តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅខួបលើកទី៤១នៃការចូលកាន់កាប់ស្ថានទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីតេហេរ៉ង់ (Tehran) នៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី៤ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថា របបអ៊ីរ៉ង់ បន្តចាប់មនុស្សធ្វើជាចំណាប់ខ្មាំង ដើម្បីបន្តធ្វើរបៀបវារៈអាក្រក់របស់ខ្លួន។ លោករដ្ឋមន្ត្រីការបរទេស បានអំពាវនាវដល់អ៊ីរ៉ង់ឲ្យដោះលែងលោក Morad Tahbaz និងលោក Siamak ហើយនិងលោក Baquer Namazi ពលរដ្ឋអាមេរិកដែលបានចាប់ឃុំខ្លួនដោយអយុត្តិធម៌ និងពន្យល់ពីជោគវាសនារបស់លោក Robert Levison ភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ដែលត្រូវបានចាប់ពង្រត់កាលពី១៣ឆ្នាំមុន។
ក៏ប៉ុន្តែ ដូចដែលលោករដ្ឋមន្ត្រីការបរទេស Pompeo បានប្រកាសថា៖ «ជនស្លូតត្រង់ទាំងនោះ មិនត្រឹមតែជាជនរងគ្រោះតែមួយក្រុមនៃភាពព្រៃផ្សៃរបស់របបអ៊ីរ៉ង់ទេ ក៏ប៉ុន្តែ ជនរងគ្រោះដ៏ឈឺចាប់យូរបំផុតនៃរបបនោះ គឺជាប្រជាពលរដ្ឋអ៊ីរ៉ង់ ហើយពួកគេសក្តិសមទទួលបានភាពល្អប្រសើរជាងនេះ»។
របាយការណ៍កាលពីពេលថ្មីៗនេះ ដោយលោក Javaid Rehman អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់ បានគាំទ្រការវាយតម្លៃរបស់លោករដ្ឋមន្ត្រីការបរទេស Pompeo។
ក្នុងការអត្ថាធិប្បាយទៅកាន់គណៈកម្មាធិការទី៣របស់សន្និបាតអង្គការសហប្រជាជាតិ ស្តីពីរបាយការណ៍របស់លោក លោក Rehman បាននិយាយថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់«មានចរឹតលក្ខណៈជាការរំលោភសិទ្ធិមនុស្ស និងនិទណ្ឌភាពជាប្រព័ន្ធ»។
ដោយយោងដល់ការឆ្លើយតបដ៏ព្រៃផ្សៃរបស់របបនោះចំពោះការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំទៅដែលមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ លោក Rehman បាននិយាយទៀតថា អ៊ីរ៉ង់ «ត្រូវតែធ្វើការស៊ើបអង្កេតមួយ ដែលឯករាជ្យ អព្យាក្រឹត និងតម្លាភាព ចំពោះបង្ក្រាបដ៏ឃោឃៅប្រឆាំងការតវ៉ាប្រឆាំងនៅខែវិច្ឆិកា ឆ្នាំ២០១៩ និងខែមករា ឆ្នាំ២០២០ ហើយនឹងនាំពួកអ្នករំលោភសិទ្ធិមនុស្សទៅកាន់តុលាការ»។
ក៏ប៉ុន្តែ ចំណាត់ការរបស់របបនោះ បង្ហាញថា តម្លាភាពនិងយុត្តិធម៌បែបនោះមិនមែនជាការព្រួយកង្វល់របស់របបនេះ នោះទេ។
លោក Rehman និយាយថា៖ «ការប្រើទារុណកម្ម និងការកាត់ទោសដ៏ធ្ងន់ធ្ងរប្រឆាំងនឹងអ្នកដែលបានតវ៉ាប្រឆាំង ការរំខានយាយីជនរងគ្រោះដែលអំពាវនាវឲ្យមានយុត្តិធម៌ និងការខ្វះការទទួលខុសត្រូវពីអ្នកដែលត្រូវទទួលខុសត្រូវទាំងនោះ»។
អ្នករាយការណ៍ពិសេសលោក Rehman ក៏បានយោងដល់ការកាត់ទោសប្រហារជីវិតពួកបាតុករ បន្ទាប់ពីការបង្ខំឲ្យសារភាព និងស្ថានភាព«ដ៏គួរឲ្យបារម្ភខ្លាំង»ក្នុងពន្ធនាគារសម្រាប់អ្នកទោសនយោបាយ រួមមានមេធាវី អ្នកកាសែត អ្នកអភិរក្សបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស។
លោកនិយាយថា៖ «លំនាំដ៏ច្បាស់ក្រឡែតមួយ កំពុងលេចចេញឡើងនៅក្នុងការប៉ុនប៉ងដើម្បីបំបិទសំឡេងប្រឆាំងរបស់សាធារណជន អំពីស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់»។
ដូចដែលលោករដ្ឋមន្ត្រីការបរទេស Pompeo បាននិយាយទៅកាន់មេដឹកនាំអ៊ីរ៉ង់ថា៖ «វិបុលភាពពិតប្រាកដមួយ នឹងកើតមានដល់ប្រទេសអ៊ីរ៉ង់ តែនៅពេលដែលអ្នកបញ្ឈប់ការបំភិតបំភ័យពលរដ្ឋ និងការដាក់គុកពួកគេ។ សូមប្រព្រឹត្តចំពោះពលរដ្ឋដោយសេចក្តីថ្លៃថ្នូរ ដែលមនុស្សជាតិគ្រប់រូបត្រូវតែទទួលបាន»៕