បទ​វិចារណកថា៖ ទិវា​បញ្ចប់​ទាសភាព​ឆ្នាំ ២០២៣

រូបឯកសារ៖ សមាជិក​នៃ​ក្រុម​អ្នក​ហែក្បួន​របស់​សាកលវិទ្យាល័យ​រដ្ឋ Tennessee ក្នុង​ពិធី​អបអរ​ទិវា​បញ្ចប់​ទាសភាព​ឆ្នាំ​២០២៣ ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​និង​ស្ថាប័ន​សហរដ្ឋ​អាមេរិក

នៅ​រៀងរាល់​ថ្ងៃ​ទី ១៩ ខែ​មិថុនា ពលរដ្ឋ​អាមេរិកាំង​ប្រារព្ធ​ទិវា​បញ្ចប់​ទាសភាព (Juneteenth) ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​នៅ​សហរដ្ឋ​អាមេរិក។

ទិវា​បញ្ចប់​ទាសភាព​នេះ​មិន​មែន​ប្រារព្ធ​ថ្ងៃ​ដែល​សេចក្ដី​ប្រកាស​ស្ដីពី​ការ​រួច​ផុត​ពី​ទាសភាព (Emancipation Proclamation) ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ១៨៦៣ ឬ​ក៏​ប្រារព្ធ​ថ្ងៃ​អនុម័ត​លើ​វិសោធនកម្ម​លើក​ទី ១៣ នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​ថ្ងៃ​ទី ៦ ខែ​ធ្នូ ឆ្នាំ ១៨៦៥ ដែល​លុប​បំបាត់​ទាសភាព​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ផ្ទុយ​មក​វិញ ទិវា​នេះ​ប្រារព្ធ​ថ្ងៃ​ដែល​ទាសករ​ចុង​ក្រោយ​បង្អស់​ដែល​រស់នៅ​ដាច់​ដោយ​ឡែក​ឆ្ងាយ​ពី​គេ​នៅ​កោះ Galveston រដ្ឋ Texas បាន​ទទួល​ដំណឹង​ថា ​ពួកគេ​នៅ​ទី​បំផុត​មាន​សេរីភាព​នៅ​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ ១៨៦៥។

មួយ​ឆ្នាំ​ក្រោយ​មក​នៅ​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ ១៨៦៦ ទិវា​បញ្ចប់​ទាសភាព​នេះ​ត្រូវ​បាន​ប្រារព្ធ​ដំបូង​នៅ​ក្នុង​រដ្ឋ Texas ហើយ​មិន​យូរ​ប៉ុន្មាន​ការ​ប្រារព្ធ​ដ៏​សប្បាយ​រីករាយ​នេះ​បាន​រីក​សាយភាយ​នៅ​ទូទាំង​តំបន់​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។

សព្វថ្ងៃ​នេះ ទិវា​បញ្ចប់​ទាសភាព​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​យូរ​បំផុត​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក។

ក្នុង​រយៈពេល ១៥៦ ឆ្នាំ​ក្រោយ​មក​ទៀត​ទើប​សារៈសំខាន់​នៃ​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ ១៨៦៥ នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ផ្លូវការ។ នៅ​ថ្ងៃ​ទី ១៧ ខែ​មិថុនា ឆ្នាំ ២០២១ លោក​ប្រធានាធិបតី Joe Biden បាន​ប្រកាស​ថា ទិវា​បញ្ចប់​ទាសភាព​នេះ​គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​ដោយ​លោក​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ទិវា​ឯករាជ្យ​ជាតិ​បញ្ចប់​ទាសភាព (Juneteenth National Independence Day Act)។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ខ្ញុំ ការ​ធ្វើ​ឱ្យ​ទិវា​បញ្ចប់​ទាសភាព​ក្លាយ​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​គឺ​មិន​ត្រឹមតែ​ជា​កាយវិការ​បែប​និមិត្តរូប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បញ្ជាក់​អំពី​ការពិត​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ទទួល​ស្គាល់​ប្រភព​បាបកម្ម​ដំបូង​នៃ​ទាសភាព»។

លោក​ប្រធានាធិបតី Biden បាន​បន្ថែម​ថា៖ «ដើម្បី​ស្វែង​យល់​អំពី​សង្គ្រាម​ដែល​មិន​គួរ​ប្រយុទ្ធ​ទាល់តែ​សោះ​អំពី​រឿង​នេះ វា​មិន​មែន​គ្រាន់តែ​អំពី​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំខាន់​បំផុត​គឺ​វា​អំពី​ប្រទេស​ជាតិ​និង​សេរីភាព​ផង​ដែរ។ ការ​រំឭក​ដល់​សេចក្ដី​ប្រកាស​ស្ដីពី​ការ​រួច​ផុត​ពី​ទាសភាព (Emancipation Proclamation) គឺ​មិន​គ្រាន់តែ​ជា​ឯកសារ​មួយ​ប៉ុណ្ណោះ​ទេ។ វា​មាន​ន័យ​ទាក់ទិន​នឹង​សារៈសំខាន់​នៃ​សេរីភាព​ដែល​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​កាន់តែ​សកម្ម​ឡើង។ វា​បាន​បង្ហាញ​ថា គំនិត​ខ្លះ​មាន​ឥទ្ធិពល​ខ្លាំង​ដែល​មិន​អាច​បដិសេធ​បាន។ វា​ជា​ការ​រំឭក​ថា ការ​សន្យា​របស់​សហរដ្ឋ​អាមេរិក​គឺ​ថា ​មនុស្ស​ទាំង​អស់​មាន​សិទ្ធិ​ស្មើ​គ្នា​នៅ​ក្នុង​រូបភាព​នៃ​ព្រះ​ជា​ម្ចាស់ ហើយ​យើង​ទាំង​អស់​គ្នា​សក្ដិសម​នឹង​ទទួល​បាន​ភាព​ស្មើ​គ្នា​នៅ​ពេញ​មួយ​ជីវិត​របស់​យើង»។

ទិវា​បញ្ចប់​ទាសភាព​នេះ​រំឭក​ដល់​រាត្រី​លំបាក​ដ៏​យូរ​នៃ​ទាសភាព​និង​ការ​ស្ថិត​ក្រោម​អំណាច​ជិះជាន់ និង​ក្ដី​សង្ឃឹម​នៃ​ពេល​ព្រឹក​ដ៏​ត្រចះត្រចង់​ដែល​នឹង​មក​ដល់៕