តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ថ្ងៃទី១៦ ខែតុលា ជាទិវាស្បៀងអាហារពិភពលោកដែលជាថ្ងៃមួយនៃសកម្មភាពប្រឆាំងការស្រេកឃ្លាន។ ថ្ងៃនោះ រំឭកដល់ការបង្កើតកាលពីឆ្នាំ១៩៤៥នៃអង្គការស្បៀងអាហារនិងកសិកម្មអង្គការរបស់សហប្រជាជាតិហៅថា FAO។ ការប្រារព្ធទិវានោះ គឺដើម្បីបង្កើនការដឹងឮអំពីការស្រេកឃ្លានសាកលនិងកង្វះអាហារូបត្ថម្ភ និងអំពីធ្វើបែបណាដើម្បីបញ្ចប់បញ្ហាអាក្រក់ទាំងនេះ។
បើតាមអង្គការស្បៀងអាហារនិងកសិកម្មអង្គការសហប្រជាជាតិ ឬ FAOថា មនុស្សជិតម្នាក់ក្នុងចំណោមមនុស្សបីនាក់ក្នុងពិភពលោក មិនមានម្ហូបអាហារគ្រប់គ្រាន់ទេ នៅឆ្នាំ២០២០ គឺមានកំណើនជិត៣២០លាននាក់ក្នុងរយៈពេលតែមួយឆ្នាំ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden បានថ្លែងកាលពីថ្ងៃទី១៦ ខែកញ្ញានៅក្នុងសុន្ទរកថាចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក នៅទីនេះដើម្បីជួយ។ លោកប្រធានាធិបតី បានមានប្រសាសន៍ថា៖ «នៅពេលដែលមនុស្សជិតម្នាក់ក្នុងចំណោមបីនាក់ក្នុងពិភពលោកគ្មានម្ហូបអាហារគ្រប់គ្រាន់កាលពីឆ្នាំទៅ សហរដ្ឋអាមេរិក ប្តេជ្ញាប្រមែប្រមូលដៃគូរបស់យើងដើម្បីដោះស្រាយការខ្វះអាហារូបត្ថម្ភជាបន្ទាន់ និងធ្វើឱ្យប្រាកដថា យើងអាចចិញ្ចឹមប្រជារាស្ត្រពិភពលោកក្នុងពេលច្រើនទសវត្សរ៍ទៅមុខទៀត។ ដើម្បីសម្រេចគោលដៅនេះ សហរដ្ឋអាមេរិក សន្យាថានឹងផ្តល់ប្រាក់១០ពាន់លានដុល្លារដើម្បីបញ្ចប់ការអត់ឃ្លាន និងវិនិយោគក្នុងប្រព័ន្ធស្បៀងអាហារក្នុងប្រទេស និងក្រៅប្រទេស»។
ការបណ្តាក់ទុនជាច្រើនឆ្នាំនេះ នឹងជួយឧបត្ថម្ភផ្ចុងផ្តើមប្រព័ន្ធកែប្រែស្បៀងអាហារតាមរយៈការបញ្ចូលរបៀបថ្មីៗ កែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឱ្យមានស្បៀងអា ហារ និងឱកាសចូលរួមក្នុងទីផ្សារ កម្មវិធីផ្តល់អាទិភាពដល់សេចក្តីត្រូវការរបស់ស្ត្រីនិងកុមារ កែលម្អអាហាររូបត្ថម្ភ កាត់បន្ថយការបាត់បង់និងការខ្ជះខ្ជាយអាហារ និងការកម្ចាត់ការប្រែប្រួលអាកាសធាតុព្រមទាំងការសម្របសម្រួលនៅខាងក្នុងប្រទេសយើងផ្ទាល់ និងនៅទូទាំងពិភពលោកផងដែរ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា៖ «យើងប្តេជ្ញាឧបត្ថម្ភផ្ចុងផ្តើមគោលនយោបាយផ្អែកលើវិទ្យាសាស្ត្រដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព សន្តិសុខស្បៀងអាហារសាកល និងអាហារូបត្ថម្ភ»។ លោក Blinken បានមានប្រសាសន៍បន្តទៀតថា៖ «ជាការមានសារៈសំខាន់ចាំបាច់ដែលយើងធ្វើវិនិយោគក្នុងការកាត់បន្ថយការស្រេកឃ្លាន ឧបត្ថម្ភផ្ចុងផ្តើមអ្វីដែលហៅថា ការធ្វើកសិកម្ម«ដោយឈ្លាសវៃតាមអាកាសធាតុ» ហៅ«climate-smart» និងឱ្យអំណាចដល់ស្ត្រីដែលមានជាង៤០ភាគរយនៃកម្លាំងពលកម្មកសិកម្ម តែប្រឈមនឹងការរើសអើងស្តីពីកម្មសិទ្ធិដីធ្លី និងសត្វពាហនៈ ការទទួលបានឥណទាន ការមានប្រាក់បៀវត្សរ៍ដោយយុត្តិធម៌ និងការចូលរួមក្នុងការធ្វើសេចក្តីសម្រេច។ យើងមិនអាចទទួលផលប្រយោជន៍ពីសក្តានុពលពេញលេញនៃប្រព័ន្ធស្បៀងអាហារពិភពលោកទេ បើមនុស្សច្រើននាក់ដែលធ្វើការងារនេះ គ្មានសិទ្ធិមនុស្សជាមួលដ្ឋានរបស់ពួកគេ»។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក នឹង«បន្តធ្វើជាអ្នកផ្តល់វិភាគទានច្រើនបំផុតក្នុងពិភពលោកដល់ជំនួយមនុស្សធម៌ដោយនាំយកស្បៀងអាហារ ទឹក ទីជម្រក ការថែទាំសុខភាពគ្រាមានអាសន្ន និងជំនួយស្រោចស្រង់ជីវិតជាចាំបាច់ឯទៀតៗឱ្យដល់មនុស្សរាប់លានដែលត្រូវការជំនួយទាំងនេះ»៕