បទ​វិចារណកថា៖ ទស្សនៈ​របស់​បណ្តា​ប្រទេស G7 ចំពោះ​សង្គ្រាម​ក្នុង​តំបន់ Tigray នៃ​​ប្រទេស​អេត្យូពី

ទាហាន​អេត្យូពី​​​​ជិះ​​រថយន្ត​​នៅ​ជិត​ក្រុង Adigrat នៅ​តំបន់ Tigray នៃ​ប្រទេស​អេត្យូពី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោករដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក និងរដ្ឋមន្ត្រីការបរទេស​នៃក្រុមប្រទេស G7 គឺ​ប្រទេស​កាណាដា​បារាំង​ អាល្លឺម៉ង់ អ៊ីតាលី​ជប៉ុន​និងចក្រភព​អង់គ្លេស​ និង​អ្នក​តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុបមាន​កង្វល់​ខ្លាំងចំពោះ​របាយការណ៍កាលពី​ពេល​ថ្មីៗ​នេះ​អំពីការ​រំលោភ​សិទ្ធិមនុស្ស​និង​ច្បាប់​មនុស្សធ៌មអន្តរជាតិ​ក្នុង​ខេត្ត Tigray នៃប្រទេស​អេត្យូពី។

ការប្រយុទ្ធគ្នា​បានចាប់​ផ្តើមកាលពី​ខែ​វិច្ឆិកា​នៅ​ពេល​នាយករដ្ឋមន្ត្រី Abiy Ahmedនៃប្រទេសអេត្យូពី​បញ្ជូន​ពួក​ទាហាន​សហព័ន្ធ​ទៅ​ក្នុង​តំបន់ Tigray ក្នុងគោល​បំណង​«ធ្វើឱ្យ​មាននីតិ​រដ្ឋ​ឡើង​វិញ»ដោយបានបណ្តេញ​រណសិរ្ស​រំដោះ​ប្រជារាស្ត្រ​Tigray ដែលត្រួតត្រាតំបន់​នោះនៅ​ក្រោយមានការ​វាយប្រហារលើមូលដ្ឋាន​មួយ​នៃ​កង​ទ័ព​សហព័ន្ធ។ ចាប់​តាំងពីមានការប្រយុទ្ធគ្នា​មក​មនុស្ស​ជា​ច្រើន​បាន​រត់គេច​ខ្លួន​ចេញពី​តំបន់ Tigray ហើយស្វះស្វែង​សុំ​ទី​ជ្រក​កោនក្នុងប្រទេស​ស៊ូដង់​ដែល​នៅ​ជិតខាង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រុម​ប្រទេស G7​ «ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ការ​សម្លាប់ក្រុម​ជន​ស៊ិវិល អំពើហិង្សា​ផ្អែក​លើ​ភេទ​និងយ៉េនឌ័រ ការ​បាញ់​ផ្លោងនិង​ការ​បង្ខំក្រុម​អ្នក​ស្រុក Tigray និងពួក​ជន​ភៀសខ្លួន​អេរីត្រេ​ឱ្យ​ចាកចេញពី​ផ្ទះសំបែង​របស់​ពួក​គេ។ ភាគី​ទាំង​អស់ត្រូវ​មានការទប់ចិត្ត​ខ្លាំង​បំផុត​ធ្វើឱ្យ​ប្រាកដប្រជាថា​មាន​ការការពារ​ក្រុម​ជនស៊ីវិល​និង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ច្បាប់អន្តរជាតិ»។

សហរដ្ឋ​អាមេរិក​និង​ដៃ​គូរបស់ខ្លួន​សង្ឃឹម​ទុក​ជា​មុន​ថា​រដ្ឋាភិបាល​អេត្យូពី​នឹង​អនុវត្តតាម​ការប្តេជ្ញារបស់​ខ្លួនដើម្បី​ឱ្យ​ពូក​ជន​ប្រព្រឹត្តការ​រំលោភ​ទាំង​នេះ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាពរបស់​ពួក​គេ។

គណៈកម្មការសិទ្ធិ​មនុស្ស​អេត្យូពីនិង​ការិយាល័យ​អគ្គស្នងការសិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ​បានយល់​ស្រប​គ្នា​នឹង​ធ្វើ​ការ​ស៊ើបអង្កេតរួម​គ្នា​មួយ​អំពី​ការរំលោភ​សិទ្ធិ​មនុស្សដោយ​ភាគីទាំង​អស់នៅ​ក្នុង​សង្គ្រាម​ក្នុង​តំបន់ Tigray។ ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មានតម្លាភាពនិងគ្មានលម្អៀង​អំពី​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​រាយការណ៍​ហើយឱ្យ​ពួក​ជន​រំលោភលើ​សិទ្ធិ​មនុស្សទាំង​នេះទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួក​គេ។

សហរដ្ឋ​អាមេរិក​និង​ដៃ​គូ​G7 របស់​ខ្លួន​«សុំ​ដល់​ភាគី​ទាំង​អស់ក្នុង​ជម្លោះ​នេះ​បើក​ឱ្យ​មានការចូល​ទៅ​ក្នុង​តំបន់​នោះដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់និង​គ្មានបង្អាក់»។ មានកង្វល់​យ៉ាងខ្លាំងអំពី​ស្ថានការ​អសន្តិសុខ​ម្ហូបអាហារ​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ជាងមុន​ដោយ​មានភាព​អាសន្នក្នុង​កន្លែង​ជាច្រើន​នៅ​ផ្នែក​កណ្តាល​និងខាងកើត​នៃតំបន់ Tigray។

កាល​ពី​ពេល​ថ្មីៗ​នេះ​នាយករដ្ឋមន្ត្រី​ Abiy Ahmedនៃ​ប្រទេស​អេត្យូពី បាន​ប្រកាស​ថា​កងកម្លាំង​អេរីត្រេនឹង​ដក​ថយចេញ​ពីតំបន់ Tigray។ សហរដ្ឋ​អាមេរិក​និង​ដៃគូ​ខ្លួន​អំពាវនាវ​សុំ​ឱ្យ​ការ​ដកទ័ព​នេះ​ធ្វើ«ជា​បន្ទាន់ គ្មានលក្ខខណ្ឌ​និង​ដោយ​អាច​ផ្ទៀង​ផ្ទាត់​បាន»។

សេចក្តី​ថ្លែង​ការ​ណ៍​រូម​នេះ​ថែម​ទាំង​បាន​អំពាវនាវ​ឱ្យមាន​«ការ​បញ្ឈប់​អំពើហិង្សានិងការ​បង្កើតដំណើរការច្បាស់លាស់​ដែល​មានការ​ចូលរួមពីក្រុម​នយោបាយ​ទាំង​អស់ដែល​ជនជាតិអេត្យូពី​ទាំងអស់​អាច​ទទួល​យកបាន​ដោយ​មានរួម​បញ្ចូល​ទាំងក្រុម​ជន​ក្នុង​តំបន់ Tigray ផង​ដែរ​ហើយ​ដែល​នាំទៅ​កាន់​ការ​បោះឆ្នោត​ឱ្យជឿទុកចិត្តបាននិងដំណើរ​ការផ្សះផ្សា​ជាតិយ៉ាងទូលំទូលាយ»។

សេចក្តី​ថ្លែង​ការណ៍នេះ​ចែង​ថា៖ «យើងជា​សមាជិក​នៃ​ក្រុម​G7ប្រុងប្រៀបគាំទ្រ​ការ​ប្រឹងប្រែង​ខាង​មនុស្សធម៌និង​ការ​ស៊ើបអង្កេតអំពីការ​រំលោភ​លើ​សិទ្ធិ​មនុស្ស»។