តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ខែមីនានេះ កំណត់ពេល១៤ឆ្នាំ ចាប់តាំងពីមានការបាត់ខ្លួនលោក Robert Levinson ដែលជាប្តី ឪពុក ជីតាជាទីស្រឡាញ់ និងជាអតីតភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ផងដែរ។ កាលពីខែធ្នូ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ពីរនាក់នៃក្រសួងស៊ើបការសម្ងាត់និងសន្តិសុខនៃប្រទេសអ៊ីរ៉ង់ ដែលត្រូវបានជឿថា មានទាក់ទិននឹងការចាប់ពង្រត់ ហើយទំនងមានពាក់ព័ន្ធនឹងការស្លាប់របស់លោក Robert Levinson ថែមទៀតផង។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Anthony Blinken បានមានប្រសាសន៍នៅក្នុងសេចក្តងីថ្លែងការណ៍មួយថា «តែយ៉ាងណាក៏ដោយ ក៏ករណីនេះមិនទាន់ត្រូវបិទនៅឡើយទេ»។
លោករដ្ឋមន្ត្រីការបរទេស Blinken បានកត់សម្គាល់ថា កាលពីពេលថ្មីនេះ លោកបាននិយាយជាមួយគ្រួសារលោក Levinson។ ចាប់តាំងពីការចាប់ពង្រត់លោកកាលពីឆ្នាំ ២០០៧មក លោក Levinson មិនបានចូលរូមក្នុងពីធីប្រគល់សញ្ញាប័ត្របរិញ្ញាប័ត្រពិធីមង្គលការ និងកំណើតចៅលោកទាំងអស់ លើកលែងតែម្នាក់។ គ្រួសារលោក Levinson នៅតែបន្តទាមទារឱ្យមានចម្លើយអំពីអ្វីដែលបានកើតមាននៅក្រោយលោកបានទៅកោះ Kish ក្នុងប្រទេសអ៊ីរ៉ង់កាលពី១៤ឆ្នាំមុននេះ។
មានពលរដ្ឋអាមេរិកាំងឯទៀតៗត្រូវជាប់គាំងក្នុងប្រទេសអ៊ីរ៉ង់ នៅពេលសព្វថ្ងៃនេះ។ ជនម្នាក់ក្នុងចំណោមពួកជនទាំងនេះ គឺលោក Baquer Namazi។
រដ្ឋាភិបាលអ៊ីរ៉ង់ បានដោះលែងពលរដ្ឋអាមេរិកាំងដើមកំណើតអ៊ីរ៉ង់រូបនេះ ដែលជាមនុស្សមានជំងឺអាយុ៨៤ឆ្នាំពីពន្ធនាគារកាលពីឆ្នាំ២០១៨ ដោយសារលោកមានបញ្ហាសុខភាពធ្ងន់ធ្ងរ តែបានរារាំងលោកមិនឱ្យចាកចេញពីប្រទេសអ៊ីរ៉ង់ទេ ទោះជារដ្ឋាភិបាលនេះ បានសម្រាលទោសជាប់ពន្ធនាគាររបស់លោកកាលពីឆ្នាំទៅមិញក៏ដោយ។
លោក Baquer Namazi ត្រូវបានចាប់ខ្លួនកាលពី៥ឆ្នាំមុន ក្រោយពីលោកបានធ្វើដំ ណើរតាមយន្តហោះទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីទៅសូរសុខទុក្ខកូនប្រុសលោកឈ្មោះ Siamak ជាអ្នកធុរកិច្ចម្នាក់ ដែលត្រូវបានចាប់ឃុំឃាំងខុស កាលពីឆ្នាំ២០១៥ ក្នុងប្រទេសអ៊ីរ៉ង់។ ទាំងឳពុកទាំងកូនត្រូវបានចោទប្រកាន់ខុសថា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសមហាអំណាចមួយជាសត្រូវ។
កាលពីខួបកាលពីពេលថ្មីៗនេះនៃការចាប់ខ្លួនលោក Baquer Namazi លោក Roger Carstens ប្រេសិតពិសេសរបស់ប្រធានាធិបតីខាងកិច្ចការចំណាប់ខ្មាំងបានទ្វីតថា «ថ្ងៃនេះជាថ្ងៃស្រងូតស្រងាត់មួយទៀតសម្រាប់ @FreetheNamazis នៅពេលដែលគ្រួសារអាមេរិកាំងនេះ នៅតែឋិតនៅឆ្ងាយពីគ្នា។ ប្រាំឆ្នាំមកហើយ ដែលអ៊ីរ៉ង់នៅតែឃុំឃាំងពលរដ្ឋអាមេរិក លោក Baquer Namazi នៅពេលដែលកូនប្រុសលោកឈ្មោះ Siamak ដែលជាពលរដ្ឋអាមេរិកត្រូវជាប់ឃុំឃាំងខុសនៅក្នុងគុក Evin។ អ៊ីរ៉ង់ ត្រូវអនុញ្ញាតឱ្យពួកគេបានជួបជុំគ្នាជាថ្មីជាមួយគ្នាក្នុងសេរីភាព»។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា «យើងអំពាវនាវដល់រដ្ឋាភិបាលអ៊ីរ៉ង់ឱ្យផ្តល់ចម្លើយអាចជឿទុកបានអំពីអ្វីដែលបានកើតមានដល់លោក Bob Levinson ហើយដោះលែងជាបន្ទាន់ និងដោយមានសុវត្ថិភាពនូវពលរដ្ឋសហរដ្ឋអាមេរិកទាំងអស់ដែលត្រូវបានចាប់ឃុំឃាំងដោយអយុត្តិធម៌នៅក្នុងប្រទេសអ៊ីរ៉ង់។ សកម្មភាពគួរឲ្យស្អប់ខ្ពើមខ្លាំងនៃការចាប់ឃុំឃាំងដោយអយុត្តិធ៌មដើម្បីឱ្យបានចំណេញខាងនយោបាយ ត្រូវតែបញ្ឈប់ជាបន្ទាន់»៕