តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ប្តេជ្ញាដឹកនាំការឆ្លើយតបជាសាកលដល់ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ រហូតមកដល់ពេលនេះ យើងបានចែកចាយវ៉ាក់សាំងជាង១១០លានដូសជាសាកល និងកំពុងចាត់ចែងផ្តល់ជាង៥០០លានដូសទៀតដល់ប្រទេសជាង ១០០។ សហរដ្ឋអាមេរិក មិនបានសុំឱ្យប្រទេសទាំងនេះ បង់ប្រាក់ទេ ហើយក៏គ្មានចំណងភ្ជាប់ជាមួយការផ្តល់វ៉ាក់សាំងទាំងនេះដែរ។
នៅក្នុងដំណើរទស្សនកិច្ចមួយកាលពីពេលថ្មីៗនេះទៅកាន់ប្រទេសថៃ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រកាសថា សហរដ្ឋអាមេរិកផ្តល់ជំនួយមនុស្សធម៌ជាង ៥០លានដុល្លារឱ្យប្រជារាស្ត្រភូមា ដោយមានរួមបញ្ចូលក្រុមជនត្រូវបង្ខំឱ្យរត់គេចខ្លួនពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញផងដែរ។ បន្ថែមលើនេះ លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានប្រកាសអំពីជំនួយ ៥លានដុល្លារសម្រាប់ជួយប្រទេសថៃ ប្រយុទ្ធនឹងជំងឺកូវីដ១៩ផងដែរ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងថា៖ «ការផ្តល់ប្រាក់ជំនួយនេះ មានឡើងនៅពេលសំខាន់មួយនៃកំណើនសេចក្តីត្រូវការខាងមនុស្សធម៌ ហើយនឹងជួយសម្រាលផលប៉ះពាល់របស់ជំងឺកូវីដ១៩លើជីវិតប្រជារាស្ត្រនៃប្រទេសថៃ និងប្រទេសភូមា»។
ប្រាក់ ៥លានដុល្លារក្នុងបណ្តាទឹកប្រាក់ថ្មីនេះ នឹងផ្តល់ការគាំទ្រដល់ពួកអ្នករាជការខាងសុខាភិបាលថៃដែលចាក់វ៉ាក់សាំងឱ្យប្រជារាស្ត្រ។ ប្រាក់នេះ ក៏ជួយពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលថៃដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ថា ប្រាក់សល់ពីកញ្ចប់ជំនួយនេះ ៥០លានដុល្លារ នឹងផ្តល់ជំនួយមនុស្សធម៌ចាំបាច់ដល់ប្រជារាស្ត្រភូមា។ ប្រាក់នេះ ក៏ជួយក្រុមជនខ្ចាត់ព្រាត់ពីផ្ទះសំបែងដែលត្រូវបានបង្ខំឱ្យរត់គេចខ្លួនពីអំពើឃោរឃៅ និងការធ្វើទុក្ខបុកម្នេញ។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បាននិយាយថា «ប្រាក់ ៥០លានដុល្លារនៃជំនួយមនុស្សធម៌ នឹងហូរដោយផ្ទាល់តាមរយៈដៃគូជាអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលដើម្បីផ្តល់ជំនួយម្ហូបអាហារគ្រាអាសន្ន ការការពារជីវិត ទីជម្រក ការថែទាំសុខភាពចាំបាច់ ទឹកនិងសេវាអនាម័យដល់ក្រុមជនងាយរងគ្រោះមកពីប្រទេសភូមា ដោយមានរួមបញ្ចូលជនភៀសខ្លួន និងពួកជនខ្ចាត់ព្រាត់ពីផ្ទះសំបែងជាង ៧សែននាក់ផងដែរ។ ទឹកប្រាក់ទាំងនេះ នឹងជួយធ្វើឱ្យប្រាកដប្រជាថា ប្រទេសថៃ អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិ អាចឆ្លើយតបនឹងវិបត្តិកូវីដ និងបំពេញសេចក្តីត្រូវការរបស់ប្រជារាស្តងាយរងគ្រោះ ជាពិសេសនៅក្នុងតំបន់ព្រំដែនថៃ»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ទៀតថា «នេះជាពេលវេលាពិបាកខ្លាំងណាស់នៅទីនេះ និងនៅទូទាំងពិភពលោក។ ហើយខ្ញុំចង់ឱ្យប្រជារាស្ត្រថៃដឹងថា សហរដ្ឋអាមេរិក នឹងបន្តឈរជាមួយអស់លោកអ្នកតទៅទៀត»។
សហរដ្ឋអាមេរិក សុំដល់ប្រទេស និងអង្គការផ្តល់ជំនួយឯទៀតៗឱ្យគាំទ្រដោយចិត្តសប្បុរសដល់សេចក្តីត្រូវការខាងមនុស្សធម៌គ្រាមានអាសន្ននៃប្រជារាស្ត្រភូមា។ យើងសុំបន្ថែមទៀតដល់សហគមន៍អន្តរជាតិឱ្យចូលរូមជាមួយយើងក្នុងការចាត់វិធានការថែមទៀតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងបញ្ចប់ការរាតត្បាតជាសាកលនៃជំងឺនេះនៅក្នុងប្រទេសថៃ និងនៅទូទាំងពិភពលោក៕