តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្ដមគតិ និងស្ថាប័នសហរដ្ឋអាមេរិក
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ១៤៩២ នាវាអេស្ប៉ាញ៣គ្រឿងនៅក្រោមការដឹកនាំរបស់លោក Christopher Columbus អ្នកដើរកប៉ាល់ជាតិអ៊ីតាលីបានចតនៅកោះមួយនៅក្នុងអ្វីដែលសព្វថ្ងៃនេះជាប្រជុំកោះ Bahamas។ ចាប់តាំងពីឆ្នាំ១៨៩២មក រៀងរាល់ថ្ងៃចន្ទសប្តាហ៍ទី២ក្នុងខែតុលាត្រូវបានគេយកធ្វើជាថ្ងៃប្រារព្ធនិងផ្តល់កិត្តិយសដល់ព្រឹត្តិការណ៍នេះ។ ទិវានេះក៏ធ្វើឡើងដើម្បីរំឭកសមិទ្ធផលរបស់ជនជាតិអាមេរិកាំងដើមកំណើតអ៊ីតាលីដែរ។
ការរកឃើញទ្វីបអាមេរិកជាព្រឹត្តិការណ៍ផ្លាស់ប្តូរពិភពលោក។ វាបានចាប់ផ្តើមការអ្វីដែលគេហៅថា កាដោះដូរ Colombian Exchange ដែលសំដៅទៅលើការដោះដូរជាសាកលនិងប្រកបដោយវិសាលភាពនូវម្ហូបអាហារ សត្វ រុក្ខជាតិ និងមនុស្សដែលបានប្រែក្លាយពិភពលោក។ សំខាន់បំផុត រុក្ខជាតិថ្មីរបស់ពិភពលោកដូចជាដំឡូងនិងពោតបានលូតលាស់យ៉ាងឆាប់រហ័សនៅតាមចម្ការនានាជុំវិញពិភពលោកហើយបានបន្ថែមការផ្គត់ផ្គង់ម្ហូបអាហារសាកលលោក។ វាមិនមែនជារឿងចៃដន្យទេ ដែលពលរដ្ឋពិភពលោកបានកើនឡើងជាង៤ដងចាប់តាំងពីឆ្នាំ១៤៩២មក កើនឡើងទ្វេដងចន្លោះឆ្នាំ១៦៥០ និង១៨៥០។
ក៏ប៉ុន្តែ មិនមែនមនុស្សទាំងអស់សប្បាយរីករាយនឹងការអបអរការធ្វើដំណើររកឃើញរបស់លោក Columbusនោះទេ ដែលព្រឹត្តិការណ៍នេះបាននាំមកនូវអ្នកឈ្លានពាននិងអ្នកធ្វើអាណានិគមអឺរ៉ុបដែលបានយកជនជាតិដើមធ្វើជាទាសករ។ អ្នកចំណូលថ្មីទាំងនោះបានបង្ខំឱ្យជនជាតិដើមប្តូរសាសនាទៅគោរពគ្រិស្តសាសនា និងបាននាំជំងឺមកឱ្យជនជាតិដើមដែលមិនមានភាពស៊ាំនឹងជំងឺថ្មីនេះ។
ដូច្នេះ ខណៈដែលសព្វថ្ងៃនេះ មនុស្សជាច្រើនបានប្រារព្ធទិវា Columbusនៅថ្ងៃចន្ទ សប្តាហ៍ទី២ក្នុងខែតុលា រដ្ឋចំនួន២៦និងទីក្រុងជាច្រើននិងអង្គការនៅជុំវិញប្រទេសធ្វើពិធីបញ្ច្រាសវិញគឺ៖ ទិវាជនជាតិភាគតិច។
ហេតុអ្វីនៅថ្ងៃនេះ លោកប្រធានាធិបតី Joe Biden បានចេញសេចក្តីប្រកាសប្រចាំឆ្នាំ២គឺ៖ សេចក្តីប្រកាសទី១សម្រាប់ទិវា Columbus និងសេចក្តីប្រកាសទី២សម្រាប់ទិវាជនជាតិភាគតិច។
លោកប្រធានាធិបតី Bidenបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍លើកដំបូងថា៖«សម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអ៊ីតាលី រឿងរ៉ាវនៃការធ្វើដំណើររបស់លោក Columbusនៅតែជាប្រភពនៃមោទនភាពមួយ។ វាឆ្លុះបញ្ចាំងរឿងរ៉ាវនៃការធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកដែលជនជាតិអាមេរិកាំងដើមកំណើតអ៊ីតាលីជាច្រើនបានធំដឹងក្តីបានឮនៅឯតុបរិភោគអាហារ រឿងរ៉ាវរបស់មនុស្សដែលទុកចោល អ្វីៗដែលពួកគេបានស្គាល់និងស្រឡាញ់ដើម្បីស្វែងរកឱកាសនៅក្នុងសហរដ្ឋអាមេរិក»។
លោកប្រធានាធិបតីបានសរសេរទៀតថាទី២៖ «រឿងរ៉ាវរបស់ជនជាតិដើមភាគតិចរបស់អាមេរិកជារឿងរ៉ាវនៃភាពរឹងប៉ឹងនិងការរស់រានមានជីវិតឡើងវិញនៃការតាំងចិត្តតស៊ូរបស់ពួកគេដល់សិទ្ធិរបស់ខ្លួនដល់ការគ្រប់គ្រងដោយខ្លួនឯង ហើយនិងការប្ដេជ្ញារបស់ខ្លួនដើម្បីថែរក្សាវប្បធម៌ អត្តសញ្ញាណនិងរបៀបរស់នៅ។ ថ្ងៃនេះ ជនជាតិភាគតិចជាសញ្ញានាំផ្លូវនៃការងើបឡើងវិញ កម្លាំងនិងការខំព្យាយាមនិងប្រភពនៃការរួមវិភាគទានដែលមិនគួរឱ្យជឿ»។
លោកប្រធានាធិបតីបានថ្លែងទៀតថា៖ «ប្រទេសអាមេរិកត្រូវបានបង្កើតឡើងផ្អែកលើគំនិតថា យើងទាំងអស់គ្នាត្រូវបានបង្កើតមកមានសិទ្ធិស្មើគ្នា ផ្តល់ឱ្យដោយព្រះជាម្ចាស់របស់យើង ដោយមានសិទ្ធិដែលមិនអាចកាត់ផ្ដាច់បាន ហើយសក្ដិសមត្រូវបានចាត់ទុកស្មើភាពគ្នាទូទាំងជីវិតរបស់យើង។ ថ្វីបើយើងមិនដែលបានធ្វើពេញលេញទៅតាមគំនិតនោះក៏ដោយ ក៏សេចក្តីប្រាថ្នារបស់យើងមិនដែលបានធ្វើឱ្យយើងងាករេដើរចេញពីគំនិតនេះដែរ»៕