តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នសហរដ្ឋអាមេរិក
កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៤៩២ សំពៅ ៣ គ្រឿង របស់ប្រទេសអេស្ប៉ាញ នៅក្រោមការដឹកនាំរបស់លោក Christopher Columbus បានធ្វើដំណើរទៅដល់កោះមួយ ដែលប្រហែលជាស្ថិតនៅក្នុងប្រទេសដីកោះបាហាម៉ានៅពេលសព្វថ្ងៃនេះ។
ខួបនៃព្រឹត្តិការណ៍នេះ ដែលត្រូវបានរំឭកជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិកថាជាទិវា Columbus បានផ្ដើមគំនិតឲ្យមានការផ្ដោះប្ដូរជាសាកលដ៏ទូលំទូលាយមួយនូវម្ហូបអាហារ សត្វ រុក្ខជាតិ មនុស្ស និងជំងឺនានា ដែលធ្វើឲ្យមានការកែប្រែពិភពលោក។ ករណីនេះត្រូវគេស្គាល់សព្វថ្ងៃនេះថាជាការផ្ដោះប្ដូរពីសម័យលោក Columbus (Columbus Exchange)។
ដោយសារតែមូលហេតុនេះហើយបានជាឆ្នាំ ១៤៩២ ត្រូវបានប្រវត្តិវិទូជាច្រើនចាត់ទុកថាជាឆ្នាំដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោកសម័យទំនើប។
ប្រជាជននៅលើពិភពលោកបានកើនជាង ៤ ដង តាំងពីឆ្នាំ ១៤៩២ មក ដោយមានកំណើតទ្វេដងនៅរវាងឆ្នាំ ១៦៥០ និងឆ្នាំ ១៨៥០។
ទោះបីជាមានកត្តាមួយចំនួនដែលបណ្ដាលឲ្យមានការកើនឡើងខ្លាំងដូចនេះក៏ដោយ ក៏កត្តាសំខាន់បំផុតដែលមិនអាចប្រកែកបានគឺកំណើននៃការផ្គត់ផ្គង់ម្ហូបអាហារដែលមានលក្ខណៈប្រសើរជាងមុន។
ការបន្ថែមទៅនឹងការផ្គត់ផ្គង់ដំណាំដែលជាអាហាររបស់ជនជាតិដើមអាមេរិកដូចជាពោត ដំឡូងបារាំង ប៉េងប៉ោះ សណ្ដែកដី ក្ដួច ម្នាស់ ម្រេច និងគ្រាប់កាកាវជាដើម គឺជាកត្តាដ៏សំខាន់បំផុត។
ដំបូងបារាំងបានក្លាយជាប្រភពអាហារដ៏សំខាន់បំផុតសម្រាប់អ្នកក្រីក្រនៅតំបន់ភាគកណ្ដាលនិងភាគខាងជើងនៃទ្វីបអឺរ៉ុប។ ពោតនិងក្ដួចត្រូវបាននាំទៅកាន់ទ្វីបអាហ្វ្រិកជាលើកដំបូងនៅសតវត្សរ៍ទី ១៦ និងត្រូវបានប្រើជាដំណាំអាហារដ៏សំខាន់បំផុតជំនួសឲ្យដំណាំបុរាណរបស់ទ្វីបនេះ។
ការនាំយកដំណាំអាហារនៃពិភពថ្មី (New World) ទៅកាន់ប្រទេសចិនជាលើកដំបូង ជាពិសេសដំឡូងបារាំង ពោត និងសណ្ដែកដី បានធ្វើឲ្យមានកំណើនប្រជាជននៅរវាងឆ្នាំ ១៥០០ និងឆ្នាំ ១៦៥០។
ការផ្ដោះប្ដូរពីសម័យលោក Columbus មានលក្ខណៈជាសាកល ដោយបានណែនាំអាហារថ្មីៗទៅកាន់គ្រប់ជ្រុងទាំងអស់នៃពិភពលោក។
នៅមុនឆ្នាំ ១៤៩២ ដំណាំក្រូចមិនមាននៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដំណាំចេកមិនមាននៅក្នុងប្រទេសអេក្វាទ័រ ហើយគ្រឿងទេសម្ទេសប្លោកក្រហមមិនមាននៅក្នុងប្រទេសហុងគ្រីនោះទេ។
ការផ្ដោះប្ដូរពីសម័យលោក Columbus នេះ បានបណ្ដាលឲ្យមានការនាំយកដំណាំប៉េងប៉ោះទៅកាន់ប្រទេសអ៊ីតាលី ដំណាំកាហ្វេទៅកាន់ប្រទេសកូឡុំប៊ីនិងប្រទេសឥណ្ឌូណេស៊ី ដំណាំម្នាស់ទៅកាន់កោះ Hawaii សហរដ្ឋអាមេរិក ដើមកៅស៊ូទៅកាន់ទ្វីបអាហ្វ្រិក ដំណាំម្ទេសទៅកាន់ប្រទេសថៃ ចិន និងឥណ្ឌា និងដើមកាកាវទៅកាន់ប្រទេសស្វីស។
ការធ្វើដំណើររបស់សំពៅតូចៗ ៣ គ្រឿងទៅដល់កោះមួយនៃប្រទេសដីកោះបាហាម៉ានេះ បានធ្វើឲ្យមានការផ្លាស់ប្ដូរដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ។ វាបានតម្រែតម្រង់អនាគតរបស់មនុស្សជាតិអស់រយៈពេលជាច្រើនសតវត្សរ៍ជាបន្តបន្ទាប់ក្រោយមក មិនត្រឹមតែដោយសារតែការរកឃើញនូវទ្វីបថ្មីនោះទេ ប៉ុន្តែគឺដោយសារតែវាបានធ្វើឲ្យមានទំនាក់ទំនងជាប្រចាំរវាងអឌ្ឍគោលនៃផែនដី បង្កើតឲ្យមានការធ្វើពាណិជ្ជកម្ម អនុញ្ញាតឲ្យមានការផ្ដោះប្ដូរគំនិត និងបង្កើតឲ្យមានទំនាក់ទំនងនិងជំនួបរវាងវប្បធម៌នានាផងដែរ។
កាលពីឆ្នាំ ១៤៩២ មនុស្សនៅលើពិភពលោកបានចាប់ផ្ដើមចូលរួមជាមួយគ្នាជាសង្គមសាកលមួយ៕