និង​មនុស្សធម៌ តាម​រយៈ​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ទាំងស្រុង ហើយ​យើង​ប្តេជ្ញា​ធានា​ថា ភាព​សប្បុរស​របស់​យើង​ នឹង​បាន​ទៅ​ដល់​ដៃ​របស់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ដោយ​ផ្ទាល់»៕