បទវិចារណកថា៖ គោលដៅ​សហរដ្ឋ​អាមេរិក​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៩

(រូបឯកសារ) សារ hashtag “#UNGA” ត្រូវ​បាន​គេ​តាំង​បង្ហាញ​នៅ​​ខាង​ក្រៅ​សាល​​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ ក្នុង​ទីក្រុងញូវយ៉ក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ ឆ្នាំ​២០២៣។

សហរដ្ឋ​អាមេរិក​បាន​តាំងចិត្ត​ធ្វើការ​ជាមួយ​ដៃគូ​នានា​និង​អង្គការ​សហប្រជាជាតិ​ដើម្បី​លើក​ស្ទួយ​ស្ថិរភាព​នៅ​ក្នុង​ការស្វែងរក​ពិភពលោក​សេរី បើក​ចំហ ប្រកប​ដោយ​សន្តិសុខ​ និង​វិបុលភាព​មួយ។

តទៅនេះ​ ជា​បទវិចារណកថាដែល​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ជិត​៨​ទសវត្សរ៍​ហើយ អង្គការ​សហប្រជាជាតិ​បាន​ដើរតួ​ជា​វេទិកា​សាកល​ដើម្បី​លើក​ស្ទួយ​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​និង​សិទ្ធិ​មនុស្ស។

នៅ​ខែ​នេះ អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ ក្នុង​អំឡុង​នៃ​សម័យ​ប្រជុំ​នៅ​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​នឹង​ផ្តោត​លើ​អាទិភាព​នៃ​គោលនយោបាយធំ​ទូលាយ​ចំនួន​៣។
ទី១​គឺ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​ជម្លោះ​និង​វិបត្តិ​នៅ​កន្លែង​នានា​ដូចជា​អ៊ុយក្រែន ហ្កាហ្សា ស៊ូដង់ ហៃទី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ និង​ភូមា ​ជា​ទីកន្លែង​ដែល​មនុស្ស​រាប់​រយ​លាន​នាក់​ប្រឈម​គ្រោះថ្នាក់​និង​អនាគត​មិន​ប្រាកដ​ប្រជា។ សហរដ្ឋ​អាមេរិក​បាន​តាំងចិត្ត​ធ្វើការ​ជាមួយ​ដៃគូ​នានា​និង​អង្គការ​សហប្រជាជាតិ​ដើម្បី​លើក​ស្ទួយ​ស្ថិរភាព​នៅ​ក្នុង​ការស្វែងរក​ពិភពលោក​សេរី បើក​ចំហ ប្រកប​ដោយ​សន្តិសុខ​ និង​វិបុលភាព​មួយ។

គោលដៅ​មួយ​ទៀត​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ គឺ​ត្រូវ​ធ្វើ​ឱ្យ​មាន​ភាព​ក្លៀវក្លា​ឡើង​វិញ​នូវ​ប្រព័ន្ធ​ជួយ​ឧបត្ថម្ភ​មនុស្សធម៌។ សហរដ្ឋ​អាមេរិក​នៅតែ​ជា​ម្ចាស់​ជំនួយ​មនុស្ស​ធម៌​មួយ​ដ៏​ធំ​បង្អស់​តាម​រយៈ​អង្គការ​សហប្រជាជាតិ។ នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ សហរដ្ឋ​អាមេរិក​បាន​តាំងចិត្ត​ធ្វើ​ការ​ឆ្ពោះ​ទៅកាន់​ប្រព័ន្ធ​សាកល​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ឧបករណ៍​និង​ធនធាន​កាន់តែ​ច្រើន​ឡើង​និង​ផ្តល់​អាទិភាព​នៃ​កិច្ច​សហប្រតិបត្តិការ​និង​ការចែក​រំលែក​នូវ​បន្ទុក។

សហរដ្ឋ​អាមេរិក​ជឿជាក់​យ៉ាង​មុតមាំ​ថា​ អង្គការ​សហប្រជាជាតិ រួម​ទាំង​ក្រុមប្រឹក្សា​សន្តិសុខ​ ត្រូវតែ​រួម​បញ្ចូល​ភាគី​ទាំង​អស់​ដើម្បី​អាច​ឱ្យ​ទុកចិត្ត​បាន ត្រឹមត្រូវ​តាម​ច្បាប់​និង​មាន​ប្រសិទ្ធភាព។ នេះហើយ​បាន​ជាលោក​ប្រធានាធិបតី Joe Biden បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ការពង្រីក​ក្រុម​ប្រឹក្សា​សន្តិសុខ​ក្នុង​អំឡុង​នៃ​ការ​ជជែក​ដេញដោល​របស់​មហា​សន្និបាត​កាល​ពី​ឆ្នាំ​ទៅ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​បាន​អំពាវនាវ​ឱ្យ​មាន​«សំឡេង​និង​ទស្សនៈ​កាន់តែ​ច្រើន​ឡើង​នៅ​ឯ​តុ​ចរចា‍»។

សហរដ្ឋ​អាមេរិក​នៅតែ​តាំងចិត្ត​ពន្លឿន​ការ​រីកចម្រើន​លើ​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​និង​ធ្វើ​ឱ្យ​លូតលាស់​ឡើង​វិញ​នៃ​ប្រព័ន្ធ​ពហុភាគី​ ដើម្បី​តម្រង់​ទិស​វា​ឱ្យ​ស្ថិត​ក្នុង​ជំហរ​ប្រសើរ​មួយ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នានា​ដែល​ប៉ះពាល់​ភាគច្រើន​ដល់​ជីវិត​និង​ជីវភាព​របស់​ប្រជាជន​នានា។ សហរដ្ឋ​អាមេរិក​ទន្ទឹង​រង់ចាំ​ចំពោះ​សន្និសីទ​កំពូល​នៃ​ថ្ងៃ​អនាគត ​(Summit of the Future)ក្នុង​អំឡុង​ពេល​ដែល​សមាជិកភាព​របស់​អង្គការ​សហប្រជាជាតិ​នឹង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​តាំងចិត្ត​របស់​ខ្លួន​ដើម្បី​បង្កើន​ការ​ជឿនលឿន​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ការ​ទទួល​ស្គាល់​តម្រូវការ​សម្រាប់​កំណែទម្រង់ សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​អង្គការ​សហប្រជាជាតិ​និង​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ឱ្យ​បន្ត​របៀបវារៈ​ទំនើបកម្ម​ ដើម្បី​សម្រួល​ដល់​បញ្ហា​ប្រឈម​ដែល​កំពុង​វិវត្ត។ ការណ៍​នេះ​រួមមាន​ទាំង​ធ្វើ​ទំនើបកម្ម​ក្រុម​ប្រឹក្សា​សន្តិសុខ​ ដែល​ត្រូវតែជា​ចំណុច​ស្នូលនៃការ​ដោះស្រាយ​ការ​គំរាមកំហែង​ដល់​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ។ ការណ៍​នេះ​ក៏​រួមបញ្ចូល​ទាំង​ការ​វិវត្តិ​នៃ​ប្រព័ន្ធ​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ដោះស្រាយ​ភាព​ក្រីក្រ​និង​លើកស្ទួយ​វិបុលភាព។

សហរដ្ឋ​អាមេរិក នឹង​បន្ត​គាំទ្រ​អង្គការ​សហប្រជាជាតិ​ជា​វេទិកា​សាកល​ដើម្បី​ផ្សព្វផ្សាយ​សន្តិភាព​និង​សន្តិសុខ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​និង​សិទ្ធិ​មនុស្ស៕